កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សូហ្វតិន្នីស៖ កីឡាការិនី ម៉េត ម៉ារីយ៉ាន យកពិសោធន៍ប្រកួតនៅជប៉ុន ពង្រឹងខ្លួនប្រជែងមេដាយស៊ីហ្គេមនៅកម្ពុជា
09, Feb 2023 , 10:49 am        
រូបភាព
កីឡាការិនីសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ពេលកមពុងហ្វឹកហាត់។ រូបពី ម៉េត ម៉ារីយ៉ាន
កីឡាការិនីសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ពេលកមពុងហ្វឹកហាត់។ រូបពី ម៉េត ម៉ារីយ៉ាន
ដោយ:
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិក ១៦រូបទៅប្រទេសជប៉ុនដើម្បីចូលរួមប្រកួតកីឡាសូហ្វតិន្នីសក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championships World Ranking Certified Match នៅទីក្រុង Naha ខេត្តOkinawa។ កីឡាការិនី ម៉េត ម៉ារីយ៉ាន ដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងយកឱកាសប្រកួតនេះ ជាបទពិសោធថ្មីសម្រាប់ពង្រឹងខ្លួន និងកែលម្អចំណុចខ្វះខាត ដើម្បីត្រៀមប្រជែងមេដាយនៅស៊ីហ្គេម ឆ្នាំ២០២៣។

 
កីឡាករ-កីឡាការិនីកីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជា បានទៅដល់ទឹកដីប្រទេសជប៉ុនហើយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចូលរួមការប្រកួតកីឡាសូហ្វតិន្នីសក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championships World Ranking Certified Match។ ការប្រកួតនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អត្តពលិកកម្ពុជាដកស្រង់បច្ចេកទេស ត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 

ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជា។ រូបពី ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ
 
កីឡាការិនីសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ចាត់ទុកការប្រកួតក្រៅប្រទេសជាលើកទី២របស់ខ្លួនមានអត្ថប្រយោជន៍ច្រើនសម្រាប់ដកស្រង់បទពិសោធពីអត្តពលិកដែលមានកម្រិតបច្ចេកទេសល្អៗមកពីបណ្តាប្រទេសខ្លាំងៗមួយចំនួន។
 
ម៉ារីយ៉ាន ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា៖«ប្រសិនបើជួបគូប្រកួតខ្លាំងជាង ខ្ញុំនឹងយកបទពិសោធនេះទៅហ្វឹកហាត់បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព ដោយប្តូរចំនុចខ្វះខាត»។ ដោយសារបញ្ហាកូវីដ-១៩ រាំងស្ទះ២ឆ្នាំ ជាហេតុផលមិនអាចចេញប្រកួតក្រៅស្រុក ម៉ារីយ៉ាន ចាត់ទុកប្រកួតនៅទឹកដីជប៉ុននេះជាឱកាសល្អសម្រាប់ត្រៀមស៊ីហ្គេមនៅកម្ពុជា។
 
«ដោយសារកូវីដ-១៩ ២ឆ្នាំហ្នឹងយើងអត់សូវបានចេញប្រកួតទេ អ៊ីចឹង!អត់សូវដឹងពីសមត្ថភាពអត្តពលិកស្រុកគេទេ។ បច្ចេកទេសដែលត្រូវកែលម្អរបន្ថែមមាន ការទទួលបាល់, ការយកបាល់ក្រោម ការដេញបាល់ឱ្យបានលឿន និងពង្រឹងការវាយសេវារបស់ខ្លួនបន្ថែម»។ នេះជាការលើកឡើងរបស់ ម៉េត ម៉ារីយ៉ាន។
 
គួបញ្ជាក់ថា កម្ពុជា បានបញ្ជូនប្រតិភូដឹកនាំ២រូប គ្រូបង្វឹក២រូប កីឡាករ៦រូប និងកីឡាការិនី៦រូបចូលរួមប្រកួតព្រឹត្តិការណ៍ The 2023 International Soft Tennis Championships World Ranking Certified Match នៅប្រទេសជប៉ុន ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយប្រទេសចូលរួមចំនួន៨ប្រទេស៕
 

Tag:
 កីឡាសូហ្វតិន្នីស
 ម៉េត ម៉ារីយ៉ាន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com