អន្តរជាតិ
ទីក្រុងឡុងដ៍ ថ្កោលទោសអ៊ីរ៉ង់ដែលប្រហារជីវិតអតីតមន្រ្តីមានសញ្ជាតិអង់គ្លេសដែលត្រូវចោទពីបទចារកម្ម
15, Jan 2023 , 3:59 pm        
រូបភាព
អតីតអនុរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ដែលមានសញ្ជាតិអង់គ្លេសផង Alireza Akbari ត្រូវបានប្រហារជីវិតក្រោមបទចោទធ្វើចារកម្មឱ្យអង់គ្លេស។ រូបថត Reuters
អតីតអនុរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ដែលមានសញ្ជាតិអង់គ្លេសផង Alireza Akbari ត្រូវបានប្រហារជីវិតក្រោមបទចោទធ្វើចារកម្មឱ្យអង់គ្លេស។ រូបថត Reuters
ចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែមករា បានហៅការកាត់ទោសប្រហារជីវិតដោយរដ្ឋាភិបាលអ៊ីរ៉ង់លើអតីតអនុរដ្ឋមន្ត្រីការពារជាតិអ៊ឺរ៉ង់ដែលមានសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់ជាទង្វើព្រៃផ្សៃ។ អង់គ្លេស​បាន​ដាក់​ទណ្ឌកម្មអគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់ ជាការឆ្លើយតបចំពោះទង្វើខាងលើផងដែរ។

 
បើតាមទីភ្នាក់ងារសារព័ត៌មាន Mizan របស់អ៊ីរ៉ង់ លោក Alireza Akbari ដែលជាអតីតអនុរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ ត្រូវបានប្រហារជីវិតក្រោមការចោទប្រកាន់ពីបទធ្វើចារកម្មឱ្យចក្រភពអង់គ្លេស។ ក្រោយការប្រហារជីវិតនេះ នាយករដ្ឋមន្រ្តីអង់គ្លេស​បាន​និយាយ​ថា មិនគួរមានការ​កាត់ទោស​ប្រហារ​ជីវិត​ឡើយ។
 
«ខ្ញុំរន្ធត់ចិត្តចំពោះការប្រហារជីវិតពលរដ្ឋអង់គ្លេស-អ៊ីរ៉ង់លោក Alireza Akbari នៅអ៊ីរ៉ង់»។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak លើកឡើងបែបនេះលើបណ្ដាញសង្គម Twitter រួចបន្តថា នេះជា​ទង្វើ​ដ៏​កំសាកដែល​អនុវត្ត​ដោយ​របប​ព្រៃផ្សៃ​ដោយ​មិន​គោរព​សិទ្ធិមនុស្ស​របស់​ប្រជាជន​ខ្លួន។
 
ឯរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ក៏បានសរសេរនៅលើ Twitter ផងដែរថា ទង្វើដ៏ព្រៃផ្សៃនេះ សមនឹងទទួលបានការថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត។
 
ក្រោយមកចក្រភពអង់គ្លេសបញ្ជាក់ថា ខ្លួនបានដាក់ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការ​ធ្វើ​ដំណើរលើអគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់លោក Mohammad Jafar Montazeri ដោយសារតែលោក​ជាប់​ពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះការចូលរួមផ្តល់ការគាំទ្រ និងការលើកកម្ពស់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុងអ៊ីរ៉ង់៕
 

Tag:
 អង់គ្លេស
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com