ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក មៀវ សុខទ្រី ៖ អ្នករាយការណ៍ទៅសម្តេច ហ៊ុន សែន ផ្ទុយពីក្រុមផលិតចំណីអាហារខ្មែរ ដែលពិបាកនាំចេញ
10, Feb 2023 , 8:59 am        
រូបភាព
លោក   មៀវ   សុខទ្រី   ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា  រូបភាពរបស់សារព័ត៌មានថ្មីៗ..
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ..
ដោយ៖ សុង សុធាវី
 
ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លោក មៀវ សុខទ្រី ដែលមានសមាជិកជិត ២០០សហគ្រាសក្នុងដៃ បានប្រាប់សារព័ត៌មានថ្មីៗថា រាល់របាយការណ៍ទាក់ទងនឹងសមិទ្ធផលចំណីអាហារខ្មែរ ទៅកាន់សម្តេច ធ្វើឡើងដើម្បីយកមុខមាត់ប៉ុណ្ណោះ តែពួកគេមិនដែលដឹងពីការលំបាករបស់អ្នកផលិតនាំចេញឡើយ។  បុរសមាឌមាំរូបនេះ បានសង្កត់ធ្ងន់ថា ទង្វើរបស់មន្ត្រីយកមុខមាត់បែបនេះ បានធ្វើឱ្យក្រុមអ្នកផលិខ្លាចរអា។



 លោក មៀវ សុខទ្រី  ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ  
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័តមានថ្មីៗ  ជាមួយ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដូចតទៅ៖ 




 
កញ្ញា សុង សុធាវី៖ លោកគឺជាប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដែលមានសមាជិកជិត ៨០សហគ្រាស ហើយឆ្នាំថ្មីនេះនឹងត្រៀមដាក់បញ្ចូលសមាជិកថ្មីខ្ទង់១០០នាក់ទៀត តើក្នុងឆ្នាំ២០២៣នេះ សមាគមមានផែនការយុទ្ធសាស្រ្តដូចម្តេចក្នុងការពង្រឹង និងពង្រីកការនាំចេញ?
 
លោក មៀវ​ សុខទ្រី៖ ការពង្រឹងគុណភាពចំណីអាហារ យើងមានការចុះបណ្តុះបណ្តាល ផ្តល់ចំណេះដឹងដល់ពួកគាត់មានរហូតដល់១១ខេត្ត ហើយក្នុងខេត្តនីមួយៗមានការហៅឱ្យចូលរួម ៤០សហគ្រាស។ យើងនឹងចាប់ផ្តើមពី តាកែវ  កំពត  កែប កោះកុង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង ក្រចេះ ស្ទឹងត្រែង និង មណ្ឌលគិរី។ អាជីវករយើងភាគច្រើនគាត់មានលក្ខណៈតូចៗ អ៊ីចឹងគាត់មិនសូវយល់ពីគុណភាពចំណីអាហារទេ។ ដូច្នេះ យើងត្រូវបណ្តុះបណ្តាលគាត់ ហើយបាននាំមន្រ្តីជំនាញផ្នែកស្តង់ដារ ដើម្បីទៅបន្ថែមចំណេះដឹងដល់គាត់ដែរ។ 
 
កញ្ញា សុង សុធាវី៖ ត្រង់ចំណុចនេះ សំខាន់ណាស់ តើមានមេរៀនជាគោលៗអ្វីខ្លះដែរលោក?
 
លោក មៀវ សុខទ្រី៖ គុណភាពចំណីអាហារ សំខាន់បំផុតគឺភាពស្អាតនៅនឹងកន្លែងដែលគាត់ផលិត នៅពេលដែលគាត់មិនសូវយល់ពីការប្រើប្រាស់គីមីទាំងឡាយក្នុងការផលិត វាធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះហើយគឺយើងទៅបង្ហាត់បង្រៀនគាត់។ មួយទៀត គាត់ខ្លាចក្នុងការចុះបញ្ជី ព្រោះបារម្ភថាពន្ធដារទៅធ្វើកគាត់អ៊ីចឹងណា។ តែការពិត ជួនកាលពន្ធដារទៅហាក់មិនបានពន្យល់គាត់ឱ្យបានច្បាស់លាស់ដែរ។ ប៉ុន្តែការចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម ហើយការចុះបញ្ជីផលិតផលរបស់គាត់បានធ្វើឱ្យគាត់មានឱកាស ដើម្បីយកផលិតផលគាត់ហ្នឹងទៅលក់នៅផ្សារទំនើប ឬក៏អាចនាំចេញបានទៅក្រៅប្រទេសដែរ។ នេះហើយជាគោលដៅដែលសមាគមបានដឹកនាំពួកគាត់។ 
 
