ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋឃុំកំពង់ស្វាយ​ ពេញចិត្តការផ្ដល់សេវាសាធារណៈរបស់ឃុំ
09, Feb 2023 , 7:59 am        
រូបភាព
ដោយ៖ ជឿង ស្រីចាន់ (យុវជនឃុំកំពង់ស្វាយ)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយ ពេញចិត្តចំពោះការផ្ដល់សេវាសាធារណៈរបស់ឃុំ ដែលតែងតែបានយកចិត្តទុកដាក់ ផ្ដល់ស្នាមញញឹមនៅពេលដែលពលរដ្ឋទៅធ្វើឯកសារផ្សេងៗនៅក្នុងសាលាឃុំ។



អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តពង់ធំ បានលើកឡើងថា លោកមេឃុំ និងក្រុមមន្រ្តីដែលធ្វើការនៅឃុំកំពង់ស្វាយ រស់រាយរាក់ទាក់ ស្វាគមន៍គ្រប់ពលរដ្ឋទាំងអស់ ដែលបានទៅធ្វើឯកសារនៅទីនោះ។ 
 
អ្នកស្រី សុខខេម បន្តថា រូបគាត់តែងតែយកឯកសារឱ្យមេឃុំចុះហត្ថលេខា និងបោះត្រាចេញពីឃុំ ព្រោះអ្នកជាគ្រូបង្រៀនមតេយ្យ ដូច្នេះហើយចំាបាច់ ត្រូវរៀបចំឯកសារបញ្ជូនទៅមន្ទីរអប់រំស្រុក។ ក្រៅពីនោះ អ្នកស្រី ក៏បានទៅធ្វើសំបុត្រកំណើតឱ្យកូនផងដែរ។ 
 

អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ពលរដ្ឋរូបនេះ បានរៀបរាប់យ៉ាងដូច្នេះ កាលដែលអ្នកស្រីទៅធ្វើឯកសារនៅឃុំ គឺមេឃុំមិនបានទាមទារប្រាក់ថ្លៃសេវានោះទេ ហើយពេលនោះការធ្វើឯកសាររហ័សលឿន និងត្រូវបានរង់ចាំយូរឡើយ។ អ្នកស្រី សុខខេម បញ្ជាក់ថា៖«ខ្ញុំពេញចិត្ត ការផ្ដល់សេវារបស់ឃុំខ្ញុំ ព្រោះពួកគាត់យកចិត្តទុកដាក់ជួយពលរដ្ឋ មិនមានការរើសអើងនោះទេ! ខ្ញុំសប្បាយចិត្តមែនទែន ពេលទៅរកពួកគាត់ គាត់ធ្វើឱ្យភ្លាម» ។
 
ជាមួយគ្នានេះ អ្នកស្រី អ៊ូ សុខខេម សំណូមពរឱ្យអាជ្ញាធរភូមិឃុំ ជួយផ្ដល់សេវាឱ្យពលរដ្ឋ និងជួយអភិវឌ្ឍន៍ភូមិ-ឃុំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
 
អ្នកស្រី អ៊ា ចន្ថា ពលរដ្ឋរស់នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កន្លងមកធ្លាប់ទៅធ្វើឯកសារនៅសាលាឃុំដែរ គឺធ្វើសំបុត្រកំណើតកូន។ បើតាមអ្នកស្រីអ៊ា ចន្ថា នៅពេលដែលទៅធ្វើសំបុត្រកំណើតកូន គឺខាងក្រុមការងារឃុំកំពង់ស្វាយ រួសរាយរាក់ទាក់ ផ្ដល់ស្នាមញញឹម ស្វាគមន៍ និងយកចិត្តទុកដាក់ក្នុងការធ្វើឯកសារជូនពលរដ្ឋ។
  

អ្នកស្រី អ៊ា ចន្ថា ពលរដ្ឋរស់នៅភូមិទៀមចាស់  ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ពលរដ្ឋរូបនេះ បានបន្ថែមថា ពេលធ្វើសំបុត្រកំណើតមិនអស់ប្រាក់នោះទេ។ អ្នកស្រី ចន្ថា បន្តថា៖« ខ្ញុំពេញចិត្តចំពោះការផ្ដល់សេវារបស់ឃុំ ព្រោះពួកគាត់ខិតខំធ្វើឯកសារឱ្យពលរដ្ឋបានទាន់ពេលវេលា និងមិនតម្រូវឱ្យបង់បង់ប្រាក់នោះទេ»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com