អន្តរជាតិ
លោក អ៊ែរដូហ្កាន៖ ស៊ុយអែតនិងហ្វាំងឡង់ត្រូវប្រគល់ភេរវករ១៣០នាក់ទើបចូលណាតូបាន
17, Jan 2023 , 5:29 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១៥ ខែមករា ដាក់លក្ខខណ្ឌឱ្យស៊ុយអែត និងហ្វាំងឡង់ ត្រូវតែនិរទេស ឬធ្វើបត្យាប័នភេរវករប្រហែល១៣០នាក់ទៅតួកគីឱ្យបានមុនពេលទីក្រុងអង់ការ៉ាផ្ដល់សច្ចាប័នឱ្យប្រទេសទាំងពីរចូលរួមជាសមាជិកសម្ពន្ធយោធាណាតូ។



ស៊ុយអែត និងហ្វាំងឡង់ដែលស្នើចូលជាសមាជិកអង្គការណាតូព្រោះបារម្ភពីសុវត្ថិភាពខ្លួនក្រោយឃើញរុស្ស៊ីឈ្លានពានអ៊ុយក្រែន កំពុងអន្ទះសាររង់ចាំការផ្ដល់សច្ចាប័នពីតួកគី។ ដំណើរការផ្ដល់សច្ចាប័នរបស់តួកគីមិនទៅមុខ ដោយសារកន្លងមកតួកគីចោទថាប្រទេស២នេះ ផ្ដល់កន្លែងជ្រកកោនដល់បក្សពលករឃើដដែលតួកគីចាត់ទុកជាភេរវករ។ 
 
យោងតាមកិច្ចព្រមព្រៀងត្រីភាគីចែងពីលក្ខខណ្ឌដើម្បីបានសច្ចាប័នចូលជាសមាជិកណាតូ តួកគីអះអាងថា ទាល់តែស៊ុយអែត និងហ្វាំងឡង់ បញ្ជូនជនសង្ស័យភេរវករទៅតួកគីសិន ទើបសភាតួកគីផ្តល់សច្ចាប័ន។ 
 
ជាថ្មីម្ដងទៀត ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១៥ ខែមករាបានទាមទារឱ្យស៊ុយអែត និងហ្វាំងឡង់ធ្វើបត្យាប័នភេរវករឱ្យបាន ១៣០នាក់ទៅតួកគីជាថ្នូរការផ្ដល់សច្ចាប័នដែលទំនងធ្វើឡើងនៅខែឧសភា មុនការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
«យើងបាននិយាយហើយ ដូច្នេះប្រសិនបើអ្នកមិនប្រគល់ភេរវកររបស់អ្នកមកឱ្យយើងទេ យើងមិនអាចឱ្យវា (ការយល់ព្រមផ្ដល់សច្ចាប័នចូលណាតូ) ឆ្លងផុតសភានោះទេ»។ លោក អ៊ែរដូហ្កាន់ ព្រមានបែបនេះនៅល្ងាចថ្ងៃទី១៥ ខែមករា ដោយសំដៅដល់អ្វីដែលលោកបានការលើកឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson កាលពីខែវិច្ឆិកាឆ្នាំ២០២២។ លោកបន្ថែមថា ដើម្បីទទួលបានការអនុម័តពីសភាតួកគី ដំបូងទីក្រុងស៊ុយអែត និងហ្វាំងឡង់ត្រូវប្រគល់ភេរវករឱ្យតួកគី។
 
ទាក់ទងការទាមទារនេះ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Pekka Haavisto ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ YLE ថា លោកចាត់ទុកការទាមទាររបស់លោក អ៊ែរដូហ្កាន់ ជាការឆ្លើយតបបែបខឹងសម្បារចំពោះឧប្បត្តិហេតុនៅទីក្រុងស្តុកខុលកាលពីសប្តាហ៍មុន ដែលរូបសំណាករបស់លោក អ៊ែរដូហ្កាន់ ត្រូវបានចងព្យួរជើងនៅក្រៅសាលាក្រុងស្តុកខុលអំឡុងការតវ៉ាមួយ។ 
 
កាលពីខែមករា នាយករដ្ឋមន្ត្រីស៊ុយអែត លោក Kristersson បានលើកឡើងថា ប្រទេសរបស់លោកកំពុងឈរនៅក្នុងចំណុចល្អនៅឡើយជុំវិញការផ្ដល់សច្ចាប័នរបស់តួកគីឱ្យចូលជាសមាជិកសម្ពន្ធយោធាណាតូ។ មេដឹកនាំរូបនេះនៅតែជឿជាក់ថាតួកគីនឹងបើកភ្លើងបៃតងឱ្យខ្លួនបានចូលជាសមាជិកណាតូ។ កន្លងមក ស៊ុយអែត ក៏បានបំពេញតាមកិច្ចសន្យាបានយ៉ាងល្អ ហើយសូម្បីតែតួកគីក៏បានទទួលស្គាល់ស៊ុយអែតចំពោះលទ្ធផលល្អទាំងនោះដែររួមមានដូចជាការបង្កើតច្បាប់ប្រឆាំងអំពើភេរវកម្មដ៏តឹងរ៉ឹង និងបានចាត់វិធានការដកបម្រាមនាំចេញអាវុធទៅតួកគីជាដើម។ 
 
គួរបញ្ជាក់ថា មកទល់ពេលនេះ ស៊ុយអែតបានបញ្ជូនភេរ​វករទៅតួកគីមិនដល់១០នាក់ឡើយ ចាប់តាំងពីមានកិច្ចព្រមព្រៀងក្នុងខែមិថុនា ឆ្នាំ២០២២។ ក្រៅពីតួកគី ហុងគ្រីក៏ជាប្រទេសមួយទៀតដែលមិនទាន់យល់ព្រមផ្ដល់សច្ចាប័នចូលជាសមាជិកណាតូទៅឱ្យស៊ុយអែត និងហ្វាំងឡង់ផងដែរ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban អះអាងថាសភាហុងគ្រីនឹងអនុម័តក្នុងពេលឆាប់ៗនេះទាំងសច្ចាប័នរបស់ហ្វាំងឡង់ និងស៊ុយអែត៕ 
 

Tag:
 តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com