ជាតិ
សេដ្ឋកិច្ច
លោក មៀវ សុខទ្រី ប្រាប់ម្ចាស់សហគ្រាសបង្កើនគុណភាពផលិតផលខ្លួន ហើយកុំផ្ដោតតែទីផ្សារចិនពេក
12, Feb 2023 , 8:59 am        
រូបភាព
លោក   មៀវ   សុខទ្រី   ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖   លោក មៀវ សុខទ្រី  ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ថា ដ្បិតតែកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក៏ពិតមែន ប៉ុន្តែការនាំចេញផលិតផលមួយៗទៅនោះ មិនងាយស្រួលនោះទេ ពោលគឺត្រូវឆ្លងកាត់នីតិវិធីជាច្រើន ​ពិសេសរបាំងមិនមែនពន្ធគយ និងលទ្ធភាពផ្គង់ផ្គង់ផលិតផលផងដែរ។ ក្នុងបទសម្ភាសជាមួយកម្មវិធី«គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានជំរុញឱ្យម្ចាស់អាជីវកម្ម និងម្ចាស់រោងចក្រ សហគ្រាស បង្កើនការពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីបើកឱកាស​ចាប់យកចំណែកទីផ្សារអន្តរជាតិផ្សេងទៀតដូចជាទីផ្សារកូរ៉េ ជប៉ុន និងអឺរ៉ុបជាដើម ដោយកុំរំពឹងតែទីផ្សារចិនខ្លាំងពេក។  
 
​ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាងតាមដានបទសម្ភាសរវាង កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក  មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា​ ដូចតទៅ៖ 
 

 
 
កញ្ញា សុង សុធាវី៖  ស្របពេលដែលទេសចរចិន បានចាប់ផ្តើមមកដល់ឆាប់ៗហ្នឹង  ហើយកន្លងមកសមាគមនេះ មានការនាំទំនិញទៅចិន ជប៉ុន កូរ៉េ និងប្រទេសខាងអឺរ៉ុបមួយចំនួន ហើយក្នុងឱកាសនេះ លោកមើលឃើញថា តើយើងមានឱកាសនាំទំនិញទៅចិនច្រើនទេ ឬ យ៉ាងណា?
 

លោក មៀវ សុខទ្រី  ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ  

លោក មៀវ សុខទ្រី៖ ការនាំចេញ តាមរយៈទេសចរខ្ញុំសង្ឃឹមថា​ អាចនឹងកើនឡើង ព្រោះពេលត្រឡប់ទៅវិញ ពួកគាត់ទិញជារបស់អនុស្សាវរីយ៍។ ប៉ុន្តែដោយឡែក ការនាំចេញលក្ខណៈផ្លូវច្បាប់តែម្តង គឺវាមិនងាយស្រួលដូចការនិយាយថា យើងចុះកិច្ចព្រមព្រៀងជាមួយចិន ឬកូរ៉េហើយ មិនអាចនាំចេញបានទេ ដោយសាររបាំងមិនមែនពន្ធគយមួយទៀត។ គឺរបាំងបច្ចេកទេសភូតគ្រាមអនាម័យនេះ គេដាក់បន្ទុកការពារផលិតផលគេនៅក្នុងស្រុក។ ដូចជាអង្ករ ៤០០% យកទៅ ហើយនរណាអាចយកទៅប្រកួតប្រជែងជាមួយគាត់បាន។ អ៊ី​ចឹងទំនិញនៅក្នុង FTA មានច្រើនមុខណាស់ ស្អីក៏អាចនាំទៅបានដែរ។ ដោយឡែកទាក់ទងនឹងរបាំងបច្ចេកទេស យើងមិនអាចឆ្លងបាន ដោយសារយើងតូចៗពេក ហើយស្តង់ដារយើងនៅមានកម្រិត។ ឧទាហរណ៍ ខាងកូរ៉េបញ្ជាទិញត្រីងៀតមួយកុងតឺន័រ ពី២០ ទៅ៣០តោន គឺយើងមិនអាចធ្វើបានទេ ដោយសារយើងមិនមានកន្លែងប្រមូលផ្តុំដែលល្អ។ 
 
កញ្ញា សុង សុធាវី៖  ចុះហេតុអ្វីយើងមិនបង្កើតកន្លែងប្រមូលផ្តុំហ្នឹងទៅលោក បើគេបញ្ជាទិញច្រើនហើយ? 
 
