អន្តរជាតិ
អាម៉េរិកនិងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះធុនធ្ងន់ទៅអ៊ុយក្រែន ទោះរុស្ស៊ីព្រមានពីផលវិបាក
26, Jan 2023 , 9:59 am        
រូបភាព
រថក្រោះចម្បាំងរបស់អាល្លឺម៉ង់ Leopard 2 ។ រូបថត AFP
រថក្រោះចម្បាំងរបស់អាល្លឺម៉ង់ Leopard 2 ។ រូបថត AFP
អាល្លឺម៉ង់ នៅថ្ងៃទី២៥ ខែមករា ប្រកាសផ្ដល់រថក្រោះធុនធ្ងន់ប្រភេទ Leopard ២ ទៅអ៊ុយក្រែន ដែល​ចាំបាច់ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ទោះបីជាទីក្រុងមូស្កូចាត់ទុកជាការបង្កហេតុ។​ អាល្លឺម៉ង់ ​ក៏បើកផ្លូវឱ្យប្រទេសលោកខាងលិចផ្សេងៗទៀត បញ្ជូនរថក្រោះ និងអាវុធុនធ្ងន់ទៅអ៊ុយក្រែនដែរ។ អាម៉េរិក ក៏ប្រកាសផ្ដល់រថក្រោះទំនើបរបស់ខ្លួនឱ្យអ៊ុយក្រែនដែរ។

 
ជាការផ្លាស់ប្ដូរដ៏ធំ ពីការគាំទ្រដើម្បីការពារខ្លួនទៅជាការប្រយុទ្ធ អាម៉េរិក និងអាល្លឺម៉ង់ ប្រកាសផ្ដល់រថក្រោះទំនើបៗរបស់ខ្លួនទៅឱ្យអ៊ុយក្រែន ដែលប្រឈមមុខការឈ្លានពាន​របស់​រុស្ស៊ី។ នៅថ្ងៃទី២៥ ខែមករា អាល្លឺម៉ង់សម្រេចបញ្ជូនរថក្រោះធុនធ្ងន់ Leopard ២ ចំនួន១៤គ្រឿងទៅអ៊ុយក្រែន ហើយ​ក៏​បើកផ្លូវឱ្យប្រទេសសមាជិកសម្ព័ន្ធយោធាណាតូផ្សេងៗទៀត ដូចជាប៉ូឡូញ អេស្ប៉ាញ និងន័រ​វែស​ បញ្ជូន​រថក្រោះប្រភេទដដែលនេះទៅអ៊ុយក្រែនដែរ។
 
«ការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​តាម​ទម្លាប់​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន ​ឲ្យ​អស់​ពី​សមត្ថភាព។ យើងកំពុងធ្វើ​សកម្មភាពក្នុងលក្ខណៈសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអន្តរជាតិផងដែរ»។ អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល លើកឡើងបែបនេះ ក្នុងសេចក្ដីថ្លែងការណ៍មួយរួចបន្តថា ការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន​ នៅអាល្លឺម៉ង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយអាល្លឺម៉ង់ ក៏នឹងផ្តល់ការដឹកជញ្ជូន និងគ្រាប់​រំសេវ​ផងដែរ។
 
ជាមួយគ្នានោះ អាល្លឺម៉ង់នឹងចេញលិខិតអនុញ្ញាតផ្ទេរ ដល់ប្រទេសដៃគូដែលចង់ចែកចាយរថក្រោះ Leopard ២ ពី​ស្តុក​របស់ពួកគេទៅកាន់អ៊ុយក្រែនក្នុងរយៈពេលខ្លី។
 
ប៉ុន្មានម៉ោងបន្ទាប់ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏ប្រកាសផ្ដល់រថក្រោះ M1 Abram ចំនួន៣១គ្រឿង ឱ្យទីក្រុងកៀវដូចគ្នា។ ពីសេតវិមាន លោក​ បៃឌិន បញ្ជាក់ថា រថក្រោះនេះ ជាអាវុធចាំបាច់ ដើម្បីជួយអ៊ុយក្រែនក្នុងសមរភូមិដីរាប ហើយលោកក៏អរគុណអាល្លឺម៉ង់ ចំពោះការផ្ដល់រថក្រោះឱ្យអ៊ុយក្រែនផងដែរ។
 
ជាមួយនឹងការគាំទ្រថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏អរគុណអាម៉េរិក និងអាល្លឺម៉ង់។ នៅលើបណ្ដាញ Twitter លោក សរសេរថា ពិភពលោកសេរីរួបរួមគ្នាដែលមិនធ្លាប់ពីមុនដើម្បីគោលដៅរួម៕
 

Tag:
 អាម៉េរិក
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com