ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ យន្តការច្រកចេញចូលតែមួយ នឹងជួយឱ្យ​ការផ្តល់សេវានៅ​សង្កាត់សំរោងកាន់​​តែរលូន
27, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ ឈិន សុភារើន(យុវជនសង្កាត់សំរោង) 

ក្រុងសំរោង, ឧត្ដរមានជ័យ៖ យន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោង ឧត្តរមានជ័យ បានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៣នេះ។ លោក ចៀប តុប ចៅសង្កាត់សំរោង បានឱ្យដឹងថា យន្តការច្រកចេញ​ចូលតែមួយនេះ នឹងជួយឱ្យការផ្តល់ និងទទួល សេវារដ្ឋបាលរវាងមន្ត្រី និងពលរដ្ឋកាន់តែរលូន។ លើសពីនេះ យន្តការថ្មីនេះ នឹងធានាបន្ថែមទៀតតម្លាភាពនៃការផ្តល់សេវារបស់អាជ្ញាធរសង្កាត់។

បើតាមលោកចៅសង្កាត់រូបនេះ យន្តការច្រកចេញចូលតែមួយរដ្ឋបាលសង្កាត់ផ្តល់សេវា​ជា ប្រមាណ ១៣មុខសេវា​ជូនពលរដ្ឋ ក្នុងនោះមាន ១០សេវាមិនតម្រូវឱ្យបង់ថ្លៃនោះទេ ដែលមានដូចជា ការធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍សំបុត្រមរណភាព ចុះបញ្ជីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងធ្វើឯកសារផ្សេងៗទៀត​។ «ច្រកចេញ-ចូលតែមួយនៅសង្កាត់សំរោងធ្វើឡើង ក្រោមការអនុញ្ញាត ពីរដ្ឋាភិបាលដែលបានកំណត់ ហើយការផ្ដល់សេវាមួយចំនួនត្រូវបង់ថវិកា និងសេវាមួយចំនួនទៀត ពលរដ្ឋមិនតម្រូវឱ្យបង់ថ្លៃសេវានោះទេ»។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង។
 

លោក ចៀប តុប ចៅសង្កាត់សំរោង 
 
សូមជម្រាបថា យន្តការច្រកចេញចូលតែមួយរដ្ឋបាល-សង្កាត់ ជាយន្តការ​ថ្មីបន្ថែមទៀត ដែលរដ្ឋបាលឃុំ-សង្កាត់នីមួយៗទើបចាប់ផ្តើមអនុវត្តន៍។ ដូច្នេះកិច្ចការចម្បងដែលរដ្ឋបាលឃុំ-សង្កាត់ ចាប់ផ្តើមមុនគេ គឺការផ្សព្វផ្សាយអំពីយន្តការថ្មីនេះដល់ពលរដ្ឋឱ្យបានយល់ដឹង​។ តុប បានបញ្ជាក់ថា៖ «បច្ចុប្បន្នកំពុងផ្សព្វផ្សាយដល់ពលរដ្ឋជុំវិញការបើកដណើរច្រកចេញចូលនេះ តែពុំទាន់បានទូលំទូលាយនោះទេ ព្រោះវាថ្មីដែរ»។
 
ទោះជាយ៉ាងនេះក្តី លោក ចៀប តុប បញ្ជាក់ថា អាជ្ញាធរសង្កាត់នឹងពន្លឿនការផ្សព្វផ្សាយពីសេវាថ្មីនេះ ហើយលោកក៏សង្ឃឹមដែរថាប្រជាពលរដ្ឋដែលបានដឹងព័ត៌មាននេះ នឹងចូលរួមអនុវត្តឱ្យបានល្អប្រសើរ ហើយជំរុញឱ្យការផ្តល់សេវារដ្ឋបាលនៅសង្កាត់សំរោង កាន់តែរលូន និងមានតម្លាភាព៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះគឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត នោះទេ)
 
 
 
 

Tag:
 ច្រកចេញចូលតែមួយ
  សេវាសាធារណៈ
  ឧត្ដរមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com