ជាតិ
កំពង់ស្ពឺ៖ មានរោងចក្រសហគ្រាសជិត ៤០០កន្លែង និងកម្មករនិយោជិតជាង ១៥ម៉ឺននាក់
09, Feb 2023 , 10:29 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
ដោយ:
ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស ៣៨៣កន្លែង ដែលបានផ្ដល់ការងារឱ្យកម្មករនិយោជិតជាង ១៥ម៉ឺននាក់ ក្នុងនោះស្រីមានជាង ១១ម៉ឺននាក់។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។



លោក វ៉ី សំណាង បានលើកឡើងថា ក្នុងចំណោមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនេះ មានវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ១៨៩កន្លែង ដោយមានកម្មករនិយោជិតជាង ១៤ម៉ឺននាក់ ក្នុងនោះស្រីមានជាង ១១ម៉ឺននាក់។
 
អភិបាលខេត្តរូបនេះ បានបន្តថា ចំពោះរោងចក្រធុនធំមានចំនួន ២២៩មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១៣ម៉ឺននាក់ ក្នុងនោះស្រីជាង ១០ម៉ឺននាក់ និងប្រើប្រាស់ទុនវិនិយោគសរុបជិត ១៧១៥លានដុល្លារអាម៉េរិក។ សម្រាប់រោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១ ១៣០មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មជិត ១៥ពាន់នាក់ ក្នុងនោះស្រី ៧៧០០នាក់ ដែលប្រើទុនវិនិយោគជាង ២៦លានដុល្លារអាម៉េរិក។
 
លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងដូច្នេះ៖« ក្នុងខេត្តកំពង់ស្ពឺ បើសិនជាគ្មានរោងចក្រសហគ្រាស ពលរដ្ឋច្រើននាក់ ប្រឈមនឹងកង្វះអត់មានការងារធ្វើ អ៊ឹចឹងបើអត់មានការងារពួកគាត់អត់មានចំណូលទេ ដូច្នេះមិនអាចកាត់បន្ថយភាពក្រីក្របានទេ»។
 
ខេត្តកំពង់ស្ពឺ មានផ្ទែដីសរុប ៦ ៩៦៥,៦៣ គីឡូម៉ែត្រការ៉េ ប្រជាជន ៩១៧ ២៧៧នាក់។ ទំហំសេដ្ឋកិច្ចមានប្រមាណ ១៦១២លានដុល្លារ ស្មើនឹង ៥,៩៥ភាគរយ នៃសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ២០២១ ប្រាក់ចំណូលបានជាមធ្យមមនុស្សម្នាក់ៗមាន ១៨៣៤ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ មានការកើនឡើង ២,៥៦ភាគរយ។ នេះបើតាមលោក វ៉ី សំណាង៕
 

Tag:
 រោងចក្រ
  ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com