អន្តរជាតិ
មនុស្សយ៉ាងហោចណាស់ ៦៨នាក់ ស្លាប់ក្នុងករណីធ្លាក់យន្តហោះនៅនេប៉ាល់
16, Jan 2023 , 2:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់បាត់បង់ក្នុងករណីធ្លាក់យន្តហោះនៅនេប៉ាល់ ក្នុងថ្ងៃទី១៥ ខែមករា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។ ករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti ជាហេតុការណ៍ដ៏អាក្រក់ ក្នុងរយៈពេល ៣ទសវត្សរ៍របស់ប្រទេសមួយនេះ។

 
ក្រុមអ្នកជួយសង្រ្គោះជាច្រើននាក់ បានចេញប្រតិបត្តិការជួយសង្រ្គោះនៅតំបន់ភ្នំ ដែលយន្តហោះដឹកមនុស្សចំនួន ៧២នាក់ពីក្រុងកដ្ឋមណ្ឌូ បានធ្លាក់។
 
«មនុស្សចំនួន ៣០រូប ត្រូវបានរកឃើញ និងបញ្ជូនទៅមន្ទីរពេទ្យ»។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានបញ្ជាក់បែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ ចំណែកមនុស្សចំនួន ១៤នាក់ទៀតត្រូវរកឃើញកន្លែងធ្លាក់យន្តហោះ។ 
 
តាមសេចក្តីរាយការណ៍របស់អាជ្ញាធរ មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់បាត់បង់ក្នុងករណីធ្លាក់យន្តហោះ នៅក្រុង Pokhara នេប៉ាល់ ក្នុងថ្ងៃទី១៥ ខែមករា។ នេះជាករណីធ្លាក់យន្តហោះដ៏អាក្រក់បំផុត បើគិតចាប់តាំងពីឆ្នាំ១៩៩២។ កាលនោះ យន្តហោះ Airbus A300 របស់ក្រុមហ៊ុន Pakistan International Airlines បានធ្លាក់ និងមានមនុស្សស្លាប់ទាំងអស់ចំនួន ១៦៧នាក់។ 
 
ចាប់តាំងពីឆ្នាំ២០០០ មក មនុស្សជិត ៣៥០នាក់ បានស្លាប់ ដោយសារតែករណីធ្លាក់យន្តហោះ ឬឧទ្ធម្ភាគចក្រ នៅនេប៉ាល់។ ដោយសារតែបញ្ហាសុវត្ថិភាពបែបនេះ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ ចាប់តាំងពីឆ្នាំ២០១៣ មក៕ 
 
 

Tag:
 នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com