លោក មៀវ សុខទ្រី៖ ការប្រមូលផ្តុំហ្នឹង ទី១សួថា តើទឹកចិត្តអ្នកផលិតហ្នឹងគាត់ព្រមចែករំ​លែក​ទេ? ទី២តើគាត់អាចធ្វើបានតាមខ្នាត ដែលគេចង់បានហ្នឹងដូចគ្នាឬអត់?  ហើយអ្នកណា​ជាអ្នកប្រមូលផ្តុំ? ទោះបីសមាគមមានកន្លែងឱ្យប្រមូលផ្តុំហើយ តែយើងមិនទាន់បានរួមគ្នាឱ្យដូចគេទេ។ 
 
កញ្ញា សុង សុធាវី៖ ក្រៅពីនោះ អ្វីជាផលលំបាកក្នុងការនាំចេញទៅចិន ដែលគេតែងតែនិយាយថា ទំនាក់ទំនងដ៏ស្អិតល្មួតដូចជាដែកថែបនេះលោក?
 
លោក មៀវ សុខទ្រី៖ ដែលថាយើងជាដៃគូល្អមិនអាចបំបែកបាន មិនអាចកាត់ផ្តាច់បានហ្នឹង វាដូចជានយោបាយអ៊ីចឹង។ ដំបូងឡើយ យើងបានការនាំចេញដំឡូង។ បន្ទាប់មកអង្ករ ហើយចេក និងគ្រាប់ស្វាយ។ ក្នុងផលិតផលនីមួយៗ ទម្រាំតែមានការចុះអនុស្សារណៈនាំចេញទៅចិនបានប្រើពេល៤ឆ្នាំ។ អ៊ីចឹងមិនងាយទេ យើងគិតថា ដៃគូដែកថែបមែន គេសុខចិត្តឱ្យនំយើងញាំ តែមិនងាយបានយកផលិតផលយើង ទៅលក់នៅស្រុកគេទេ។ អ៊ីចឹង សុំរដ្ឋាភិបាលជួយយកចិត្តទុកដាក់ ជួយជំរុញនិងធ្វើការឱ្យលឿន។ ម្យ៉ាងពិបាកដែរត្រង់ថា ប្រ​ទេស​យើងទើបរួចផុតពីចម្បាំងរាំងជល់ ហើយជាពិសេសការគិតគូរទុកដាក់លើរឿងនយោ បាយជាងសេដ្ឋកិច្ច។ រឿងសេដ្ឋកិច្ចនេះ យើងមិនទាន់ចាប់ផ្តើមទេ មែនទែនទៅ​។ តែសម្តេចលោកព្យាយាមណាស់! យើងគិតមើលរឿងត្រចៀកកាំ! គេផ្ញើសំណួរមកហើយ តាមរយៈក្រសួងកសិកម្ម ដើម្បីឆ្លើយសំណួរបស់គេ ពីរឆ្នាំហើយឆ្លើយមិនទាន់ចេញ។ អ៊ីចឹងសួរថា គេឱ្យយ៉ាងម៉េច បើឆ្លើយសំណួរបែបបច្ចេកទេសមិនចេញផង ហើយទម្រាំផ្ញើសំណួរទៅគេត្រូវការពិនិត្យទៀត ថាសំណួរយើងឆ្លើយហ្នឹងត្រូវ ឬអត់? បើត្រូវហើយគេនឹងនាំអ្នកបច្ចេកទេស មកពិនិត្យថារោងចក្រហ្នឹងត្រូវខ្នាត ឬអត់? អ៊ីចឹងវារឿងវែងឆ្ងាយ។ 
 
កញ្ញា សុង សុធាវី៖ ចាសមកពីស្ថាប័ន​ខាងយើង គ្មានអ្នកបច្ចេកទេសធ្វើការងារនេះ ឬ យ៉ាងម៉េចលោក តាមអ្វីដែលលោក លើកឡើងនៅក្នុងសាច់រឿងមួយនេះ?
 
