ជាតិ
សេដ្ឋកិច្ច
ឥណទានមិនដំណើរការក្នុងប្រព័ន្ធធនាគារនៅកម្ពុជាកើនដល់រង្វង់ ១ ៦០០លានដុល្លារ​
09, Feb 2023 , 11:59 am        
រូបភាព
ភ្នំពេញ៖ បំណុលឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា កើនដល់ ៥៦,១ ពាន់ដុល្លារអាម៉េរិក ឬស្មើនឹងជិត១៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។ ក្នុងចំណោមបំណុលនេះ មានប្រមាណ៣ភាគរយ គឺជាឥណទានមិនដំណើរការ​ ដែលអត្រា​នេះគិតនៅត្រឹមដំណាច់ឆ្នាំ២០២២​។

 
កម្ចី ឬ បំណុលក្នុងប្រព័ន្ធធនាគារ​ដែលមិនដំណើរការនៅទូទាំងប្រទេស គឺ​មាន ១ ៦៨៣លានដុល្លារអាម៉េរិក។ បើតាមលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដ្បិតឥណទានទាំងជាង ១ ៦០០លានដុល្លារនេះ មិនដំណើរការ ប៉ុន្តែវាមិនមែនជាឥណទានស្អុយ ឬ ជាឥណទានមិនអាចទារមកវិញទេ។ មានន័យថា ឥណទានមិនដំណើរការទាំងនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅតែមានលទ្ធភាពទារមកវិញបាន គ្រាន់តែស្ថិតក្នុងរយៈពេលណាមួយ ដែលលើសពីការកំណត់នៃកិច្ចសន្យា រវាងស្ថាប័នហិរញ្ញវត្ថុ និងអតិថិជន។
 
«ឥណទានមិនដំណើរការទាំងអស់នេះ គឺជាឥណទានដែលអតិថិជនយឺតយ៉ាវ ក្នុងការបង់ត្រឡប់មកវិញ លើសពី៣០ថ្ងៃ»។ លោក សុខ វឿន បញ្ជា​ក់បែបនេះ ក្នុងសន្នីសិទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នាថ្ងៃទី៧កុម្ភៈ។ លោកបន្តយ៉ាងដូច្នេះ៖ «អ្នកខ្លះ យឺតយ៉ាវបង់៦០ថ្ងៃ, អ្នកខ្លះយឺត៩០ថ្ងៃ, អ្នកខ្លះយឺត១៨០ថ្ងៃ និងអ្នកខ្លះយឺត៣៦០ថ្ងៃ តែមិនមានន័យថា ទំហំឥណទានមិនដំណើរការជាង ១ ៦០០លានដុល្លារ នោះជាឥណទានស្អុយទេ! »។


 លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងសន្នីសិទសារព័ត៌មានស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន

លោក សុខ វឿន បន្តពន្យល់ថា​ សម្រាប់ឥណទានមិនដំណើរការចំនួន៣ភាគរយ ក្នុងឆ្នាំ២០២២  ជាទំហំដែលកើនត្រឹម ០,៥ភាគរយ ប៉ុណ្ណោះ​ពីឆ្នាំ២០២១។ ពោលនេះមិនមែនជាអត្រាហក់ឡើងភ្លាម ដល់៣ភាគរយក្នុងមួយឆ្នាំ ដែលបង្កជាហានិភ័យ ឬ ក្តីបារម្ភទៅលើទំហំបំណុលឯកជនសរុបក្នុងប្រព័ន្ធធនាគារទាំងមូលឡើយ។ 
 
ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា​ ក្នុងចំណោមឥណទានសរុប នៅគ្រឹះស្ថានធនាគារដែលមាន ​៤៦ ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ ៣ភាគរយ ជាឥណទានមិនដំណើរការ ខណៈនៅគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុមាន ២,៦ ភាគរយ នៃទំហំឥណទាន ៩,៧ ពាន់លានដុល្លារ។  លោកបញ្ជាក់ថា៖ «ចំនួនឥណទានមិនដំណើរការនេះ​ បើធៀបនឹងឆ្នាំ២០២១ គឺវាឡើងបន្តិច ប៉ុន្តែវាមិនមែនដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបានទេ!»។ 
 

 លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងសន្នីសិទកាសែតស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន

