អន្តរជាតិ
លោកស្រី Yellen ៖ បំណុលរដ្ឋាភិបាលអាម៉េរិក នឹងឈានដល់កម្រិតកំណត់នៅសប្ដាហ៍ក្រោយ
15, Jan 2023 , 11:29 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកលោកស្រី Janet Yellen បានប្រាប់ទៅកាន់សភាអាម៉េរិក នៅថ្ងៃទី១៣ ខែមករាថា កម្រិតបំណុលអាម៉េរិករំពឹងឈានដល់កម្រិតកំណត់នៅថ្ងៃទី១៩ ខែ មករា។


លោកស្រីស្នើឱ្យចាត់វិធានការវិសាមញ្ញដើម្បីបញ្ចៀសបញ្ហានេះ ក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំសភាទាំងពីរ លោកស្រី Janet Yellen បញ្ជាក់ពីស្ថានភាពបំណុលរបស់អាម៉េរិក ដែលនឹងកើនដល់អត្រាកំណត់អតិបរមានៅសប្ដាហ៍ក្រោយ។ ក្នុងលិខិតដដែល លោកស្រី Yellen ក៏រៀបរាប់ពីសកម្មភាពចាំបាច់ដែលត្រូវធ្វើដើម្បីអូសបន្លាយពេលវេលារហូតដល់សភាអាច​អនុម័តច្បាប់ដែលនឹងបង្កើនកម្រិតបំណុល ឬព្យួរវាម្តងទៀតក្នុងរយៈពេលមួយ។
 
បើតាមលោកស្រីរដ្ឋមន្រ្តី វិធានការទាំងនោះរួមមានការបង្វែរការបង់ប្រាក់មួយចំនួនដូចជាថវិកា​ត្រូវចំណាយលើ​ផែនការចូលនិវត្តន៍របស់បុគ្គលិកសហព័ន្ធ ហើយយកទៅចំណាយលើផ្នែកផ្សេងដែល​ចាត់​ទុកជាការចាំបាច់ដូចជាធានារ៉ាប់រងសន្តិសុខសង្គមជាដើម។
 
«ការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាល នឹងបង្កឱ្យមានគ្រោះថ្នាក់ដែលមិនអាចជួសជុល​បានចំពោះសេដ្ឋកិច្ចអាម៉េរិក ជីវភាពរស់នៅរបស់ប្រជាជនអាម៉េរិកទាំងអស់ និងស្ថិរភាព​ហិរញ្ញវត្ថុ​ពិភពលោក»។ លោកស្រី Yellen សង្កត់ធ្ងន់បែបនេះ។
 
លោកស្រី Yellen ព្រមានដែរថា ក្រសួងរតនាគារក៏មិនអាចប៉ាន់ស្មានពីរយៈពេល​ដែល​វិធាន​ការ​វិសាមញ្ញអនុញ្ញាតឱ្យអាម៉េរិកបន្តបង់លុយបំណុលដែលជាកាតព្វកិច្ចរបស់​រដ្ឋាភិ​បាល​នោះទេ។ ប៉ុន្តែ​លោកស្រីមិនរំពឹងថា សាច់ប្រាក់នឹងត្រូវអស់នៅមុនដើមខែមិថុនានោះដែរ៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com