អន្តរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ត្រូវបានជ្រើសតាំងជាប្រធានបក្សកាន់អំណាច
16, Jan 2023 , 10:59 am        
រូបភាព
លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai នៅថ្ងៃទី១៥ ខែមករា ត្រូវបានបោះឆ្នោតជ្រើសជាប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលជាបក្សកំពុងកាន់អំណាចនៅតៃវ៉ាន់។ ក្រោយពីទទួលជ័យជម្នះនេះ លោក William បានសន្យាកសាងទំនុកចិត្តរបស់បក្សចំពោះសាធារណៈឡើងវិញ ក្រោយបក្សរបស់ខ្លួនបានបាត់បង់ ក្នុងការបោះឆ្នោតនៅថ្នាក់តំបន់កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

 
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចបន្ទាប់ពីចាញ់ការបោះឆ្នោតថ្នាក់តំបន់នៅថ្ងៃទី២៦ ខែវិច្ឆិកា។ ម្យ៉ាងលោកស្រី Tsai ក៏មិនអាចកាន់តំណែងនៅអាណត្តិទីបី បានបន្តទៀតដែរ ដោយសារតែការហាមឃាត់រដ្ឋធម្មនុញ្ញរបស់តៃវ៉ាន់។
 
ក្រោយតំណែងប្រធានបក្សនៅទំនេរជាច្រើនខែ អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai នៅថ្ងៃទី១៥ ខែមករា ត្រូវបានបោះឆ្នោតជ្រើសជាប្រធានបក្សប្រជាធិបតេយ្យជឿនលឿន។ អគ្គលេខាធិការបក្សស្តីទីរបស់បក្សកាន់អំណាច Sidney Lin បានប្រាប់អ្នកសារព័ត៌មានថា លោក William ត្រូវបានជ្រើសជាប្រធានបក្ស ហើយលោកនឹងចូលកាន់តំណែងនេះ នៅថ្ងៃទី១៨ ខែមករា ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជាប់ជាប្រធានបក្សថ្មី លោក William បានសន្យាកសាងទំនុកចិត្តសាធារណៈ រួមទាំងការពារតៃវ៉ាន់ និងលើកតម្កើងប្រជាធិបតេយ្យ សនិ្តភាព វិបុលភាពនៅក្នុងបរិបទអន្តរជាតិដ៏ស្មុគស្មុញ។ បើទោះលោក William មិនបានលើកឡើងពីការចូលរួមក្នុងការបោះឆ្នោតរើសប្រធានាធិបតីនៅក្នុងឆ្នាំ ២០២៤ខាងមុខ ប៉ុន្តែតំណែងមួយនេះ ជាការត្រួតត្រួយផ្លូវសម្រាប់រូបលោក ក្នុងការប្រជែងតំណែងប្រធានាធិបតី។ 
 
សូមបញ្ជាក់ថា លោក William ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីតៃវ៉ាន់, ជាអភិបាលក្រុង Tainan ចាប់ពីឆ្នាំ២០១០ ដល់២០១៧ និងជាសមាជិកសភានៅចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១០ មុននឹងក្លាយជាអនុប្រធានាធិបតីនៅក្នុងឆ្នាំ២០២០៕ 
 
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com