កញ្ញា សុង សុធាវី៖  ត្រង់កន្លែងដែលថា ពន្ធដារចុះមកហ្នឹងមានច្រើនករណីដែរទេ សម្រាប់សមាជិករបស់ក្រុមលោកកន្លងមក?
 
លោក មៀវ សុខទ្រី៖ នាយកដ្ឋានពន្ធដារគាត់ព្យាយាមប្រមូលពន្ធ!  តែប្រជាពលរដ្ឋយើងគាត់មិនដឹងថា របៀបនៃការបង់ពន្ធហ្នឹងរបៀបមិច? អ៊ីចឹង យើងព្យាយាមពន្យល់ពួកគាត់ ថាពេលខ្លះការបង់ពន្ធដែលតូចមែនទែននោះ គាត់អាចរួចផុតពីកាតព្វកិច្ចបង់ពន្ធបាន។ តែបើពួកគាត់មានអ្នកមិនសូវយល់ទេ ហើយមន្រ្តីដែលពួកគាត់ទៅហ្នឹង តែងមានការយល់ច្រឡំគ្នា  ហើយ មិនមែនថា អ្នកណាខុស អ្នកណាត្រូវទេ។ 
 
កញ្ញា សុង សុធាវី៖ នាងខ្ញុំធ្លាប់សម្ភាសអ្នកជំនាញសេដ្ឋកិច្ចថា អាជីវកម្មក្នុងស្រុកមួយចំនួន ដែលទាក់ទងនឹងផ្នែកកសិកម្ម ឬ លើកស្ទួយវត្ថុធាតុដើមក្នុងស្រុក នឹងត្រូវបានរួចពន្ធពីចន្លោះពេល៣ ទៅ៥ឆ្នាំ ត្រូវបន្ធូបន្ថយពន្ធពីរាជរដ្ឋាភិបាល តើក្រុមលោកមានការបន្ធូបន្ថយដែរទេ ឬ យ៉ាងណា? 
 
លោក មៀវ សុខទ្រី៖  តាមអ្វីដែលក្រសួងសេដ្ឋកិច្ចលោកប្រកាសគឺមាន តែនិតិវិធីក្នុងការយកវិញ គឺមិនងាយទេ ហ្នឹងនិយាយតាមត្រង់ ខ្ញុំសុំអធ្យាស្រ័យ បើនិយាយទៅមានការប៉ះពាល់នូវចំណុចនេះ ហើយមែនទែនទៅដូចផ្នែកម្ហូបអាហារអ៊ីចឹងមិនគួរណាមានការយកពន្ធបន្ថែម ១០%នោះទេ ព្រោះអីយើងនៅតូចណាស់។ 
 
កញ្ញា សុង សុធាវី៖ ក្នុងនាមជាប្រធានសមាគម ប្រៀបដូចជាឪពុកម្តាយដែរ ដែលពួកគាត់ខំប្រឹងផលិតហើយមិនប្រាកដថាដឹងតែលក់បានច្រើនទេ ហើយក៏មិនប្រាកដថា អាចបានយកទៅក្រៅប្រទេសទៀត ស្របពេលដែលមានការតម្រូវឱ្យបង់ពន្ធមួយចំនួន​ តើពួកគាត់ជួបការលំបាកអ្វីខ្លះក្នុងស្ថានភាពនេះ?
 