លោក មៀវ សុខទ្រី៖ ទេមិនអាចថា មន្រ្តីយើងគ្មានអ្នកបច្ចេកទេសទេ! រដ្ឋាភិបាលលោកកំ​ពុង​តែពង្រឹង ​ទាំងនិស្សិត និងមន្រ្តីក៏គាត់ទៅរៀនហើយ គ្រាន់តែថាពេលខ្លះយកមកអភិវឌ្ឍ​រាង​នៅស្ទើរ។ល។ ពិបាកមួយទៀត បើយកច្បាប់គតិយុត្តិពីប្រទេសដទៃ​ដែលធ្លាប់មាន​ការនាំចេញស្រាប់ទៅក៏វាម្យ៉ាងដែរតែយើងច្រើនតែចង់បង្កើតច្បាប់ខ្លួនឯង។ ឧទាហរណ៍ ដូចប្រទេសម៉ាឡេស៊ី ដែលធ្លាប់នាំទឹកមាត់ត្រចៀកកាំទៅចិន រដ្ឋាភិបាលនិងរដ្ឋាភិបាល ទាក់ទងទៅគ្នាបន្តិចទៅ! សួរនាំពីរបៀបធ្វើទៅរួចបាត់ហើយ។ រីឯវិស័យឯកជនយើងហ្នឹង ដូចរាងលាក់ៗ ខ្លះដែរ។ 
 
កញ្ញា សុង សុធាវី៖ ចុះការលាក់ៗ ហ្នឹងវាបណ្តាលឱ្យមានការរាំងស្ទះ ដល់អ្នករកស៊ីដូចលោក និងក្រុមលោកដូចម្តេចដែរ?
 
លោក មៀវ សុខទ្រី៖ ជាការពិតណាស់ យើងនាំចេញមិនបានតាមផ្លូវការ តែនាំចេញតាមផ្លូវក្រោម ចំណាយក៏ច្រើន ហើយតម្លៃប្រកួតប្រជែង មិនអាចទៅជាមួយគេបានទេ គឺតម្លៃថោកតែម្តង បើសិនយើងមិនមានច្បាប់ទេ។ 
 
កញ្ញា សុង សុធាវី៖ ឮថាការនាំចេញនាំចូលហ្នឹងមិនស្មើគ្នាទេ គឺការនាំចេញច្រើនជាងខ្លាំង ហើយលោកមានសមាជិករហូតដល់ជាង ២០០សហគ្រាសទៀត តើអាចនិយាយលម្អិតពីរឿងនេះបន្តិចទៀតបានទេ?
 
លោក មៀវ សុខទ្រី៖ គេអាចនាំមកច្រើន រោងចក្រគេធំៗគេមានស្តង់ដារ ហើយយើងពិនិត្យ​ទៅវាអត់មានអីខុសទេ។ រីឯយើងពិនិត្យពេលខ្លះ ដាក់ថ្នាំលើស ឬពណ៌លើស អ៊ីចឹងទៅ។ អ៊ី​ចឹងយើងត្រូវពង្រឹងខ្លួនឯង ដោយមានការជួយពីរដ្ឋាភិបាល។ ស្វាយនៅកូរ៉េគេត្រូវការណាស់ តែស្វាយយើងជ្រុះទុំចោល ព្រោះខ្វះម៉ាស៊ីនសម្ងួតនាំចេញ ដូច្នេះរដ្ឋាភិបាលវិនិយោគ​ទៅ។ ដូចត្រីកក ត្រីរ៉ស់ អណ្តែង។ល។ មានគេត្រូវការច្រើនទាំងនៅអាល្លឺម៉ង់ អង់​គ្លេស ជប៉ុន កូរ៉េនិងចិន តែយើងមិនហ៊ានវិនិយោគ ដោយសារខ្លាចទៅចុះបញ្ជីអស់ច្រើន​។ ទី២ភ្លើងយើងអស់ច្រើន។ អ៊ីចឹងយើងពិបាកទៅប្រកួតប្រជែងជាមួយវៀតណាម និងថៃណាស់​​។ បើនិយាយពីការចុះបញ្ជី គឺសឹងតែគ្រប់កន្លែង ហើយមិនពន្យល់ឱ្យបានអស់សេចក្តី​ទេ គឺម្នាក់ៗមកនិយាយតែលំៗហ្នឹងឯង។ 
 
