ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋឃុំកំពង់ស្វាយ ស្នើឱ្យអាជ្ញាធរជួសជុលផ្លូវក្នុងមូលដ្ឋាន ដើម្បីងាយស្រួលធ្វើដំណើរ
10, Feb 2023 , 7:59 am        
រូបភាព
ដោយ៖ ជឿង ស៊ីចាន់(យុវជនកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយ បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយជួសជុលផ្លូវឡើងវិញ ក្រោយបានងើបពីជំនន់ទឹកភ្លៀង ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងសិស្សានុសិស្សពិបាក​​​​​​​​​​​​ជិះកង់ម៉ូតូទៅសាលារៀន។

 
អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋនៅឃុំកំពង់ស្វាយ បានលើកឡើងថា ការអភិវឌ្ឍនៅក្នុងភូមិឃុំបច្ចុប្បន្នមានការរីកចម្រើនជាងមុន ព្រោះខាងឃុំបានយកចិត្តទុកដាក់ជួយស្វែងរកជំនួយពីសប្បុរជន ដើម្បីយកមកអភិវឌ្ឍផ្លូវនៅតាមភូមិនីមួយៗ ដែលមានការខូចខាតច្រើន។
 
អ្នកស្រីបន្តថា អាជ្ញាធរបានជួសជុលផ្លូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង និងឡានដឹកស្រូវធុនធំ បានចំនួន៣ទៅ ៤ខ្សែរួចមកហើយ ខណៈប្រជាពលរដ្ឋក៏បានប្រើប្រាស់ផ្លូវទាំងនោះងាយស្រួលជាងមុនផងដែរ។ អ្នកស្រីបន្តថា ប៉ុន្តែនៅកន្លែងខ្លះទៀត ក៏ពុំទាន់បានជួសជុលនោះដែរ។ ពលរដ្ឋឃុំកំពង់ស្វាយរូបនេះ បានលើកឡើងថា៖«ពេលផ្លូវពិបាក ប៉ះពាល់ដល់ការធ្វើដំណើរ ពិបាកជិះម៉ូតូជិះកង់ ពេលទៅស្រែចំការអីក៏ពិបាកដែរ! បើមានផ្លូវស្រួល ធ្វើដំណើរក៏ស្រួល ការដឹកជញ្ជូនស្រូវ ប្រាំងស្រូវវស្សាមកផ្ទះក៏ស្រួល ហើយឈ្មួញក៏ពួកគេចូលទៅទិញច្រើន »។
 

អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋនៅឃុំកំពង់ស្វាយ។

ជាមួយគ្នានេះ អ្នកស្រី សុខខេម សំណូមពរឱ្យមេភូមិមេឃុំជួយធ្វើផ្លូវ និងជួសជុលផ្លូវ ដែលខូចខាតដោយសារទឹកទំនន់ឱ្យបានល្អប្រសើរវិញបន្ថែមទៀត ដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ។
 
អ្នកស្រី អ៊ា ចន្ថា ពលរដ្ឋរស់នៅឃុំកំពង់ស្វាយ ក៏បានស្នើដល់អាជ្ញាធរឱ្យជួយជួសជុលផ្លូវនោះដែរ ដោយអ្នកស្រី បានលើកឡើងថា នៅពេលមានភ្លៀងមក ពិបាកជិះម៉ូតូជិះកង់តាមផ្លូវ គឺបែកភក់​តែម្ដង​។ បើមានផ្លូវស្រួលជិះ អាចជួយដល់កូនសិស្សពេលទៅរៀន និងអ្នកដំណើរផ្សេងៗទៀតផងដែរ។


អ្នកស្រី អ៊ា ចន្ថា ពលរដ្ឋរស់នៅឃុំកំពង់ស្វាយ។

អ្នកស្រីបញ្ជាក់ថា៖ «ផ្លូវខូចពេលគ្នា(សិស្ស)ជិះពិបាករអិលដួល កូនសិស្សខ្លះខកខានទៅសាលារៀន ព្រោះផ្លូវយើងខូច ពេលមានទឹកមកលិចអស់។ តែបើផ្លូវស្អាតជួយលើកសម្រស់ និងសោភណ្ឌភាពក្នុងភូមិយើងដែរ»។ ក្រៅពីស្នើឱ្យជួសជុលផ្លូវ អ្នកស្រី អ៊ា ចន្ថា ក៏ស្នើអាជ្ញាធរដាក់អំពូលភ្លើងតាមដងផ្លូវពុំទាន់ល្អគ្រប់គ្រាន់នោះទេ៕
 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ជួសជុលផ្លូវ
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com