ជាតិ
កម្ពុជា ​គ្រោងបញ្ជូន​មន្ត្រី​ពន្ធនាគារ​៤០​រូប ទៅតំបន់ជម្លោះអន្តរជាតិ ដើម្បីជួយគ្រប់គ្រងឈ្លើយសឹក
09, Feb 2023 , 3:19 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា គ្រោងបញ្ជូនមន្ត្រីជំនាញគ្រប់គ្រងពន្ធនាគារ៤០នាក់ ទៅតំបន់កំពុងមានជម្លោះប្រដាប់អាវុធអន្តរជាតិ ដើម្បីជួយគ្រប់គ្រងអ្នកទោសនៃជម្លោះ ឬឈ្លើយសឹក។

 
មន្ត្រីជំនាញគ្រប់គ្រងពន្ធនាគារ ដែលគ្រោងបញ្ជូនទៅតំបន់ជម្លោះប្រដាប់អាវុធអន្តរជាតិនេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ដើម្បីទៅបំពេញបេសកកម្មរក្សាសន្តិភាព។ ពួកគេ នឹងទៅរយៈពេល១២ខែ។ 
 
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ កាលពីរសៀលថ្ងៃទី៨កុម្ភៈថា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយស្នងការដ្ឋាននគរបាលជាតិ ដើម្បីជ្រើសរើសមន្ត្រីកម្រិតជំនាញផ្នែកគ្រប់គ្រងពន្ធនាគារចំនួន៤០រូប។ គោលបំណងនៃការជ្រើសរើស ដើម្បីជួយគ្រប់គ្រងអ្នកទោស នៅតំបន់មានជម្លោះ។

អ្នកនាំពាក្យរូបនេះ ពន្យល់បន្ថែមថា៖ «វាជាក្របខណ្ឌ រក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ អ៊ីចឹង នៅតំបន់ជម្លោះប្រអាវុធ វាមានករណីជនជាប់ឃុំជាឈ្លើយសឹក ឬជនជាប់ឃុំផ្សេងៗនៅតំបន់អស់ទាំងហ្នឹង! ដែលត្រូវការអ្នកជំនាញពន្ធនាគារ ពីសមាជិកអង្គការសហប្រជាជាតិ»។ 
 
កម្ពុជាមានកិត្តិយស ដែល UN បានស្នើសុំមន្ត្រីជំនាញពន្ធនាគារ ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះប្រដាប់អាវុធនេះ។ លោក នុត សវនា លើកឡើងបែបនេះ ដោយបន្ថែមថា ក្រោយចប់បេសកម្ម រយៈពេល១២ខែហើយ មន្ត្រីជំនាញទាំងនោះ ក៏អាចស្នើសុំបន្ត រយៈពេល៦ទៅ១២ខែទៀតដែរ។ 
 
ការចរចាបញ្ជូនមន្ត្រីពន្ធនាគារ តាមរយៈ UN នេះ ត្រូវបានផ្តួចផ្តើមគំនិតតាំងពីឆ្នាំ២០១៨ ។ ប៉ុន្តែ ដោយសារកាលនោះធនធានមន្ត្រីពន្ធនាគារខ្វះខាត ហើយពួកគេក៏ពុំសូវចាប់អារម្មណ៍ ទើបខកខានក្នុងការបញ្ជូន។ ម្យ៉ាងទៀត ធ្លាប់មានករណីកម្លាំងមួកខៀវកម្ពុជា បានស្លាប់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលធ្វើឲ្យមន្ត្រីនៅកម្ពុជាភ័យខ្លាច។ តែបច្ចុប្បន្ននេះ ពួកគេរីករាយ ក្នុងការដាក់ពាក្យជ្រើសរើសសមាសភាពទៅបម្រើការងារនៅក្រៅប្រទេស។ នេះបើតាមលោក នុត សវនា៕ 
 

Tag:
 មន្ត្រីពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com