ជាតិ
សេដ្ឋកិច្ច
កម្ពុជាប្រមូលពន្ធគយបានជិត ២៧០០លានដុល្លារ នៅឆ្នាំ២០២២
09, Feb 2023 , 5:02 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ រូបភាព៖ អ.គ.រ
លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ រូបភាព៖ អ.គ.រ
ដោយ:
ភ្នំពេញ៖ កម្ពុជា ប្រមូលពន្ធបានប្រមាណ ២៧០០លានដុល្លារអាម៉េរិក ដែលកើនជាង ១៨ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែកុម្ភៈ។



លោក គុណ ញឹម បានឱ្យដឹងថា កម្ពុជា ប្រមូលពន្ធបាន ២ ៦៩០,៥ លានដុល្លារអាម៉េរិក ដែលកើនប្រមាណ ១៨ភាគរយ បើធៀបនឹងឆ្នាំ២០២១។ លទ្ធផលនេះ សម្រេចបានជិត ១០៥ភាគរយ នៃផែនការ ដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ ឆ្នាំ២០២២។
 
បើគិតតាមប្រភេទពន្ធនិងអាករ នៃចំណូលសរុប គឺកម្ពុជាបានប្រមូលពន្ធអាករលើតម្លៃបន្ថែមជិត ៣៨ភាគរយ, ពន្ធអាករពិសេសជិត ៣៨ភាគរយ, ពន្ធគយ ១៩ភាគរយ, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈជាង ៣ភាគរយ និងអាករនាំចេញ និងកម្រៃផ្សេងៗបានប្រមាណ ២ភាគ។ ចំណែកពន្ធយានយន្ត និងគ្រឿងចក្របានជាង ៤៦ភាគរយ, ទំនិញចម្រុះជិត ២៨ភាគរយ, ផលិតផលតេលសិលាជាង ២០ភាគរយ និងសម្ភារសំណង់ និងកម្រៃផ្សេងៗជិត ៦ភាគរយ ។ នេះបើតាមលោក គុណ ញឹម។
 
អគ្គនាយពន្ធគយរូបនេះ បានបន្តថា ទំហំពាណិជ្ជកម្មនាំចូលមានជាង ២៥ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១២ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះមានយានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។ 
 
ចំណែកទំហំពាណិជ្ជកម្មនាំចេញបានជាង ២២ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដោយក្នុងនោះ ផលិតផលកាត់ដេរមានកំណើនប្រមាណ ១៤ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិក គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានកំណើនប្រមាណ ២៦ភាគរយ និងកសិផលមានកំណើនជិត ៧ភាគរយ។
 
ក្រៅពីការប្រមូលពន្ធ អគ្គនាយកដ្ឋានគយ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀតរួមមាន ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, ការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ, ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ,ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយ, ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា និង ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័នជាដើម។ នេះបើតាមលោក គុណ ញឹម ៕
 
 
 

Tag:
 ប្រមូលពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com