ជាតិ
ក្រុមហ៊ុនចិន បានបញ្ចប់ការសិក្សាលើគម្រោងសង់ផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ
10, Feb 2023 , 7:59 pm        
រូបភាព
រូបភាពគំរូ ផ្លូវរថភ្លើងក្រោមដី ឬលើអាកាស ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកពិភាក្សាកាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២២។ រូបភាព៖ ក្រសួងសាធារណការ
រូបភាពគំរូ ផ្លូវរថភ្លើងក្រោមដី ឬលើអាកាស ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកពិភាក្សាកាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២២។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
ក្រុមហ៊ុនចិន បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅភ្នំពេញ ហើយបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។



ក្រុមហ៊ុនវិនិយោគចិនទាំងនោះ រួមមាន ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​, ក្រុមហ៊ុន ​Beijing Urban Construction Group និង​ក្រុមហ៊ុន ​China Metro Group។ ក្រុមហ៊ុនចិនទាំងនោះ ក៏បានជម្រាបជូនសម្ដេច ហ៊ុន សែន ដែលកំពុងទស្សនាកិច្ចផ្លូវការ នៅប្រទេសចិន អំពីគម្រោងផ្លូវរថភ្លើងក្រោមដី និងគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម ។


លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ និងដឹកជញ្ជូន។
 
ពួកគេ អះអាងថា បានបញ្ចប់ការសិក្សាបឋមលើគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលបានប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ផងដែរ។
 
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១០ កុម្ភៈថា កន្លងមកក្រុមហ៊ុន ដែលចុះសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ ធ្លាប់បានធ្វើបទបង្ហាញជូនក្រសួងសាធារណការ កាលពីចុងឆ្នាំ២០២២ ហើយក្រសួងក៏បានផ្ដល់់មតិឱ្យក្រុមហ៊ុននោះ កែលម្អនៅចំណុចខ្វះខាតមួយចំនួន។ 
លោក សុទ្ធាយុត្តិ បានបញ្ជាក់ថា លោកពុំទាន់ទទួលបានរបាយការណ៍ចុងក្រោយ នៃការចុះសិក្សានៃគម្រោងនៅឡើយទេ។
 
ចំពោះផែនការនៃការបើកការដ្ឋានសាងសង់ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ ពុំទាន់ទទួលបានព័ត៌មាននោះទេ ដោយលោកបញ្ជាក់ថា៖« បើមានផែនការបើកការដ្ឋានរាជរដ្ឋាភិបាល នឹងមានចេញនៅ ស.ជ.ណ ដើម្បីផ្ដល់គោលការណ៍ ជាពិសេសក្រសួងសារធារណការ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំពិធីបើការដ្ឋាន! បច្ចុប្បន្ននេះ ខ្ញុំមិនទាន់អាចក្តោបព័ត៌មានបាននោះទេ»។
 
លោក ហ៊ាង សុទ្ធាយុត្តិ បានលើកឡើងថា ចំពោះការធ្វើរថភ្លើងក្រោមដីនេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើន ជាពិសេសការធ្វើដំណើររបស់ពលរដ្ឋមានសុវត្ថិភាព ចំណេញពេលវេលា ចំណាយតិច ព្រោះផ្លូវក្រោមដី មិនកកស្ទះចរាចរណ៍ និងជួយបង្កើនសេដ្ឋកិច្ចជាតិផងដែរ។
 
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ របាយការណ៍ដែលទទួលបាន កាលថ្ងៃទី ២៤ ខែមិថុនា ២០២២ បង្ហាញពីការសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញមានចំនួន ៤ខ្សែផ្លូវ ដែលខ្សែផ្លូវនីមួយៗ មានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩គីឡូម៉ែត្រ។
 
ក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ កុម្ភៈ នៅទីក្រុងប៉េកាំង ក្រុមហ៊ុនចិនទាំងនោះ ក៏បានប្រាប់ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដែលកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ សំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង , ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
 
 

Tag:
 ផ្លូវរថភ្លើងក្រោមដី
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com