អន្តរជាតិ
អង្គការផ្ដល់ជំនួយមួយចំនួន ចាប់ផ្ដើមការងារឡើងវិញក្រោយតាលីបង់ធានាឱ្យស្ត្រីចូលធ្វើការ
18, Jan 2023 , 11:59 am        
រូបភាព
ក្រុមអង្គការផ្ដល់ជំនួយមួយចំនួន បានចាប់ផ្ដើមប្រតិបត្តិការឡើងវិញនៅអាហ្វាហ្កានីស្ថានក្រោយទទួល បានការធានាពីអាជ្ញាធរតាលីបង់ក្នុងការអនុញ្ញាតឱ្យស្ត្រីធ្វើការក្នុងផ្នែកខ្លះមានសុខាភិបាលជាដើម បន្ទាប់ពីរងការថ្កោលទោសខ្លាំងចំពោះការហាមឃាត់។

 
កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលតាលីបង់បានបញ្ជាឱ្យ​ស្ថាប័នផ្ដល់ជំនួយក្នុងស្រុក និងបរទេស បញ្ឈប់​​ការអនុញ្ញាតឱ្យបុគ្គលិកស្ត្រីធ្វើការរហូតដល់មានសេចក្ដីជូនដំណឹងបន្ថែម។ តាលីបង់ អះអាងថា ចំណាត់ការរបស់ខ្លួន ជារឿងត្រឹមត្រូវព្រោះស្ត្រីមួយចំនួនមិនបានប្រកាន់ខ្ជាប់​នឹងបទបញ្ញាត្តិស្លៀកពាក់របស់ឥស្លាមឡើយ។ ចំណាត់ការនេះ រងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ។
 
ក្រោយរងការរិះគន់ ក្រុមតាលីបង់ហាក់បន្ទន់ជំហរបន្តិចវិញ។ នៅថ្ងៃទី១៧ ខែមករា គណៈកម្មាធិការ​សង្គ្រោះអន្តរជាតិ (IRC) អង្គការជួយសង្គ្រោះកុមារ (Save the Children) និង អង្គការ CARE លើក​ឡើងថា ក្នុងសប្ដាហ៍នេះ ពួកគេបន្តប្រតិបត្តិការលើគម្រោងមួយចំនួនជាពិសេសលើផ្នែកសុខភាព និង អាហារូបត្ថម្ភ។​
 
«កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលបានផ្ដល់ការធានាថា បុគ្គលិកសុខាភិបាលជាស្ត្រី និងអ្ន​ក​ដែលធ្វើការក្នុងតួនាទីជំនួយអាចបន្តការងារឡើងវិញ»។ អ្នកនាំពាក្យ IRC លោកស្រី Nancy Dent បានលើកឡើងបែបនេះរួចបន្តថា អាស្រ័យហេតុនេះ IRC បានចាប់ផ្ដើមការផ្ដល់សេវាកម្មសុខភាព និង​អាហារូបត្ថម្ភតាមរយៈក្រុមសុខភាព និងក្រុមចល័តរបស់ពួកគេក្នុង ខេត្តចំនួន៤នៅអាហ្វហ្កានីស្ថាន។
 
ទាក់ទងរឿងនេះ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អាហ្វហ្កានីស្ថាន​បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា  ពួកគេ​មិន​បាន​បញ្ឈប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​សុខភាព​អ្វីឡើយ។ អ្នកនាំពាក្យ​ដ​ដែល​បញ្ជាក់ថា អង្គការផ្ដល់ជំនួយទាំងនោះមានការយល់ច្រឡំហើយបានបញ្ឈប់សកម្មភាពដោយខ្លួនឯង ហើយឥឡូវ​ក៏ចាប់ផ្ដើមសេវាកម្មឡើងវិញ។
 
ចំណែកអង្គការជួយសង្គ្រោះកុមារក៏បានចាប់ផ្ដើម​ប្រតិបត្តិការឡើងវិញ​ក្នុងក​ម្រិត​តូច​មួយ​ក្នុង​ផ្នែក​សុខភាព  អាហារូបត្ថម្ភ និងរួមទាំងកម្មវិធីអប់រំ ក្រោយអង្គការមួយនេះបានទទួល ការណែនាំ​ច្បាស់​លាស់ពីអាជ្ញាធរដែលអនុញ្ញាតឱ្យបុគ្គលិកស្ត្រីអាចធ្វើការដោយសុវត្ថិភាព។ អាជ្ញាធរតាលីបង់ក៏​បាន​ព្រមានថា ពួកគេក៏ត្រូវមានកម្រិតក្នុងការធ្វើការដែរ។
 
អ្នកនាំពាក្យរបស់អង្គការជួយសង្គ្រោះកុមារលោកស្រី Samantha Halyk និយាយថា សកម្មភាព​ដែល​ពួកគេកំពុងចាប់ផ្តើមឡើងវិញ នឹងផ្តល់ជំនួយដ៏សំខាន់ ប៉ុន្តែសកម្មភាពទាំងនេះគ្រាន់​តែជាផ្នែកមួយ​តូចនៃកិច្ចការអ្វីដែលចាំបាច់ប៉ុណ្ណោះ៕​​​​​​​​
 
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com