កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក បឺត ខាំ៖ សង្វៀនប្រដាល់កើន ជំរុញកីឡាករ-កីឡាការិនី មានឆន្ទៈប្រកួតលើឆាកអន្ដរជាតិ
09, Feb 2023 , 4:19 pm        
រូបភាព
លោក បឺត ខាំ បង្វឹកសិស្ស
លោក បឺត ខាំ បង្វឹកសិស្ស
លោក បឺត ខាំ គ្រូប្រដាល់កីឡាឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បាននិយាយថា កីឡាប្រដាល់គុនខ្មែរកម្ពុជា មានភាពរីកចម្រើនខ្លាំងជាងមុន បើធៀបអំឡុងឆ្នាំ២០១០ នៅពេលគ្រូបង្វឹករូបនេះនៅជាកីឡាករ។ ការមើលឃើញពីការរីកចម្រើនរបស់បឺត ខាំ ដោយសារសង្វៀនប្រដាល់កើតមានច្រើន ដែលជំរុញឲ្យកីឡាករកីឡាការិនី មានឆន្ទៈពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លា និងបង្កើនមហិច្ឆិតា ប្រកួតប្រជែងលើឆាកអន្ដរជាតិ។



លោក បឺត ខាំ អតីតកីឡាករប្រដាល់គុនខ្មែរ ដ៏ល្បីឈ្មោះ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា វិស័យកីឡាប្រដាល់គុនខ្មែរ មានភាពរីកចម្រើនជាខ្លាំង ហើយការផ្សព្វផ្សាយ និងគាំទ្រកាន់តែទូលំទូលាយជាងមុន។ បច្ចុប្បន្ន វិស័យកីឡាមួយនេះ មានកីឡាករ-កីឡាការិនីឆ្នើមៗ ដែលអាចនាំមុខមាត់ដ៏ល្អរបស់ប្រទេសជាតិ នៅលើឆាកអន្ដរជាតិ។ 
  

លោក បឺត ខាំ គ្រូប្រដាល់ជម្រើសជាតិកម្ពុជា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
 
ការរីចចម្រើនេះ គឺដោយសារតែមានការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន ជាពិសេសប្រជាជនកម្ពុជា ដែលជំរុញឱ្យមានសង្វៀន ប្រកួតជាច្រើនតាមបណ្ដាលប៉ុស្ដិ៍ទូរទស្សន៍។ កំណើននៃសង្វៀនប្រកួតក្នុងស្រុក និងសង្វៀនអន្ដរជាតិនៅក្រៅប្រទេស ធ្វើឲ្យកីឡាករ មមាញឹកក្នុងការហ្វឹកហាត់ ព្រោះអ្នកទាំងនោះ នឹងត្រូវជួបជាមួយគូប្រកួត ដែលមានសមត្ថភាពខ្លាំងៗជារៀងរាល់សប្ដាហ៍។ 
 
លោក បឺត ខាំ បានប្រាប់ពីជំនាន់លោកនៅប្រកួតប្រដាល់ថា កីឡាករ ប្រកួត បាន ១-២ដង ក្នុង១ខែ។ ចំណែក កីឡាករ ដែលមានឈ្មោះបោះសំឡេង ត្រូវប្រកួតអន្ដរជាតិជាមួយបរទេស គឺ ៣-៦ខែ ទើបមានសង្វៀនប្រកួតម្ដងប៉ុណ្ណោះ។
 
«ការហ្វឹកហាត់យើងខ្លាំង ប៉ុន្ដែគ្មានកន្លែងវៃ។ ប៉ុន្ដែបើធៀបទៅហ្នឹងបច្ចុប្បន្នវិញ កីឡាករ ហាត់ខ្លាំងដើម្បីត្រៀមប្រកួតរាល់សប្ដាហ៍ ព្រោះមានសង្វៀនតាមស្ថានីយ៍ច្រើន។ បើយើងនិយាយពីការប្រកួតវិញគឺច្រើនមែនទែន រកតែពេលសម្រាក់មិនបានផង។ ហើយគ្រប់ស្ថានីយ៍ចង់បានកីឡាករទាំងនោះទៅប្រកួត។ ដូច្នេះ ការហ្វឹកហាត់ត្រូវបន្ថែមខ្លាំងទៅៗ ដើម្បីត្រៀមប្រកួតជាមួយកីឡាករ ដែលមានកម្រិតខ្លាំងៗ ដូចគ្នា។»។ គ្រូជម្រើសជាតិរូបនេះ បានប្រាប់ដូច្នេះ។
 
ជាមួយបទពិសោធន៍ជាកីឡាករផង និងបទពិសោធន៍ជាគ្រូបង្វឹកផង លោក បឺត ខាំ មើលឃើញថា កម្រិតកីឡាករកម្ពុជា មិនចាញ់កីឡាករបរទេសប៉ុន្មានទេ ហើយម្យ៉ាងវិញទៀត កីឡាករកម្ពុជា សុទ្ធតែមានសមត្ថភាព ក្នុងការនាំយកមុខមាត់ជូនជាតិ ប្រសិនជាពួកគេ ប្រឹងហ្វឹកហាត់ និងមានឆន្ទៈក្នុងការប្រកួតប្រជែង។ 
 