បើតាមអនុប្រធានសមាគមធនាគារនៅកម្ពុជារូបនេះ បើទោះបីឥណទានមិនដំណើរការបានកើនឡើងក៏ដោយ ប៉ុន្តែវាស្ថិតក្នុងភាពល្អនៅឡើយ ធៀបនឹងស្ថានភាពប្រតិបត្តិការជាក់ស្តែងនៃឥណទានមានដល់ ៥៦,១ពាន់លានដុល្លារ ក្នុងប្រព័ន្ធធនាគារទាំងមូល។ លោក សោភ័ណ្ឌ បានបន្ថែមថា ​ការកើនឡើងឥណទានមិនដំណើការនេះ គឺដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩, អតិផរណា ការដំឡើងការប្រាក់របស់ធនាគារកណ្តាល​អាម៉េរិក រួមទាំងសម្ពាធសេដ្ឋកិច្ច និងសង្គមនានា ដែលបណ្តាលមកពីសង្រា្គមនៅអ៊ុយក្រែន​ជាដើម នារយៈពេល៣ឆ្នាំចុងក្រោយមកនេះ។ 
 
ពាក់ព័ន្ធនឹងកំណើននៃបំណុលឯកជនក្នុងប្រព័ន្ធធនគារ ដែលមានដល់ ៥៦,១ពាន់លានដុល្លារ ស្មើនឹង ១៨០ ភាគរយនៃ GDP កន្លងមកនេះ មន្ត្រីជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញក្តីបារម្ភ ចំពោះហានិភ័យលើវិស័យសំខាន់មួយចំនួនដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ 
 

លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៣ ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» លោក វង្សី វិស្សុត ​រដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា៖«កំណើននៃបំណុលឯកជននេះ គឺមានមុខពីរ។ «ម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀត បង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយ​ឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសវិស័យសំណង់ និង អចលនទ្រព្យ»។ 
 
ជុំវិញក្តីបារម្ភនេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនា​គារជាតិនៃកម្ពុជា បានលើកឡើងថា កម្រិតបំណុលឯកជនក្នុងប្រព័ន្ធធនាគារ មានឬមិនមានហានិភ័យ គឺផ្អែកលើសូចនាករច្រើន។ ប៉ុន្តែនៅក្នុងនោះ មានសូចនាករសំខាន់ចំនួន៣ ដែលធនាគារជាតិ បានតាមដាន និងពិនិត្យមើលជាប្រចាំ។
 
បើតាមលោកស្រី ជា សិរី សូចនាករទីមួយ៖ គឺការពិនិត្យមើលល្បឿន នៃកំណើនបំណុល។ លោកស្រី បានពន្យល់យ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០មករា យ៉ាងដូច្នេះ៖ «បើសិនកំណើន [បំណុលឯកជន] ឡើងពី ៥០ ភាគរយ ហក់ដល់១៨០ភាគរយភ្លាម! នោះជាចំណុចគួរតែភ័យ»។ 
 

លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។

សម្រាប់សូចនាករទីពីរ៖ ការពិនិត្យមើលគុណភាពឥណទាន ថាតើគុណភាពឥណទាននោះវាល្អ ឬអាក្រក់? និងសូចនាករសំខាន់ទីបី​៖ គឺពិនិត្យលើការធ្វើពិពិធកម្មឥណទាន របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ថាតើលើឥណទាននៃប្រព័ន្ធធនាគារ បានផ្តល់ឱ្យទៅលើវិស័យអ្វីខ្លះ ក្នុងសេដ្ឋកិច្ចជាតិ?​ តែយ៉ាងណាអ្នកស្រី ជា សិរី មិនលម្អិតឱ្យច្បាស់នោះឡើយ ពីសូចនាករទាំងនេះ។
 
ធនាគារជាតិ ​បានបញ្ជាក់ថា ក្នុងចំណោមបំណុលឯកជនក្នុងប្រព័ន្ធធនាគារសរុប គឺមាន៤៦ពាន់លានដុល្លារ នៅគ្រឹះស្ថានធនាគារ កើន១៩,៣ភាគរយ និងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៩,៧ពាន់ដុល្លារ កើនក្នុងអត្រា ២៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ ការកើនឡើងនូវបំណុលឯកជននេះ ដោយសារការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានរបស់អតិថិជន។ 
 
បំណុលឯកជន នៅតាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិ នៅប្រព័ន្ធធនាគារ គឺមាន​ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន១៤ភាគរយ, ការជួញដូរអចលនទ្រព្យ ចំនួន៩ភាគរយ, សំណង់ ចំនួន៩ភាគរយ, ការជួញដូររាយមាន ១៦ភាគរយ, ការជួញដូរធំ មាន១០ភាគរយ, កសិកម្មមាន ៨ភាគរយ, ការឱ្យខ្ចីជាបុគ្គលមាន ១០ភាគរយ, កម្មន្តសាលមាន ៤ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤ភាគរយ, គ្រឹះស្ថានហិរញ្ញវត្ថុមាន ៤ភាគរយ និងសេវាមិនមែនធនាគារ ​និងហិរញ្ញវត្ថុផ្សេងៗមាន ៥ភាគរយ។ នេះបើតាមធនាគារជាតិ៕ 
 
 

Tag:
 ឥណទាន
  កម្ចីធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com