លោក មៀវ សុខទ្រី៖ ក្នុងកាលៈទេសៈនេះតាមពិតទៅលើពិភពលោកខ្វះម្ហូបអាហារ ប៉ុន្តែយើងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬ អ្នកនាំចេញដទៃទៀតបាន ដោយសារយើងនៅទ្រង់ទ្រាយតូច ហើយការចុះបញ្ជីសឹងតែគ្រប់ស្ថាប័ន ចំណាយគាត់ខ្ពស់ទៅលើការផលិតក៏ថ្លៃ។ អ៊ីចឹង កាលពីមុនកូវីដ ដែលអ្នកទេសចរចិនមកស្រុកខ្មែរ គឺយើងអាចនាំចេញតាមរយៈអ្នកទេសចរ ហើយបើអ្នកទេសចរមួយលាននាក់ ដែលទិញផលិតផលយើងជាអនុស្សាវរីយ៍ នោះជារឿងដែលល្អប្រពៃ តែមកដល់ពេលនេះការធ្វើដំណើររបស់ទេសចរមិនសូវមាន ហើយបើត្រូវទិញដូចមុន គឺពួកគាត់ទៅទិញនៅប្រទេសដែលឆ្លងកាត់នោះវិញដូចជាថៃជាដើម។ 
 
កញ្ញា សុង សុធាវី៖ នាងខ្ញុំធ្លាប់សម្ភាសលោកម្តងហើយថា ២ឆ្នាំទៀតទំនិញកម្ពុជា អាចនាំទៅទីផ្សារអាស៊ាន ដែលក្រៅពីប្រទេសថៃ វៀតណាម ឡាវ និងសិង្ហបុរី តើមានប្រទេសណាផ្សេងទៀត ហើយអាចនាំចេញដោយរូបភាពបែបណាដែរ?
 
លោក មៀវ សុខទ្រី៖ សិង្ហបុរីជាប្រទេសតូច តែស្តង់ដារការរស់នៅរបស់គេខ្ពស់។ ឥណ្ឌូណេស៊ី ជាប្រទេសដែលមានប្រជាជនច្រើនខ្ទង់ ២០០លាន់នាក់ ហើយមានជីវភាពសមរម្យ ដូចនេះយើងសង្ឃឹមថាគាត់អាចទិញផលិតផលពីយើងទៅបាន។ 
 
កញ្ញា សុង សុធាវី៖ តើការនាំចេញ នាំចូលទំនិញមានស្មើភាពគ្នាហ្នឹង វានៅតែមិនស្មើដដែល ឬ យ៉ាងណាដែរ ហើយផលិតផលសក្តានុពលពីកម្ពុជាជាច្រើន នឹងអាចនាំចេញទៅក្រៅដោយវិធីណាដែរលោក?
 
លោក មៀវ សុខទ្រី៖ ការនាំចូលទំនិញមួយចំនួន យើងឃើញហើយថាមានការនាំមកដោយបន្លំ ដោយមានការធ្មេចភ្នែកពីគយអីហ្នឹងច្រើន ហើយវាធ្វើឱ្យមានភាពឆ្អែត ដែលនាំឱ្យពលរដ្ឋយើងលែងសូវត្រូវការផលិតផលក្នុងស្រុកទៀត។ មួយទៀត យើងឃើញថាការតាំងពិព័រណ៍រផលិតផលថៃ មកម្តងដាក់ពីរអាទិត្យអ៊ីចឹងទៅ ហើយផលិតផលហ្នឹង សួរថាមានបានបង់ពន្ធត្រឹមត្រូវទេ? តែខ្ញុំគិតថា មិនអាចមានការបង់ពន្ធបានទាំងអស់ទេ។ អ៊ីចឹង តម្លៃវាធូរថ្លៃហើយ ដូចនេះ ពលរដ្ឋតាមស្រុកតាមភូមិគាត់ទិញទៅវាឆ្អែតអស់ហើយ។ អ៊ីចឹងទំនិញខ្មែរយើងមិនអាចនាំចេញទៅទីផ្សារបានច្រើនទៀតទេ ហើយបើសម្រាប់គេគឺគេបន្តឹង មានន័យថា រាល់ច្បាប់ភូតគ្រាមអនាម័យ ច្បាប់មួយចំនួនរបស់គេ គឺការពារ SMEគេ ការពារទំនិញនៅក្នុងស្រុករបស់គេ។ តែយើង ខ្ញុំយល់ថាយើងផលិតអាចថាពេលខ្លះវាមិនគ្រប់តម្រូវការ ឬ ស្តង់ដារមួយចំនួន ប៉ុន្តែដូចទឹកត្រី ទឹកស៊ីអ៊ីវ យើងផលិតបានច្រើនណាស់ ចង់បានប៉ុន្មានក៏បានដែរ យើងអាចចែកចាយបាននៅទូទាំងប្រទេស។ ចុះការនាំចូលតាមផ្លូវក្រោម? ក្នុងមួយថ្ងៃរាប់ពាន់រទេះ ហើយក្នុងមួយរទេះប៉ុន្មាន? អ៊ីចឹងរូបភាពនាំចូលផ្សេងៗដោយមិនស្មើភាពនេះហើយ វាធ្វើឱ្យយើងពិបាកក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូល។ 
 
