អន្តរជាតិ
របាយការណ៍ UN ៖ ២០២២ ជាឆ្នាំក្ដៅបំផុតលំដាប់ទី៥ ក្នុងកំណត់ត្រា
15, Jan 2023 , 9:59 am        
រូបភាព
ឆ្នាំ២០២២ ជាឆ្នាំមានសីតុណ្ហភាពក្ដៅលំដាប់ទី៥ ចាប់តាំងពីការចាប់ផ្ដើមការកត់ត្រាកម្ដៅពិភពលោកមក។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញនៅថ្ងៃទី១២ ខែមករា។ លើសពីនេះ ពិភពលោកក្នុងរយៈពេល៨ឆ្នាំចុងក្រោយ ក៏មានសីតុណ្ហភាពក្ដៅខ្លាំងបំផុតដែរ។

គិតចាប់ពីឆ្នាំ២០១៥ មក​ពិភពលោកបានបំបែកកំណត់ត្រាសីតុណ្ហភាពកម្ដៅជាបន្តបន្ទាប់ ខណៈឆ្នាំ ២០១៦ មានសីតុណ្ហភាពក្ដៅខ្លាំងបំផុត ហើយឆ្នាំ២០១៩ មានសីតុណ្ហភាពក្ដៅលំដាប់ទី២ តាមដោយឆ្នាំ២០២០ និងឆ្នាំ២០១៧។ ឆ្នាំ២០២២ ក៏ត្រូវបានអង្គការសហប្រជាជាតិបញ្ជាក់ថា ជាឆ្នាំមានសីតុណ្ហភាពក្ដៅលំដាប់ទី៥ គិតចាប់ពីមានកំណត់ត្រាកម្ដៅនៅឆ្នាំ១៨៥០។ 
 
បើតាមអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ (WMO) ឆ្នាំ២០២២ ជាពេលដែលពិភពលោកប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិមិនធ្លាប់មានពីមុនមក ហើយអាចបណ្ដាលឱ្យមានអ្នកស្លាប់ដោយសារការប្រែប្រួលអាកាសធាតុថែមទៀត។ សីតុណ្ហភាពពិភពលោកឆ្នាំ ២០២២ មានបលើសសីតុណ្ហភាពជាមធ្យមមុនសម័យបដិវដ្តឧស្សាហកម្មប្រហែល១,១៥អង្សា ខណៈឆ្នាំ២០១៦ ដែលជាឆ្នាំក្ដៅបំផុតនោះ លើសប្រហែល១,២អង្សាឯណោះ។
 
កម្ដៅពិភពលោកចេះតែកើនឡើងពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍។ អង្គការឧនិយមពិភពលោក (WMO) នៅថ្ងៃទី១២ ខែមករា លើកឡើងបែបនេះ ព្រមទាំងព្រមានថា ស្ថានភាពកំពុងដើរហួសដែនកំណត់១,៥អង្សាសេ។ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ បានអំពាវនាវឱ្យទប់ស្កាត់ការឡើងកម្ដៅផែនដីមិនឱ្យលើសពី ១,៥អង្សានៃសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម។
 
ស្របគ្នានេះ រដ្ឋបាលដែនសមុទ្រ និងបរិយាកាសអាម៉េរិក រួមនឹងអង្គការ NASA បានចេញផ្សាយរបាយការណ៍សីតុណ្ហភាពសកលឆ្នាំ២០២២ នៅថ្ងៃទី១២ ខែមករា។ ប្រធានទីភ្នាក់ងារអវកាសអាម៉េរិក លោក Bill Nelson បានព្រមានថាវាជារឿងគួរឱ្យព្រួយបារម្ភ។ លោក Nelson រៀបរាប់ថា ភ្លើងឆេះព្រៃកំពុងឆាបឆេះខ្លាំងឡើង ព្យុះកំពុងបង្កើនកម្លាំង គ្រោះរាំងស្ងួតកំពុងបំផ្លិចបំផ្លាញ ហើយកម្ពស់ទឹកសមុទ្រក៏កំពុងកើនឡើងដែរ ដែលនេះជាបញ្ហាត្រូវការការដោះស្រាយ។ 
 
នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុលើកទី២៧ (COP27) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គោតេរ៉េស បានបង្ហាញផែនការរយៈពេល៥ឆ្នាំ ដែលនឹងចំណាយលុយ៣ពាន់លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធប្រកាសអាសន្នជាសកលសម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកើតឡើងដោយការប្រែប្រួលអាកាសធាតុ។ រហូត​មក​ដល់​ពេល​នេះ មាន​តែប្រទេស​ពាក់​កណ្តាល​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ទាំង១៩៣​ប៉ុណ្ណោះ​ដែល​មាន​ប្រព័ន្ធ​បែប​នេះ៕ 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com