ជាតិ
សេដ្ឋកិច្ច
ជំនឿចិន ហាមយកកុងម៉ាទៅដុត ឬបោះចោលក្នុងធុងសំរាម
20, Jan 2023 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កូនចៅចិន គេមានជំនឿមិនឱ្យយកកុងម៉ា ទៅដុតចោល ឬបោះចោលក្នុងធុងសំរាមនោះទេ ។ តាំងពីជំនាន់ដូនតាពួកគេមក បានជំនឿថា យកកុងម៉ាដុតចោល នឹងមានភាពក្ដៅក្រហាយក្នុងគ្រួសារ ដូចយកភ្លើងដុតកុងម៉ាដែរ។ រីឯយកកុងម៉ា ទៅបោះចោលក្នុងធុងសំរាម ធ្វើឱ្យគ្រួសាររបស់ពួកគេអាប់រាសី និងរកស៊ីមិនឡើង។



អ្នកស្រី ឈឺន សៀកលីន ជាអាជីវករលក់រណ្ដាប់សែនចូលឆ្នាំចិនគ្រប់ប្រភេទ និងជាកូនខ្មែរជាប់សែស្រឡាយចិន បានលើកឡើងថា មុនថ្ងៃចូលឆ្នាំចិន ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃចូលឆ្នាំចិន គេត្រូវសែនដកជើងធូប និងយកកុងម៉ាទៅបណ្ដែតទឹក ដើម្បីរកស៊ីមានបាន និងត្រជាក់ត្រជំក្នុងគ្រួសារ។
  

អ្នកស្រី ឈឺន សៀកលីន ជាអាជីវករលក់រណ្ដាប់ប្រដាសែនចូលឆ្នាំចិនគ្រប់ប្រភេទ និងជាកូនខ្មែរជាប់សែស្រឡាយចិន។

អ្នកស្រី សៀកលីន បន្តថា ចិន ប្រកាន់មិនឱ្យយកកុងម៉ាទៅដុត ឬបោះចោលក្នុងធុងសំរាមនោះទេ ព្រោះធ្វើឱ្យផ្ទះអាប់រាសី រកស៊ីមិនសូវបាន។ ដូច្នេះហើយទើបពួកគេយកទៅបណ្ដែតទឹក។ 
 
ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានកុងម៉ា ត្រូវបានគេយកទៅដាក់តាមរបងវត្តច្រើន ខណៈអ្នកស្រី សៀកលីន ដែលយល់ពីទំនៀបទំលាប់ប្រពៃណីចូលឆ្នាំចិនរូបនេះ មិនអាចជម្រាបបានទេថា ការធ្វើបែបនេះ ជាជំនឿមកពីខាងណាឡើយ។ 
  


អាជីវកររូបនេះបានបញ្ជាក់ថា៖ «ជំនាន់មុនគេឱ្យបណ្ដែតទឹក គេអត់ឱ្យបោះតាមរបងវត្តទេ ខ្ញុំអត់ដឹងថាបោះតាមរបងវត្តហ្នឹង គេជំនឿមកពីណាទេ ។ ជំនាន់មុនគេឱ្យបណ្ដែតទឹកដើម្បីឱ្យត្រជាក់ត្រជំក្នុងគ្រួសារ។ ខ្ញុំគិតថា គេអត់យកកុងម៉ាទៅបណ្ដែតទឹក ដោយសារគេហាមឃាត់ ព្រោះស្រួលៗមិនគេចាប់ គេអត់ឱ្យបណ្ដែតទឹកទៀតព្រោះធ្វើឱ្យខូចបរិស្ថាន អ៊ឹចឹងអត់ដឹងយកទៅណា ពួកគាត់មានតែយកទៅដាក់តាមរបងវត្ត»។
 
ហាងអ្នកស្រី ឈឺន សៀកលីន នៅផ្សារស្ទឹងមានជ័យចាស់ មានលក់កុងម៉ា និងរណ្ដាប់សែនគ្រប់ប្រភេទ ដែលមានតម្លៃសមរម្យ។ ហាង យ៉ូ យ៉ូ បេប៊ី សប របស់អ្នកស្រី សៀកលីន មានលក់់កុងម៉ា ដែលមានតម្លៃចាប់ពីជាង ១០ដុល្លារ ដល់៦០ដុល្លារ តាមខ្នាតនីមួយៗ។
 
ស្ត្រីសម្បុរស ភ្នែកតឹងរូបនេះ បានរៀបរាប់ថា៖ «អីវ៉ាន់ខ្ញុំស្អាតៗ ធានាគុណភាពឱ្យបាន មិនស្លែតឬស្លោកពណ៌ទេ ព្រោះខ្ញុំយកមកពីចិន ជារបស់ល្អទាំងអស់។ ខ្ញុំលក់កើនរាល់ឆ្នាំ មិនដែលខាតទេ។ កាលឆ្នាំមានកូវីដ ក៏ខ្ញុំលក់ដាច់ធម្មតា! ឆ្នាំនេះ ខ្ញុំមានមូយច្រើនជាងរាល់ឆ្នាំ ភ្ញៀវគាត់រកទិញច្រើន ព្រោះគាត់ចូលហាងខ្ញុំតែមួយ អាចទិញបានរណ្ដាប់ប្រដាសែនចូលឆ្នាំចិនគ្រប់មុខតែម្ដង»៕
 




Tag:
 សែនចូលឆ្នាំចិន
 កុងម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com