កញ្ញា សុង សុធាវី៖ តើមានការរួមគ្នាបែបណាទៀតលោក ក្នុងរឿងមួយនេះ?
លោក មៀវ សុខទ្រី៖ ខ្ញុំឃើញគោលនយោបាយថ្មីៗនេះ របស់រាជរដ្ឋាភិបាល គឺឱ្យមានការប្រមូលផ្តុំផលិតកម្ម។ វាងាយស្រួល ទាំងវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចឱ្យ​​គ្នាទៅវិញទៅមក។ បើសិនរដ្ឋាភិបាលជួយសម្រួលថ្លៃភ្លើង និងមន្តី្រជំនាញផ្នែកនេះទៀត ហើយយកសណ្តានចិត្ត និងបេះដូងទៅធ្វើ ខ្ញុំគិតថាអាចកាត់បន្ថយថ្លៃដើមកាន់តែច្រើន ហើយពង្រឹងសមត្ថភាពផលិតផលរបស់យើងកាន់តែខ្លាំង ខ្ញុំគិតថាយើងអាចនាំចេញបាន​។ ចិនទីផ្សារធំ តែទំនិញលក់បានថោក ហើយយើងផលិតនេះគឺ​ថ្លៃទៅហើយ បើប្រកួតប្រ​ជែងទាល់តែជាទំនិញល្អឯក ដែលមានតែយើងផលិត ហ្នឹងទើបអាចប្រជែងជាមួយចិនបាន​។ ដោយឡែកចិនជាទីផ្សារធំ ប្រទេសណាក៏គេចង់ចូលរួមដែរ ហើយព្យាយាមប្រជ្រៀតចូលទីផ្សារហ្នឹង។ អ៊ីចឹងបើយើងទៅប្រកួតប្រជែងជាមួយគេ មិនងាយទេ។ មេត្តាកុំផ្តោតលើទីផ្សារចិនខ្លាំងពេក ទីផ្សារអឺរ៉ុប ជប៉ុន កូរ៉េ។ យើងគិតមើល កូរ៉េមានតែប្រជាជន ៥០លាននាក់ទេ តែ​សេដ្ឋកិច្ចគេស្ថិតនៅលំដាប់ទី១០។  ទំនិញនាំទៅកូរ៉េបាន ចំណេញ ស្តង់ដារ និងបានស្ថិរភាព​។ បើចិនមួយថ្ងៃកាត់ មួយថ្ងៃកោទេ ហ្នឹងខ្ញុំនិយាយដោយត្រង់។ 
 
កញ្ញា សុង សុធាវី៖ យើងធ្លាប់រំពឹងលើទីផ្សារចិន តែអ្នកផលិតហាក់មិនមានសង្ឃឹមទេ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហ្នឹង វាអាចដំណើការឬទេ? 


