អន្តរជាតិ
អាម៉េរិក ពង្រឹងទំនាក់ទំនងជាមួយសហព័ន្ធមីក្រូណេស៊ី ទប់ទល់នឹងឥទ្ធិពលចិននៅប៉ាស៊ីហ្វិក
11, Feb 2023 , 9:29 pm        
រូបភាព
អាម៉េរិក នៅថ្ងៃទី១០ ខែកុម្ភៈ លើកឡើងថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋសហព័ន្ធមីក្រូណេស៊ីដែលឆ្លុះបញ្ចាំងពីការយោគយល់រួមគ្នាស្តីពីជំនួយរបស់អាម៉េរិកនាពេលអនាគតដល់ប្រទេសកោះប៉ាស៊ីហ្វិក​នេះ។ ការចាប់ដៃជាហូរហែរបស់អាម៉េរិកជាមួយប្រទេសកោះប៉ាស៊ីហ្វិក​ ត្រូវមើលឃើញថា ជាការទប់ទល់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។



ក្រសួងការបរទេសអាម៉េរិក ក្នុងសេចក្តីប្រកាសមួយបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការផ្ដល់ជំនួយនាពេលអនាគតដល់ប្រទេសកោះប៉ាស៊ីហ្វិកសំខាន់ៗចំនួនបី ខណៈអាម៉េរិកក៏កំពុងចរចាការបន្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមានកន្លងមក ដែលអនុញ្ញាតឱ្យអាម៉េរិកលូកដៃក្នុងតំបន់នេះក្នុងគោលបំណងការពារជាតិបន្ថែម។ 
 
បើតាមក្រសួងការបរទេសអាម៉េរិក អាម៉េរិកក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែមុនជាមួយកោះ Marshall និង Palau ដែលកោះនៅតំបន់ប៉ាស៊ីហ្វិក ហើយបានឈានដល់ការឯកភាពគ្នាលើលក្ខខណ្ឌផ្ដល់ជំនួយគាំទ្រផ្នែកសេដ្ឋកិច្ចរបស់អាម៉េរិកទៀតផង។ យ៉ាងណាមិញ ព័ត៌មានលម្អិតពីអនុស្សរណៈនេះនៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយ។ 
ការចុះអនុស្សរណៈនេះគឺជាការបញ្ជាក់ពីភាពជាដៃគូដ៏ជិតស្និទ្ធ​ និងឆ្លុះបញ្ចាំងពីការយោគយល់រួមគ្នារបស់ភាគីអាម៉េរិកនិងរដ្ឋសហព័ន្ធមីក្រូណេស៊ី ក៏ដូចជាការផ្ដល់ជំនួយពីអាម៉េរិកនាពេលអនាគតលើរដ្ឋសហព័ន្ធមីក្រូណេស៊ី។​ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិកចេញនៅថ្ងៃទី១០ ខែកុម្ភៈដដែល។​​
 
ចំណាត់ការរបស់អាម៉េរិកកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភជាខ្លាំងពីមហិច្ឆតាយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រោមការសម្របសម្រួលនៃសមាគមសេរី (COFA) ដែលបានព្រមព្រៀងគ្នាជាលើកដំបូងក្នុងឆ្នាំ១៩៨០ ទីក្រុងវ៉ាស៊ីនតោនបានទទួលខុសត្រូវលើការការពារប្រទេសកោះទាំងបី ព្រមគ្នានឹងការផ្តល់ជំនួយសេដ្ឋកិច្ចដល់ពួកគេ។
 
កិច្ចព្រមព្រៀង COFA ដែលអនុញ្ញាតឱ្យអាម៉េរិកលូកដៃនៅតំបន់ប៉ាស៊ីហ្វិកនេះ នឹងផុតកំណត់នៅឆ្នាំ ២០២៣​ជាមួយរដ្ឋ Marshall និងរដ្ឋសហព័ន្ធមីក្រូណេស៊ី ហើយនៅឆ្នាំ ២០២៤ ជាមួយរដ្ឋ Palau។ បើទោះបីជាប្រទេសកោះទាំងបីនៅមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោនក្តី អ្នករិះគន់មួយចំនួនបានព្រមានថាបរាជ័យក្នុងការផ្ដល់ជំនួយសេដ្ឋកិច្ចដល់ប្រទេសទាំង ៣ អាចជំរុញឱ្យពួកគេងាកទៅចាប់ដៃជាមួយចិនវិញលើការផ្ដល់ជំនួយ ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ជាដើម៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com