កញ្ញា សុង សុធាវី៖ តើភាគីក្នុងស្រុកគួរតែនិយាយគ្នាបែបណាដែរលោក ដើម្បីរកដំណោះស្រាយ និងកុំឱ្យវានៅតែកើតឡើងដដែលៗបែបនេះ? 
 
លោក មៀវ សុខទ្រី៖ ទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល តែខ្ញុំឃើញថា គោលនយោបាយរបស់រាជរដ្ឋាភិបាលល្អ។ ដោយឡែកបុគ្គលដែលជាអ្នកអនុវត្តន៍មួយចំនួន ច្រើនតែពង្វាងធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ។ ខ្ញុំសុំឱ្យមន្ត្រីទាំងអស់ស្រឡាញ់ជាតិឡើងវិញ  ស្រឡាញ់អ្នកផលិតឡើងវិញ អ្នកផលិតម្នាក់ ស្មើនឹងការស្នេហាជាតិ ដោយសារតែគាត់បានជួយទៅពលករជាច្រើន ហើយសូមផ្តល់នូវការគាំទ្រគាត់មិនមែនទៅសំឡុតទេ ដូចជាការខ្ចីប្រាក់របស់គាត់ឱ្យមានការរីកចម្រើន។ ប្រាក់ដែលគេឧបត្ថមក្នុងការធ្វើអាជីវកម្ម ឈប់ប្រើពាក្យថា Start up ទៅ  (បង្កើតថ្មី) តែយើងត្រូវពង្រឹងគាត់ឱ្យអាជីវកម្មដែលមានស្រាប់ហ្នឹង ពង្រីកខ្លួនគាត់ឱ្យធំ ហើយធ្វើខ្លួនគាត់ឱ្យមានស្តង់ដារ ដើម្បីអាចទៅប្រកួតប្រជែងជាមួយគេបាន។ ឧទាហរណ៍ថា បើយើងនៅតែ Start up បង្កើតថ្មីៗ មួយពាន់ក្រុមហ៊ុន មិនស្មើនឹងក្រុមហ៊ុនធំគេដែលមានស្រាប់មួយផង ហើយមួយពាន់ក្រុមហ៊ុនហ្នឹងមានតែ ៥%ទេ ដែលនៅរស់រានមានជីវិត។ បើ បង្កើតថ្មីមួយ៥ ម៉ឺនដុល្លារ ចុះបើយើងយក ១០លានដុល្លារ ទៅវិនិយោគក្រុមហ៊ុនធំស្រាប់ ដូចជា ម៉ុង ឬទ្ធី ឬ កែវ មុំ ពង្រីកខ្លួនគាត់ថែមទៀត និងហេដ្ឋារចនាសម្ព័ននៃការដឹកជញ្ជូនបន្ថែម ហើយរឿងដឹកជញ្ជូនហ្នឹងអ៊ីចឹងដែរ រទេះភ្លើងមួយចោលទទេ! តម្លៃដឹកជញ្ជូនខ្មែរយើងគឺថ្លៃណាស់ ហេតុអ្វី? ប៉ូលីសចរាចរណ៍ហ្នឹង ច្រកណាក៏ចាប់គ្នាដែរ ច្រេក លុយៗៗ អាហ្នឹងអាជីវករគេបូកតើ គេបូកតម្លៃបន្ថែមគឺការផលិត ហើយទំនិញវាចេះតែថ្លៃទៅៗ។ អ៊ីចឹង យើងមិនអាចទៅប្រកួតតម្លៃនឹងគេបានទេ។ អ៊ីចឹង រឿងដដែលៗហ្នឹង! 
បើសិនយើងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធមន្រ្តីរាជរដ្ឋាភិបាលឱ្យគាត់ស្រឡាញ់មានបេះដូង ហើយចាយលុយឱ្យចេះគិត កុំចាយកម្លាំងញើសឈាមពួកយើង! ហ្នឹងវាជារឿងតូចតាចមែន តែវាជាសូចនាករបង្ហាញពីអំពើពុករលួយ ដែលយើងជាប់ក្នុងចំណាត់ថ្នាក់ខ្ពស់ៗហ្នឹង ដោយសារគេបូកអាតូចៗហ្នឹងបញ្ចូលគ្នា។ រដ្ឋាភិបាលយើងល្អ តែអាតូចៗហ្នឹងបូកចូលគ្នាវាទៅជារឿងជាប់លេខប៉ុន្មានអ៊ីចឹងទៅក្នុងតារាងអំពើពុករលួយ។ ឯមួយទៀតរឿងព័ត៌មាន ដែលថាផលិតផលយើងមិនល្អ ឬ មានគីមី ។ល។ សូមរកភស្ត័តាងសិនមក ហើយបើឃើញថាគ្នាខុសមែន ហៅគ្នាមកប្រាប់ទៅ មិនមែនអាងអីចុះផ្សាយទេ។ កាលណាចុះផ្សាយទៅ ភ្នែករបស់មនុស្សរាប់ពាន់នាក់ ពិសេសបរទេស គេថាខ្មែរផលិតផលអត់ល្អទេ! អាហ្នឹងសំខាន់ណាស់! ឧទាហរណ៍ថា ប្រទេសសិង្ហបុរី មានករណីចោរប្លន់អីកើតឡើង តែ១០នាទីក្រោយមក គឺអស់ហើយព័ត៌មានហ្នឹង ព្រោះគេមិនចង់បង្ហាញភាពអាក្រក់នៃប្រទេសគេទេ។ តែបើខ្មែរយើងវិញ បើនិយាយពីព័ត៌មានអាក្រក់គឺលឿនតែម្តង។      
 
