អន្តរជាតិ
បក្សកាន់អំណាចនូវែលសេឡង់ ស្វែងរកនាយករដ្ឋមន្រ្តីថ្មីជំនួសលោកស្រី អាឌើន
20, Jan 2023 , 4:59 pm        
រូបភាព
បេក្ខភាពដែលនឹងឈរឈ្មោះបន្តតំណែងនាយករដ្ឋមន្ត្រីនូវែលសេឡង់ពីលោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) ដែលទើបតែប្រកាសលាលែងពីតំណែង នឹងត្រូវបង្ហាញនៅព្រឹកថ្ងៃទី២១ ខែមករា។  នេះបើតាមការបញ្ជាក់របស់មន្រ្តីបក្សពលករកំពុងកាន់អំណាចក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២០ ខែមករា។ ការបោះឆ្នោតក្នុងបក្ស នឹងធ្វើឡើងនៅថ្ងៃបន្ទាប់។



នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន ដែលបានចូលកាន់តំណែងក្នុងវ័យ៣៧ឆ្នាំ និងស្ថិតក្នក្នុងចំណោមមេដឹកនាំវ័យក្មេងផ្សេងទៀត នៅថ្ងៃទី១៩ ខែមករា បានប្រកាសចុះចេញពីតំណែងនៅត្រឹមថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ បើតាមលោកស្រី Ardern ការសម្រេចចិត្តចុះចេញពីតំណែងនេះ ដោយសារវាជាការទទួលខុសត្រូវដ៏ធំ ហើយលោកស្រីបានធ្វើកិច្ចការអ្វីដែលអាចធ្វើបានរួចអស់ហើយ។ 
 
បក្សពលករដែលគ្រប់គ្រងអំណាច ក៏ចាប់ផ្ដើមរើសនាយករដ្ឋមន្រ្តីថ្មីដែរ។ ប្រធានកិច្ចការបក្សពលករ លោក Duncan Webb នៅថ្ងៃទី២០ ខែមករា បានអះអាងថា សមាសភាពដែលប្រជែងកៅអីនាយករដ្ឋមន្រ្តី នឹងត្រូវបង្ហាញនៅព្រឹកថ្ងៃទី២១ មុនថ្ងៃបោះឆ្នោតក្នុងបក្សមួយថ្ងៃ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីមួយចំនួនក្នុងរដ្ឋាភិបាលលោកស្រី អាឌើន ត្រូវមើលឃើញជាបេក្ខភាពសក្តិសម។ លោក Chris Hipkins អតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការកូវីដ-១៩ និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអប់រំ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Kiri Allen និងរដ្ឋមន្ត្រីទូរគមនាគមន៍ លោក Michael Wood ស្ថិតក្នុងបេក្ខជនដែលមានសង្ឃឹមខ្ពស់។
 
ដោយឡែក លោក Chris Hipkins បានប្រាប់អង្គភាពសារព័ត៌មាន Newshub នៅថ្ងៃទី២០ ថារដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ដើម្បីធានាការសម្រេចចិត្តជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីត្រឹមត្រូវនិងផ្ដល់ប្រយោជន៍រួមល្អបំផុតទៅសម្រាប់នូវែលសេឡង់។ យ៉ាងណាមិញ លោក Hipkins មិនបានបញ្ជាក់ថា ខ្លួនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីឡើយ។ 
 
ប្រធានកិច្ចការបក្សពលករ លោក Webb លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ដដែលថា បេក្ខភាពនីមួយៗត្រូវការការគាំទ្រពីសភាយ៉ាងតិច៧រូប ដើម្បីទទួលបានការតែងតាំងជាបេក្ខភាពឈរឈ្មោះបោះឆ្នោត។ បេក្ខភាពដែលអាចអង្គុយកៅអីនាយករដ្ឋមន្ត្រី ត្រូវវទទួលបានសំឡេងគាំទ្រ២ភាគ៣នៃសមាជិកបក្សពលករក្នុងសភានូវែលសេឡង់។ សមាជិកសភាមកពីបក្សពលករមាន៦៤រូប ដូច្នេះអ្នកឈ្នះត្រូវការសំឡេងគាំទ្រពីសមាជិកយ៉ាងតិច៤៣រូប។ ​ 
 
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មី នឹងត្រូវដឹកនាំ​ប្រទេស​រយៈពេល​ជាង​ប្រាំបីខែប៉ុណ្ណោះ ខណៈការបោះឆ្នោតថ្នាក់ជាតិអាណត្តិថ្មីរបស់នូវែលសេឡង់ នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែតុលាខាងមុខ៕ 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com