សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ILO ៖ កំណើនការងារសកលឆ្នាំ ២០២៣ មានត្រឹម១ភាគរយ
18, Jan 2023 , 8:29 am        
រូបភាព
អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បានព្យាករណ៍ថា កំណើនការងារសកលនៅឆ្នាំនេះនឹងមានត្រឹមតែ ១ភាគរយប៉ុណ្ណោះ។ កំណើននេះមានត្រឹមតែពាក់កណ្តាលនៃកំណើន ២ភាគរយកាលពីឆ្នាំមុន និងទាបជាងការព្យាករណ៍ ១,៥ភាគរយ ដែលបានព្យាករដោយ ILO នាពេលកន្លងមកសម្រាប់ឆ្នាំ២០២៣។

 
បើតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីការងារពិភពលោក និងទស្សនវិស័យសង្គម (World Employment and Social Outlook) របស់អង្គការ ILO អត្រាអ្នកអត់ការងារធ្វើទូទាំងពិភពលោកនៅឆ្នាំនេះនឹងមាន ៥,៨ភាគរយ ឬប្រមាណ២០៨លាននាក់ ដែលខ្ពស់ជាងការព្យាករចំនួន ២០៥លាននាក់ដែលបានផ្តល់ឱ្យដោយ ILO កាលពីលើកមុន។
 
អង្គការ ILO បានអះអាងថា ៖« ការថយចុះនៃកំណើនការងារសកលមានន័យថា ជាការខូចខាតដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ នឹងមិនអាចស្តារឡើងវិញបានមុនឆ្នាំ ២០២៥»។
 
ការធ្លាក់ចុះសេដ្ឋកិច្ច នឹងបង្ខំកម្មករជាច្រើនឱ្យទទួលយកការងារដែលមានមិនសូវមានគុណភាព និងប្រាក់ខែទាបនៅឆ្នាំ ២០២៣ ខណៈដែលសម្ពាធអតិផរណានឹងធ្វើឱ្យប្រាក់ឈ្នួលពិតប្រាកដបន្តធ្លាក់ចុះ។ បច្ចុប្បន្ននេះ មនុស្សដែលមានអាយុចន្លោះពី ១៥ទៅ ២៤ឆ្នាំកំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរក និងរក្សាការងារល្អៗធ្វើ៕
 

Tag:
 ILO ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com