ជាតិ
គ្រូចម្រៀងបុរាណផ្នែកមហោរី ឌួង ម៉ារ៉ី ទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ រូបពីហ្វេសប៊ុក ម៉ារ៉ី ឌួង
× ភ្នំពេញ៖ អ្នកគ្រូ ឌួង ម៉ារ៉ី ដែលជាសិល្បការិនី និងជាគ្រូចម្រៀងបុរាណ ផ្នែកមហោរី បានទទួលមរណភាព នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ សពនឹងត្រូវបូជានៅថ្ងៃសុក្រ ទី៣ កុម្ភៈ វេលាម៉ោង៣រសៀល។ នេះបើតាមហ្វេសប៊ុករបស់លោក ណុប ចំណាប់ ដែលត្រូវជាកូនប្រុសទោល។
លោក ណុប ចំណាប់ បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកថា សពរបស់អ្នកស្រី ឌួង ម៉ារ៉ី តម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះរបស់លោក ស្ថិតក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ លោកក៏បានប្រកាសក្នុងហ្វេសប៊ុកផងដែរ ដោយអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមពិធីបុណ្យសពម្ដាយ និងពិធីរំលាយសពផងដែរ។
លោក ណុប ចំណាប់ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ម្ដាយរបស់លោក មានជំងឺពុកឆ្អឹង អស់រយៈពេល២ឆ្នាំមកហើយ។ ហើយ១ឆ្នាំចុងក្រោយនេះ អ្នកគ្រូត្រូវសម្រាន្តលើកន្ទេលរហូត។ ដោយឡែកនៅមួយរយៈពេលចុងក្រោយ ជំងឺនេះកាន់តែវិវឌ្ឍន៍អាក្រក់ឡើង។
ស្ថិតក្នុងជន្មាយុ៧៦ឆ្នាំអ្នកគ្រូ ឌួង ម៉ារ៉ី ធ្លាប់បានឆ្លងកាត់ការវះកាត់គីសក្នុងថ្លើមម្ដង កាលពីច្រើនឆ្នាំមុន។ អ្នកគ្រូ ឌួង ម៉ារ៉ី គឺជាគ្រូចម្រៀងមហោរី និងចម្រៀងបុរាណ។ សិល្បការិនី ឌួង ម៉ារ៉ី បានចូលសិល្បៈ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយក្រោយសម័យសង្គ្រាម អ្នកគ្រូបានចូលសិល្បៈជាថ្មីចាប់ពីឆ្នាំ១៩៧៩ រហូតដល់ថ្ងៃដែលអ្នកគ្រូឈឺក្រោកមិនរួច។ ចំពោះជីវភាពវិញ លោក ណុប ចំណាប់ ធ្លាប់បានអះអាងថា ក៏ជួបការលំបាកដែរ ព្រោះលោកជាប់នៅថែម្ដាយ មិនអាចទៅធ្វើការងារបាន៕
Tag:
សិល្បៈ
ចម្រៀង
សិល្បៈបុរាណ
មហោរី
មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com