លោក មៀវ សុខទ្រី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បញ្ជីផលិតផល គឺមានទាំងអស់! អ្នកឯងនាំចេញអ្វីក៏បានដែរ តែត្រូវធ្វើការតាមផ្នែកនាយកដ្ឋានរបស់គេនីមួយៗ។ ឧទាហរណ៍ថា កសិកម្ម អ្នកឯងត្រូវធ្វើការជាមួយពន្ធគយ។ ដូចផលិតផលច្រកដបហើយយើងអាចយក​​ចូលបាន តែត្រូវធ្វើការជិតស្និទ្ធជាមួយអ្នកទិញដែលមានភាពរឹងមាំ។ បើទាក់ទងនឹងផលិត​​ផលស្រស់ ផ្លែឈើស្រស់មិនងាយទេ។ តែខ្មែរយើងចូលចិត្តយករបស់ស្រស់ទៅ ដោយ​សារផលិតផលវេចខ្ចប់មានតម្លៃថ្លៃ និងត្រូវឆ្លងកាត់ច្បាប់ច្រើន។
 
កញ្ញា សុង សុធាវី៖  តើលោករំពឹងថា ប៉ុន្មានឆ្នាំទៀតដែលយើងអាចមានសមត្ថភាព និងលទ្ធ​ភាពនាំទំនិញទៅប្រទេសដែលមានដៃគូពាណិជ្ជកម្ម ដ៏ស្អិតល្មួតមួយនេះ?
លោក មៀវ សុខទ្រី៖ ថ្មីៗនេះ ជនជាតិចិនបានមកស្រុកខ្មែរយើងបណ្តើៗ​ រកឱកាសក្នុងការ​វិនិយោគ និងចាប់ដៃគូជាមួយអាជីវករយើង ហើយមានតែអ្នកនៅខាងនោះទេ ទើបគេដឹងពីស្ថានភាពប្រទេសរបស់គេ បើយើងមិនដឹង ហើយយើងចេះតែទៅនោះយើងនឹងខាត។ តែក្នុងជំនួបពាណិជ្ជកម្មរវាងកម្ពុជា-ចិន ខ្ញុំសង្ឃឹមថាពាណិជ្ជករចិន នឹងមកកម្ពុជាកាន់តែច្រើន យើងអាចនឹងមានដៃគូកាន់តែច្រើន ដែលចាប់អារម្មណ៍ផ្នែកម្ហូបអាហារហ្នឹង ដើម្បីបង្កើតជារោងចក្រអាចនាំចេញទៅចិនបាន។ 
កញ្ញា សុង សុធាវី៖ បើរូបភាពនេះកើតឡើងមែន តើយើងគួរពង្រឹងបែបណាទៀតលោក?
លោក មៀវ សុខទ្រី៖ រោងចក្រស្តង់ដារ គឺអនុលោមតាមស្តង់ដារ CNCA របស់ចិន។ ការបង្កើតតំបន់ប្រមូលផ្តុំនៅកន្លែងផលិតហ្នឹងក៏ល្អ ហើយយើងត្រូវស្គាល់ខ្លួនឯងថា យើងមានលទ្ធភាពប៉ុនណា? ជួនកាលយើងតូចទេ តែយើងគិតថាយើងធំ។ ពេលគេមកដាក់ហ៊ុន តែយើងផ្តល់តម្លៃឱ្យខ្លួនឯងក្នុងតម្លៃមួយ ដែលពិបាកទទួលយកបាន គេក៏ផ្អើលទៅដែរ អ៊ីចឹង យើងត្រូវរួមគ្នា។ 
 
កញ្ញា​ សុង សុធាវី៖ តើដើមទុនប្រហែលប៉ុន្មានដែរលោក ក្នុងដំណាក់កាលដំបូងនេះ? 
លោក មៀវ សុខទ្រី៖ ដើមទុនល្មមៗយ៉ាងហោចណាស់ក៏ ៥០ម៉ឺនដុល្លារឡើងទៅ ដែលយើងមិនទាន់គិតពីទីតាំងទេ។ តែជាសម្ភារៈមួយចំនួន តែបើអាជីវកម្មខ្នាតធំដូចជាត្រីកក ដើម​ទុនប្រហែល ៤ ទៅ៥លានដុល្លារ៕
 
 
 

Tag:
 កម្មវិធីគំនិតថ្មី
  ផលិតផល
© រក្សាសិទ្ធិដោយ thmeythmey.com