កញ្ញា សុង សុធាវី៖  ចំពោះរឿងអាហារខ្វះគុណភាព អនាម័យ ស្តង់ដារ ខ្ញុំជឿថាសមត្ថភាពអ្នកផលិតមួយចំនួននៅមានកំរិត តើលោកនឹងពង្រឹងនូវគុណភាពស្តង់ដារបែបណាដែរ?  
 
លោក មៀវ សុខទ្រី៖ នេះហើយគឺជាសកម្មភាពនៅឆ្នាំ ២០២៣ ដែលយើងទៅបណ្តុះបណ្តាលពួកគាត់ ជាជាងឱ្យពួកគាត់មកនាំតែលំបាក ហើយយើងមើលដែរ បើសិនសហគ្រាសណាមួយគាត់អាចមានសមត្ថភាពអាចយកស្តង់ដារបាន យើងនឹងជួយស្នើសុំជំនួយពីអង្កការ ខេបរេដន៍  UNIDO, USAID គឺពួកគាត់មានលទ្ធភាព ដើម្បីឱ្យផលិតករយើងមានលទ្ធភាពផលិតទៅតាមស្តង់ដារ។ ដូចជាឆ្នាំមុន យើងអាចជួយសហគ្រាសចំនួនប្រាំឱ្យយកបានគុណភាពស្តង់ដារនេះ អ៊ីចឹងឆ្នាំនេះ យើងនឹងបន្តទៀត ហើយសង្ឃឹមថាបានច្រើនជាងឆ្នាំមុន។ 
 
