អន្តរជាតិ
ប្រមុខណាតូ បង្ហើបដំណឹងបញ្ជូនសព្វាវុធធុនធ្ងន់បន្ថែមទៅអ៊ុយក្រែន
16, Jan 2023 , 3:59 pm        
រូបភាព
ទីក្រុងកៀវអាចរំពឹងទទួលបានសព្វាវុធធុនធ្ងន់បន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិចក្នុងពេលឆាប់ៗនេះ។ ប្រមុខសម្ព័ន្ធយោធាណាតូលើកឡើងបែបនេះនៅថ្ងៃទី១៥ ខែមករា ខណៈដែលរុស្ស៊ីចាប់ផ្ដើមទទួលជ័យជម្នះក្នុងការវាយប្រហារមួយរយៈចុងក្រោយ។



ស្ថានភាពសង្គ្រាមអ៊ុយក្រែននៅតែមិនថមថយ ខណៈរុស្ស៊ីហាក់មានសញ្ញាល្អវិញក្រោយយ៉ាប់យ៉ឺននៅដើមឆ្នាំ២០២៣។ កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិរុស្ស៊ីប្រកាសពីការវាយដណ្ដើមបានទីក្រុង Soledar នៅភាគខាងកើតអ៊ុយក្រែន។ លើសពីនេះ នៅថ្ងៃទី១៥ ខែមករា រុស្ស៊ីបាញ់មីស៊ីលជាថ្មីលើទីក្រុង Dnipro របស់អ៊ុយក្រែន សំដៅបំផ្លាញហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ដែលក៏ប៉ះចំអគារលំនៅដ្ឋានមួយធ្វើឱ្យមនុស្សចំនួន៣០នាក់ស្លាប់។
 
ជុំវិញវិបត្តិនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា អ៊ុយក្រែនទំនងអាចទទួលបានអាវុធធុនធ្ងន់បន្ថែមទៀតពីប្រទេសលោកខាងលិចតាមសំណើរបស់ខ្លួនដែលមានដូចជារថពាសដែកសង្គ្រាម កាំភ្លើងធំ និងមីស៊ីលជាដើម។
 
«ការសន្យាផ្ដល់ឧបករណ៍សង្គ្រាមធុនធ្ងន់នាពេលថ្មីៗនេះមានសារសំខាន់ណាស់ ហើយខ្ញុំរំពឹងថានឹងមានច្រើនទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។ លោក Stoltenberg បានប្រាប់កាសែត Handelsblatt របស់អាល្លឺម៉ង់បែបនេះ។ 
 
ការលើកឡើងរបស់លោក Stoltenberg ធ្វើមុនកិច្ចប្រជុំមន្ត្រីការពារប្រទេសសមាជិកសម្ពន្ធយោធាណាតូនៅថ្ងៃទី២០ ខែមករា ដែលនឹងពិភាក្សាពីការបញ្ជូនអាវុធទៅទីក្រុងកៀវតែម្ដង។ 
កន្លងមក សមាជិកបក្សសម្ពន្ធយោធាណាតូជាច្រើនបានប្រកាសផ្ដល់សព្វាវុធទៅឱ្យអ៊ុយក្រែនបន្តបន្ទាប់គ្នា។ អង់គ្លេសបានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន១៤គ្រឿង ដែលធ្វើឱ្យក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលផ្គត់ផ្គង់រថក្រោះធុនធ្ងន់បែបនេះ។ ប៉ូឡូញ និងហ្វាំងឡង់បានបង្ហាញឆន្ទៈផ្តល់រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់។ បារាំងក៏បានប្រកាសកាលពីដើមឆ្នាំនេះ នឹងផ្ដល់រថក្រោះធុនស្រាល AMX-10 RC ផលិតក្នុងស្រុកទៅឱ្យទីក្រុងកៀវថែមទៀត។ 
 
ទាក់ទងការដណ្ដើមបានទីក្រុងផលិតអំបិល Soledar ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន សាទរយ៉ាងខ្លាំងចំពោះកងកម្លាំងខ្លួន ហើយអះអាងថា សង្គ្រាមមានភាពវិជ្ជមាន ហើយអ្វីគ្រប់យ៉ាងកំពុងអភិវឌ្ឍទៅតាមផែនការ និងអាចទទួលបានជ័យជម្នះបន្តទៅមុខទៀត។ 
 
គួរបញ្ជាក់ថា ការក្ដោបក្ដាប់បានទីក្រុង Soledar ជាសមិទ្ធផលគាប់ចិត្តរបស់រុស្ស៊ី ដែលនឹងជួយដល់ផ្នែកយុទ្ធសាស្ត្រផងដែរ ព្រោះទីក្រុងនេះស្ថិតនៅជិតផ្លូវប្រសព្វនៃទីក្រុង Bakhmut របស់អ៊ុយក្រែន ដែលអាចឱ្យរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន៕ 
 

Tag:
 ណាតូ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com