អតីតកីឡាករប្រដាល់រូបនេះ ក៏បានបង្ហាញពីចំណុច ដែលកម្ពុជាខ្វះខាតដែរ។ ចំណុចខ្វះខាតនោះ គឺកីឡាករកម្ពុជា មិនសូវបានចូលរួមប្រកួតក្នុងសង្វៀតអន្ដរជាតិធំៗ ដូចជាកីឡាករប្រទេសជិតខាង។ ប្រសិនជាកីឡាករកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់នោះ ពួកគេ ក៏នឹងអាចដណ្ដើមបានជ័យលាភីល្អណាមួយមិនខាន។
 
លោក បឺត ខាំ បាននិយាយដូច្នេះថា៖«កីឡាករកម្ពុជា យើងមានកម្រិតល្អ។ ប៉ុន្ដែ អ្វីដែលសំខាន់យើងហាត់ទៅ មិនបានទៅប្រកួតនៅសង្វៀនធំ ដោយសារប្រទេសយើង អត់មានសង្វៀនធំ។ អ៊ីចឹងយើងប្រកួត តែនៅតាមស្ថានីយ៍ទេ។ ប៉ុន្ដែពេលយើង មានឱកាសទៅវាយនៅសង្វៀនធំ ដូចជាសង្វៀន Thai Fight ឬឆាកអន្ដរជាតិផ្សេងៗ យើងក៏មានឱកាសឈ្នះច្រើនដែរ។ អ៊ីចឹងកម្រិតក្បាច់គុនរបស់យើង គឺគេទទួលស្គាល់នៅលើពិភពលោកដូចគ្នា។»។
 
ជាឧទាហរណ៍ កីឡាករកម្ពុជា ២រូបគឺ ធឿន ធារ៉ា និងព្រំ សំណាង បានផ្ដួលគូប្រកួតត្រឹមទឹកទី១ ក្នុងការប្រកួតខ្សែក្រវ៉ាត់ Thai Fight។ ជ័យជម្នះនេះ បានធ្វើឲ្យបរទេសទទួលស្គាល់កាន់តែខ្លាំងនូវសមត្ថភាពកីឡាករ និងក្បាច់គុនប្រដាល់របស់កម្ពុជា។
 
ជាមួយនិងការកើនឡើងនៃសមត្ថភាព និងធនធានរបស់កីឡាករ-កីឡាការិនីប្រដាល់កម្ពុជា លោក បឺត ខាំ បានបញ្ជាក់ថា អត្ដពលិកប្រដាល់ឃីកបុកស៊ីង និងប្រដាល់គុនខ្មែរ បានហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ការប្រឹងប្រែងហ្វឹកហាត់នេះ ទាំងគ្រូបង្វឹក និងអត្ដពលិក បានតាំងចិត្ត និងហ្វឹកហាត់ចាប់តាំងពី ២ឆ្នាំមុនមក។​ នេះ បង្ហាញថាតួរអង្គសំខាន់ក្នុងព្រឹត្តិការណ៍កីឡានេះ មានឆន្ទៈខ្ពស់ ក្នុងការស្វែងរកមេដាយមាស និងជ័យលាភីជូនជាតិ។
 
លោក បឺត ខាំ បន្ថែមដូច្នេះថា៖«យើង បានត្រៀមតាំង ២ឆ្នាំមុន ត្រៀមទាំងក្បាច់គុន ត្រៀមកម្លាំង និងកាយសម្បទា។ ដូចនេះ មួយរយៈនេះ យើងមានការប្រកួតនៅក្រៅជាច្រើន ដែលនេះ ស្មើនិងការវាស់ស្ទង់សមត្ថភាព។ ដូចជាការប្រកួតតាមប៉ុស្ដ៍ និងស៊ីហ្គេមផ្សេងៗ នៅតាមបណ្ដាលប្រទេសកន្លងមក កម្ពុជា ធ្វើបានល្អ។ ទាំងការត្រៀមខ្លួន ២ឆ្នាំនេះ ដោយការប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ី Pre Sea Games ក្នុងស្រុក ទៅប្រកួត Championship នៅប្រទេសថៃ និងស៊ីហ្គេមនៅប្រទេសវៀតណាម គឺយើង ដណ្ដើមបានមេដាយមាស ប្រាក់ សំរិទ្ធ។ នេះ ហើយគឺជាសក្ខីភាពនាំឲ្យយើងជោគជ័យនៅស៊ីហ្គេម ក្នុងប្រទេសកម្ពុជា។»៕
 

Tag:
 ប្រដាល់គុនខ្មែរ
  បឺត ខាំ
© រក្សាសិទ្ធិដោយ thmeythmey.com