សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Tesla និង BYD សម្រុកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី
19, Jan 2023 , 8:29 pm        
រូបភាព
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk (ស្តាំ) និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ឆ្វេង)។ រូបភាព ៖ Reuter ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk (ស្តាំ) និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ឆ្វេង)។ រូបភាព ៖ Reuter ។
មន្ត្រីឥណ្ឌូណេស៊ីបានអះអាងថា ពួកគេបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BYD (ចិន) និង Tesla (អាម៉េរិក) ក្នុងការវិនិយោគរោងចក្រផលិតរថយន្តអគ្គិសនី។

 
លោក Luhut Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានលើកឡើងកាលពីថ្ងៃទី១៧ មករា ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតទាំងអស់នៅលើពិភពលោកនឹងបណ្តាក់ទុននៅទីនេះ។ ក្នុងនោះក្រុមហ៊ុន BYD Group និងក្រុមហ៊ុន Tesla រួមជាមួយនឹងក្រុមហ៊ុន Hyundai ... បានបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូណេស៊ីហើយនាពេលថ្មីៗនេះ ។ ក្រុមហ៊ុន BYD កាលពីឆ្នាំមុនបានវ៉ាដាច់ក្រុមហ៊ុន Tesla ហើយក្លាយជាក្រុមហ៊ុនដែលចែកចាយរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក។ 
 
បើតាម Bloomberg ក្រុមហ៊ុន Tesla និងឥណ្ឌូណេស៊ីកំពុងពិភាក្សាគ្នាដើម្បីសាងសង់រោងចក្រផលិតរថយន្តឱ្យបាន១លានគ្រឿងក្នុងមួយឆ្នាំ។ ប្រសិនបើគម្រោងនេះត្រូវបានលេចឡើងពិតមែន ប្រទេសមួយនេះនឹងក្លាយជារោងចក្រធំទីបីរបស់ក្រុមហ៊ុន Tesla នៅខាងក្រៅទីផ្សារអាម៉េរិក បន្ទាប់ពីប្រទេសចិន និងអាល្លឺម៉ង់។
 
តាមពិតទៅ ឥណ្ឌូណេស៊ី ចង់បានការវិនិយោគពីក្រុមហ៊ុន Tesla ជាយូរមកហើយ។ លោកប្រធានាធិបតី ចូកូ វីដូដូ បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅខែឧសភា ឆ្នាំ២០២២ ហើយបានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់នីកែលចំនួន ៥ពាន់លានដុល្លារជាមួយក្រុមហ៊ុន។ លោក វីដូដូបាននិយាយថា លោកចង់ឱ្យក្រុមហ៊ុន Tesla ផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី។
 
ជាមួយគ្នានេះ ឥណ្ឌូណេស៊ី កំពុងជំរុញយ៉ាងសកម្មនូវការវិនិយោគលើអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធាននីកែលដ៏សម្បូរបែបរបស់ខ្លួន។ ឥណ្ឌូណេស៊ីធ្លាប់ជាអ្នកនាំចេញដ៏ធំនៃរ៉ែនីកែល ប៉ុន្តែបច្ចុប្បន្នបានហាមឃាត់ក្នុងការនាំចេញ ដើម្បីធានាបាននូវវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគ។
 
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានបើករោងចក្រនៅឥណ្ឌូណេស៊ីកាលពីខែមីនាឆ្នាំមុន ដើម្បីផលិតរថយន្តអគ្គិសនី។ ទន្ទឹមនឹងនោះ SGMW Motor Indonesia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC Motor, General Motors និង Wuling Motors Holdings ក៏បានសាងសង់កន្លែងដំឡើងនៅឥណ្ឌូណេស៊ីផងដែរ។
 
ឥណ្ឌូណេស៊ី ត្រូវមើលឃើញថា ​ជា​ច្រក​ចេញ​ចូលដ៏សំខាន់​សម្រាប់​អតិថិជន​អាស៊ី​អាគ្នេយ៍​ចំនួន ៦៧៥ លាន​នាក់។ ប៉ុន្តែនេះ គឺជាទីផ្សារដ៏លំបាកមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក ដោយសាររថយន្តដែលមានតម្លៃក្រោម២ម៉ឺនដុល្លារបង្កើនបានជាការលក់ជាបន្តបន្ទាប់៕
 

Tag:
 Tesla ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com