អន្តរជាតិ
អតីតប្រធានាធិបតីរុស្ស៊ី ម៉េដវ៉េដេវ៖ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ជាអ្នកបម្រើអាម៉េរិក
15, Jan 2023 , 1:59 pm        
រូបភាព
អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រ ម៉េដវ៉េដេវ។ រូបថត AFP
អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រ ម៉េដវ៉េដេវ។ រូបថត AFP
អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) នៅថ្ងៃទី១៥ ខែមករា ចោទ​នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ជាអ្នកបម្រើឱ្យជនជាតិអាម៉េរិក ហើយដើម្បីលុបភាពអាម៉ាសនេះ លោក គីស៊ីដា គួរតែធ្វើពិធីសម្លាប់ខ្លួនឯង។ ការលើកឡើងរបស់អតីតមេដឹកនាំរុស្ស៊ីរូបនេះ កើតឡើង​ក្រោយមេដឹកនាំជប៉ុន និងសមភាគីអាម៉េរិកបានចេញសេចក្ដីថ្លែងការណ៍រួមមួយប្រឆាំងនឹងរុស្ស៊ី។

 
លោក គីស៊ីដា ហ្វូមីអូ កាលពីថ្ងៃទី១៣ ខែមករា បានជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ហើយបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយដែលបញ្ជាក់ជំហរប្រទេសទាំងពីរបញ្ជាក់យ៉ាងច្បាស់ថា រាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ីនៅអ៊ុយក្រែននឹងក្លាយជាអំពើព្រៃផ្សៃប្រឆាំងមនុស្សជាតិ ហើយមិនសមហេតុផលឡើយទោះធ្វើតាមមធ្យោបាយណាមួយឡើយ។ ការលើកឡើងបែបនេះធ្វើ​ឱ្យ​រុស្ស៊ីខឹងសម្បារខ្លាំងឡើង។
 
អតីតមេដឹកនាំរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេវ រិះគន់ថា សេចក្ដីថ្លែងការណ៍លើការប្រើអាវុធនុយក្លេអ៊ែរខាងលើ បង្ហាញពីការភ័យខ្លាចសម្រាប់រុស្ស៊ី ហើយជាការក្បត់ការចងចាំរបស់ជនជាតិជប៉ុនរាប់រយពាន់នាក់ ដែលរងគ្រោះនៅក្នុងភ្លើងនុយក្លេអ៊ែរហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគី។ លោកចង់សំដៅលើគ្រាប់​បែក​បរមាណូដែលអាម៉េរិកទម្លាក់លើជប៉ុនដើម្បីបង្ខំឱ្យចុះចាញ់នៅចុងបញ្ចប់នៃសង្គ្រាម​លោក​លើក​ទី​ពីរ។
 
«(លោកគីស៊ីដា) គ្រាន់តែជាអ្នកបំរើសេវាសម្រាប់ជនជាតិអាម៉េរិក»។ អតីតប្រធានាធិបតីរុស្ស៊ី​រូប​នេះ​សង្កត់ធ្ងន់បែបនេះរួចបន្តថា ភាពអាម៉ាសបែបនេះអាចលាងចេញតែតាមរយៈការធ្វើពិធី seppuku ដែលជាពិធីអត្តឃាតដោយការវះពោះខ្លួន។ លោក ម៉េដវ៉េដេវ ចង់ឱ្យលោក គីស៊ីដា ធ្វើបែបនេះនៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជប៉ុន​តែម្ដង។
 
ទីក្រុងតូក្យូមិនទាន់មានប្រតិកម្មទៅនឹងការប្រើពាក្យពេចន៍ខ្លាំងៗរបស់មនុស្សជំនិតប្រធានាធិបតីរុស្ស៊ីឡើយ។
 
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក លោក Medvedev បានព្រមាន ម្តងហើយម្តងទៀតថាការជ្រៀតជ្រែករបស់លោកខាងលិចក្នុងវិបត្តិអាចនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ៕
 
 
 
 

Tag:
 រុស្ស៊ី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com