អន្តរជាតិ
ប្រមុខ WHO ស្វាគមន៍ការបើកចំហទិន្នន័យស្ថានភាពជំងឺកូវីដ-១៩ នៅចិន
15, Jan 2023 , 9:29 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភាពលោក (WHO) Tedros Adhanom Ghebreyesus បាន​ពិភាក្សា​ជាមួយរដ្ឋមន្រ្តីផ្នែកសុខាភិបាលរបស់ចិន ហើយស្វាគមន៍ការផ្ដល់ព័ត៌មាន និងទិន្នន័យថ្មីអំពី ស្ថានភាព​ជំងឺកូវីដ-១៩របស់ប្រទេសនេះដើម្បីវិភាគរកវិធានការសមស្រប។ នេះបើតាមសេចក្ដីប្រកាសរបស់ WHO នៅថ្ងៃទី១៤ ខែមករា ក្រោយទីក្រុងប៉េកាំងបានចេញប្រកាសទិន្នន័យករណីស្លាប់ថ្មីដែល​ហក់​ឡើងខ្លាំង។

 
អគ្គនាយក WHO លោក Tedros បានជជែកជាមួយប្រធានគណៈកម្មការសុខភាពជាតិចិន លោក Ma Xiaowei អំពីរលកនៃជំងឺកូវីដ-១៩ដែលបានផ្ទុះឡើងខ្លាំងក្រោយការដកចេញវិធានការរឹតត្បិត។
 
«WHO កោតសរសើរចំពោះកិច្ចប្រជុំនេះក៏ដូចជាការចេញផ្សាយព័ត៌មាន​ជាសាធារណៈអំពី​ស្ថានភាព​ទាំងមូល»។ WHO លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយរួចបន្តថា មន្ត្រីចិនបានផ្ដល់ព័ត៌មាន​ឱ្យ WHO ទាំងពីចំនួនអ្នកជំងឺព្យាបាលតាមគ្លីនិក ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នកជំងឺ​ដែល​ត្រូវការការព្យាបាលបន្ទាន់ តម្រូវការថែទាំធ្ងន់ធ្ងរ និងករណីស្លាប់ នៅមន្ទីរពេទ្យ​ទាក់ទង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ 
 
WHO សន្យានឹងផ្ដល់ជាដំបូន្មានបច្ចេកទេស និងការគាំទ្របន្ថែមទៀតទៅចិនផងដែរ។ ជាមួយគ្នានេះ WHO ក៏កំពុងវិភាគព័ត៌មានដែលគ្របដណ្តប់នៅដើមខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ ដែលនឹងអនុញ្ញាតឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីស្ថានភាពជំងឺ និងផលប៉ះ​ពាល់​នៃរលកជំងឺនៅចិន។
 
នៅថ្ងៃដដែល ចិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ក្រោយការបន្ធូរបន្ថយវិធានការរបស់ខ្លួនដែលអ្នកស្លាប់មានជិត៦ម៉ឺននាក់គិតពីដើមខែធ្នូមក។ ចំនួនអ្នកស្លាប់នេះ ជាការកើនឡើងយ៉ាងខ្លាំងពី​តួលេខ​ដែល​បានរាយការណ៍ពីមុន។ ការចេញផ្សាយទិន្នន័យបែបនេះធ្វើឡើងបន្ទាប់​ពីមានការ​រិះគន់​ជា​សកល​លើ​ទិន្នន័យរបស់ចិន៕
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com