ជាតិ
សង្គមជាតិ
អាជ្ញាធរ អនុញ្ញាតឲ្យធ្វើពិធីសែនអ្នកតាចិន នៅតាមព្រះវិហារ និងសមាគម តែមិនឲ្យហែ
18, Jan 2023 , 5:42 pm        
រូបភាព
ដោយ:
ពិធីសែនអ្នកតាចិន ឬហែអ្នកតាចិន អនុញ្ញាតឱ្យប្រារព្ធនៅរាជធានីភ្នំពេញធម្មតា ប៉ុន្តែត្រូវធ្វើនៅតាមព្រះវិហារ ឬសមាគមចិន។ ការសម្ដែងម៉ុងសាយ ក៏អនុញ្ញាតដែរ។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរាជធានីភ្នំពេញ។



លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរាជធានីភ្នំពេញ បានបញ្ជាក់ថា ពិធីហែក្បួនអ្នកតាចិន ត្រូវបានអនុញ្ញាតឱ្យធ្វើតាមក្បួនប្រពៃណីទំនៀបទំលាប់ ឬជំនឿសាសនារបស់ចិនធម្មតា ប៉ុន្តែត្រូវធ្វើនៅទីតាំងសមស្របណាមួយ ដូចជា ព្រះវិហារ និងសមាគមចិនជាដើម។


លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរាជធានីភ្នំពេញ។ រូបភាព៖ facebook លោក មាសភក្ដី

ចំណែកពិធីលោតម៉ុងសាយ ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើដែរ គ្រាន់តែអាជ្ញាធររាជធានីភ្នំពេញ បានណែនាំមិនឱ្យរៀបចំលើចំណីផ្លូវប៉ុណ្ណោះ ព្រោះនាំឱ្យស្ទះចរាចរណ៍ និងនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការពារគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

«បើយើងនិយាយមួយមាត់ថា ហាមមិនឱ្យហែអ្នកតាចិន ដូចយើងរឹតត្បិតខាងជំនឿសាសនាអ៊ឹចឹង! ហែអ្នកតាចិនឱ្យធ្វើ ម៉ុងសាយក៏ឱ្យឡក ទៅតាមជំនឿអ្នកដែលគាត់ប្រកបអាជីវកម្ម និងប្រជាពលរដ្ឋដែលគាត់មានជំនឿលើប៉ុងសាយ! គ្រាន់តែប្រយ័ត្នពីសុវត្ថិភាពខ្លួនឯង និងកុំឱ្យលយមកថ្នល់ ឬផ្លូវ ជៀសវាងកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់»។ នេះបើតាមលោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ មករា។

ជុំវិញរឿងនេះ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានប្រជុំជាមួយសមាគមចិនរួចហើយ ខណៈពួកគេក៏បានឯកភាពទាំងអស់គ្នាផងដែរ៕
    



Tag:
 ហែអ្នកតាចិន
© រក្សាសិទ្ធិដោយ thmeythmey.com