ជាតិ
តាកែវ សៀមរាប និងកំពង់ឆ្នាំង ជាខេត្តគោលដៅដែលរដ្ឋាភិបាលផ្ដល់អាហារូបត្ថម្ភដល់កុមារស្គមស្គាំង
29, Jan 2023 , 10:29 pm        
រូបភាព
លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបភាព៖ ញឹក សំអូន
លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបភាព៖ ញឹក សំអូន
ដោយ:
រដ្ឋាភិបាលនឹងអនុវត្តគម្រោងផ្តល់អាហារូបត្ថម្ភដល់កុមារ នៅក្នុងខេត្តគោលដៅចំនួន៣​ សម្រាប់ឆ្នាំ២០២៣។ ក្នុងនោះមានខេត្តសៀមរាប តាកែវ និងកំពង់ឆ្នាំង។ នេះជាការលើកឡើងរបស់លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។

 
មកទល់បច្ចុប្បន្ន ក្រសួងសុខាភិបាលបានសហការជាមួយអង្គការដៃនានាពង្រីកសេវាថែទាំកុមារខ្វះអាហារូបត្ថម្ភ នៅគ្រប់រាជធានី-ខេត្ត បានជាង៣០មន្ទីរពេទ្យហើយ។ លើសពីនេះក្រសួងក៏មានផែនការពង្រីកការផ្ដល់អាហារូបត្ថម្ភមធ្យម ដល់កុមារដែលខ្វះអាហារូបត្ថម្ភនៅតាមបណ្ដាខេត្តគោលដៅមួយចំនួនទៀត ផងដែរ។ ក្នុងសិក្ខាសិលាណែនាំគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី២៧មករា លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា​ ខេត្តគោលដៅដែលរដ្ឋាភិបាលផ្ដល់អាហារូបត្ថម្ភដល់កុមារស្គមស្គាំង គឺមានខេត្តសៀមរាប តាកែវ និងកំពង់ឆ្នាំង។​
 
បើតាមលោកស្រី សោភ័ណនារី  កុមារភាគច្រើននៅខេត្តទាំងនោះ មានជំងឺស្គមស្គាំង ឬខ្វះអាហារូបត្ថម្ភ តាមរយៈអ្នកជំនាញបានថ្លឹងទម្ងន់ និងវាស់ដោយម៉ែត្រតូចមួយនៅដើមដៃហើយកំណត់តាមពណ៌។ លោកស្រី បន្តពន្យល់ថា  បើគេវាស់ទៅឃើញលទ្ធផលពណ៌បៃតង កុមារនោះគឺមានសុខភាពល្អ, បើលទ្ធផលពណ៌ទឹកក្រូចបង្ហាញថាកុមារខ្វះអាហារូបត្ថម្ភកម្រិតមធ្យម និងលទ្ធផលចេញពណ៌ក្រហម គឺខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលត្រូវបញ្ចូនកុមារទៅមន្ទីរពេទ្យដើម្បីព្យាបាល។


 
លោកស្រី បានបន្ថែមថា ចំពោះអាហារូបត្ថម្ភសម្រាប់ព្យាបាលឱ្យកុមារខ្វះអាហារូបត្ថម្ភ ឬស្គមស្គាំងនៅកម្ពុជានេះ មិនតម្រូវឱ្យបង់ថវិកានោះឡើយ។
ជុំវិញការអនុវត្តគម្រោងផ្ដល់អាហារូបត្ថម្ភដល់កុមារនៅក្នុងឆ្នាំ២០២៣ លោកស្រី ប្រាក់ សោភ័ណនារី រំពឹងថាកុមារកម្ពុជា នឹងទទួលបានការថែទាំព្យាបាលទាន់ពេលវេលា ដើម្បីជៀសវាងពីបញ្ហាខ្វះអាហារូបត្ថម្ភ ដែលអាចធ្វើឱ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ដើម្បីបង្ការនូវបញ្ហានេះ លោកស្រី ទាមទារឱ្យអាណាព្យាបាលដែលមានកូនកង្វះអាហារូបត្ថម្ភ សូមនាំកូនទៅព្យាបាលនៅមណ្ឌលសុខភាពឱ្យទាន់ពេលវេលា។ 
 
ជាមួយគ្នានេះ អង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា ក៏មានគម្រោងផ្ដល់អាហារូបត្ថម្ភដល់កុមារប្រមាណ ១០០០នាក់ ដែលស្ថិតក្នុងតំបន់គោលដៅរួមមាន៖ ខេត្តតាកែវ (នៅស្រុកបាត់ទី និងដូនកែវ), សៀមរាប (នៅស្រុកសូត្រនិគម) និងខេត្តកំពង់ឆ្នាំង(ស្រុកកំពង់ត្រឡាច និងស្រុកបរិបូណ៌)។ បើតាម លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា គម្រោងនេះនឹងអនុវតុ្តពីឆ្នាំ២០២៣ដល់ ២០២៧។​
 

លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា  

លោកបានបញ្ជាក់ថា៖« ការព្យាបាល និងផ្ដល់អាហារូបត្ថម្ភដល់កុមារនេះ គឺមានសារសំខាន់ណាស់ ព្រោះបានជួយកាត់បន្ថយកុមារខ្វះអាហារូបត្ថម្ភ។ ហើយពេលកុមារមានសុខភាពផ្នែករាងកាយ និងស្មារតីបានល្អ​ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក៏បានល្អនោះដែរ»។ 

កុមារភាគច្រើនដែលមានជំងឺស្គមស្គាំ គឺដោយសារម្ដាយឪពុកមិនបានផ្ដល់អាហារូបត្ថម្ភឱ្យកូនៗបានគ្រប់គ្រាន់ ឬមើលថែពួកគេបានដិតដល់។ លោក ក្រើន បានរំឭកយ៉ាងដូច្នេះ៖«ក្រសួងសុខាភិបាល បានកំណត់រួចហើយ កុមារអាយុក្រោម៦ខែ ម្ដាយត្រូវបំបៅកូនដោយទឹកដោះតែមួយគត់ តែបើមិនបានផ្ដល់ឱ្យកូនគ្រប់គ្រាន់ទេ កូននឹងមានបញ្ហាកង្វះអាហារូបត្ថម្ភជាមិនខាន។ កុមារអាយុ ៦ខែឡើងទៅ ម្ដាយត្រូវឱ្យកូនបរិភោគអាហារឱ្យគ្រប់គ្រាន់តាមស្តង់ដាបរិមាណ និងគុណភាព»។ 
 
បើតាមរបាយការណ៍បឋមរបស់អង្គការអង្គេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា នៅកម្ពុជាមានកុមារប្រមាណ ៥០០០០នាក់ ដែលកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ(SAM) មិនបានព្យាបាល ដោយបន្ថែមបន្ទុកនៃជំងឺ និងការស្លាប់នៅក្នុងចំនួនប្រជាជនអាយុក្រោម៥ឆ្នាំ និងបណ្ដាលឱ្យការលូតលាស់របស់កុមារនៅមានកម្រិត។ ក្នុងឆ្នាំ២០២១-២០២២ កុមារស្គមស្គាំង នៅកម្ពុជាប្រមាណ ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានទទួលការព្យាបាល៕
 

Tag:
 កុមារខ្វះអាហារូបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com