អន្តរជាតិ
រុស្ស៊ីថា រថក្រោះដែលអង់គ្លេសបញ្ជូនឱ្យអ៊ុយក្រែន នឹងត្រូវដុតចោល
17, Jan 2023 , 10:29 am        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov នៅថ្ងៃទី១៦ ខែមករា បានព្រមានថា រថក្រោះ​ដែល​ចក្រភពអង់គ្លេស គ្រោងបញ្ជូនទៅអ៊ុយក្រែន នឹងត្រូវដុតបំផ្លាញ។ លោកក៏គំរាមលោកខាងលិចថា ការ​ផ្គត់ផ្គង់​អាវុធ​ទំនើប​ៗ​បន្ថែម​ទៀតដល់អ៊ុយក្រែននឹងមិនផ្លាស់ប្តូរលទ្ធផលនៃសង្គ្រាមនោះទេ។

 
តាមការស្នើសុំរបស់អ៊ុយក្រែន ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែមករាបានប្រកាសបញ្ជូន​រថ​ក្រោះ​ប្រយុទ្ធ Challenger 2 ចំនួន១៤គ្រឿង ក៏ដូចជាការផ្គត់ផ្គង់​កាំភ្លើងធំ​កម្រិតខ្ពស់​ផ្សេង​ទៀត​នៅ​ក្នុង​ប៉ុន្មានសប្តាហ៍ខាងមុខនេះឱ្យអ៊ុយក្រែន។ ប្រទេសលោកខាងលិចឯទៀត ក៏ត្រៀមបញ្ជូនរថក្រោះប្រភេទផ្សេងៗឱ្យទីក្រុងកៀវដែរ។ 
 
ដូចរាល់ដង រុស្ស៊ីប្រតិកម្មភ្លាមៗចំពោះការបន្តផ្ដល់ជំនួយយោធាឥតឈប់ឈរ​របស់​លោក​ខាង​លិច​សម្រាប់អ៊ុយក្រែន។
 
«ពួកគេកំពុងប្រើប្រាស់ប្រទេសនេះ (អ៊ុយក្រែន) ជាឧបករណ៍មួយដើម្បីសម្រេចបាននូវ គោល​ដៅ​ប្រឆាំងរុស្ស៊ីរបស់ពួកគេ»។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បញ្ជាក់បែបនេះ រួច​គំរាមថា រថក្រោះទាំងនោះនឹងត្រូវដុតឆេះដូចរថក្រោះមុនៗដែរ។ អ្នកនាំពាក្យរូបនេះអះអាងថា ការ​ផ្គត់​ផ្គង់ថ្មីៗពីអង់គ្លេស និងប៉ូឡូញ នឹងមិនផ្លាស់ប្តូរស្ថានភាពសង្គ្រាម តែផ្ទុយទៅវិញវា​នឹង​នាំ​មក​បញ្ហា​កា​ន់​តែច្រើនសម្រាប់អ៊ុយក្រែន។
 
ជុំវិញរឿងនេះ អ្នកអធិប្បាយទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya 1 លោក Vladimir Solovyev ក៏ចេញមុខធ្វើប្រតិកម្ម ដោយនិយាយថា ប្រទេសលោកខាងលិចណាដែលផ្គត់ផ្គង់អាវុធទំនើបជាងនេះទៅ​ឱ្យ​អ៊ុយក្រែន​គួរតែ​ត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី។ លោក Solovyev បាន​ប្រាប់​កម្មវិធី​ជជែក​កម្សាន្ត​នៅ​រាត្រី​ថ្ងៃទី១៥ ខែមករា​ថា អង់គ្លេស​បាន​ចូល​ក្នុង​សង្រ្គាម​ហើយ​ហើយលោកចាត់​ទុក​អង់គ្លេស​ឥឡូវ​នេះ​ជា​គោលដៅ​ស្រប​ច្បាប់​សម្រាប់​រុស្ស៊ី៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com