កញ្ញា សុង សុធាវី៖  តាមការលើកឡើងរបស់លោកកន្លងមក នាងខ្ញុំឃើញថា នៅតែមានចំនុចអសកម្មមួយចំនួនដែលពិបាកក្នុងការរុញទំនិញកម្ពុជា ទៅកាន់ក្រៅប្រទេស តើមកពីមិនសូវមានពេលជួបជជែករវាងអ្នកជំនាញ និងអ្នកធ្វើការងារពាក់ព័ន្ធលើរឿងនេះ ឬ យ៉ាងមិច ទើបនៅតែកើតឡើងដដែលៗអ៊ីចឹង? 
 
លោក មៀវ សុខទ្រី៖ នៅពេលយើងជួបគ្នាម្តងៗ យើងមិនហ៊ានហែកបេះដូងចំហរឱ្យគ្នាមើលទេ យើងតែងតែនិយាយជាផ្លូវការលាក់គ្នាទៅវិញទៅមក ទោះជាខ្មែរដូចគ្នា ដោយមានការភ័យខ្លាច។ គាត់ចង់ពង្រីកខ្លួនឯងឱ្យធំ​ តែគាត់មិនហ៊ាននិយាយថាគាត់ធំទេ ហើយបើគេមិនដឹងថាគាត់ធំ គេក៏មិនដឹងជួយគាត់បែបណាដែរ។ អ៊ីចឹងយើងគួរមានវេទិការសាធារណៈឱ្យបានច្រើន ទាក់ទងនឹងវិស័យឯកជន និងវិស័យរដ្ឋាភិបាល។ 
 
ដោយឡែកជំនួប ដែលរដ្ឋាភិបាលលោកតែងអញ្ជើញឱ្យគ្រប់ភាគីមកផ្លាស់ប្តូរយោបល់អីហ្នឹង! ច្រើនតែមិនអស់សេចក្តីទេ គឺក្រុមមួយៗមានឧកញ៉ាកាន់ ហើយឧកញ៉ាអស់ហ្នឹងពេលខ្លះពួកគាត់អត់ដឹងទេ! គាត់ថា ខ្ញុំកាន់SME មួយស្រុកខ្មែរ តែគាត់មិនដឹងថាការពិតវាយ៉ាងមិចទេ! ហើយបានយោបល់ពីគេតិចតួចហ្នឹង លើកទៅសម្តេចហើយ។ អ៊ីចឹង ភាពលំបាក ភាពយ៉ាប់យឺន ប៉ះទង្គិចក្នុងការផលិតក្នុងវិស័យហ្នឹងជួនកាលលោកក៏អត់ដឹងដែរ ហើយជួនកាលលោកអស់ហ្នឹងគាត់និយាយថាល្អ ។ គាត់ថា «សម្តេចយើងមានការរីកចម្រើនច្រើនហើយ»  គេយកមុខ  អ៊ីចឹងការយកមុខហ្នឹង បើយើងក្រុមអ្នកផលិតតូចតាចនេះ គ្រាន់តែឃើញដដែលៗគាត់លែងចង់ចូលរួមហើយ ឬ បង់លុយឱ្យមកចូលរូមសិក្ឋាលាលាទៀតក៏គាត់លែងចង់មកដែរ មូលហេតុគឺដដែលៗ ឥតបានការណ៍អីទេ។ 
 
បើច្បាប់បង្កើតមកវិញ អាជីវករ កន្លែងណាក៏លំបាកដែរ គុគ និង ច្រវ៉ាក់នៅចំពោះមុខ។ អ៊ីចឹង សូមអធ្យាស្រ័យដល់លោកធំមួយចំនួន បើប៉ះពាល់អី តែជាការពិត។ ដើម្បីពង្រឹងខ្លួនឯងបាន គ្រប់គ្នាត្រូវស្រឡាញ់ប្រទេសខ្លួនឯង ស្រឡាញ់ការផលិតខ្លួនឯង ស្រឡាញ់ប្រជាជនខ្លួនឯង និងផលិតផលរបស់ខ្លួនឯងបាទ៕ 
 
 
 
 

Tag:
 វិស័យសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com