អន្តរជាតិ
​អាម៉េរិក​ បាញ់​ទម្លាក់​វត្ថុមិនស្គាល់អត្តសញ្ញាណដែលហោះក្នុងដែនអាកាសកាណាដា
12, Feb 2023 , 4:39 pm        
រូបភាព
យន្តហោះចម្បាំង​អាម៉េរិក នៅថ្ងៃទី១១ ខែកុម្ភៈ បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយហោះក្នុងដែនអាកាសកាណាដា ដែលជាឧបទ្ទវហេតុលើកទី២ លើផ្ទៃមេឃអាម៉េរិកខាងជើងបន្ទាប់ពីការបាញ់ទម្លាក់បាឡុងចិនកាលពីមួយសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី១១ ខែកុម្ភៈបានលើកឡើងថា អាម៉េរិកនិងកាដាណាបានសហការគ្នាបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយហោះក្នុងដែនអាកាសកាណាដា។ លោក ទ្រូដូ លើបណ្ដាញសង្គម Twitter បានសរសេរថា យន្តហោះរបស់កាណាដា និងអាម៉េរិកបានសហការគ្នាបណ្ដេញវត្ថុមិនស្គាល់អត្តសញ្ញាណនេះចេញពីទឹកដីកាណាដា ហើយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះ F-22 របស់អាម៉េរិក។ 
 
ភ្លាមៗបន្ទាប់ពីការបាញ់ទម្លាក់វត្ថុនោះ អាជ្ញាធរអាកាសចរណ៍អាម៉េរិកបានបិទផ្នែកខ្លះនៃដែនអាកាសនៅរដ្ឋMontana ភាគពាយព្យដើម្បីស្វែងរកវត្ថុនោះ។ យ៉ាងណាមិញ​​ ទាំងអាជ្ញាធរកាណាដា និងអាម៉េរិកនៅមិនទាន់អាចកំណត់អត្តសញ្ញាណវត្ថុនោះនៅឡើយ។ បើតាមរដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand វត្ថុដែលត្រូវបានបាញ់ទម្លាក់នោះមានរាងស៊ីឡាំងតូច។
 
«វត្ថុនោះបានហោះហើរក្នុងរយៈកម្ពស់ប្រហែល៤ម៉ឺនហ្វុត (១២,២០០ ម៉ែត្រ) ក្នុងដែនអាកាសកាណាដាដោយខុសច្បាប់ ហើយបានបង្កការគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើរស៊ីវិល»។ លោកស្រី Anand បានប្រាប់អ្នកកាសែតបែបនេះ។ កម្ទេចបំណែកវត្ថុមិនស្គាល់អត្តសញ្ញាណនេះ​ បច្ចុប្បន្នត្រូវបានកងកម្លាំងកាណាដាយកទៅវិភាគ។ នេះបើតាមលោក ទ្រូដូ។ 
ក្រោយកើតឧបទ្ទវហេតុនេះ សេតវិមានបាននិយាយថា លោក​ ចូ បៃឌិន និងលោក ទ្រូដូ​បានសរសើរដល់ភាពជាដៃគូដ៏រឹងមាំ និងមានប្រសិទ្ធភាពរបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) និងទីបញ្ជាការភាគខាងជើងរបស់អាម៉េរិក និងយល់ព្រមបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្វែងរក តាមដាន និងការពារដែនអាកាសនៃប្រទេសទាំងពីរ។ 
 
គួរបញ្ជាក់ថា ហេតុការស្រដៀងគ្នានេះបានកើតឡើងកាលពីសប្តាហ៍មុនក្នុងដែនអាកាសរបស់អាម៉េរិក ដោយចិនបានបង្ហោះបាឡុងដោយក្នុងទឹកដីអាម៉េរិក ខណៈដែលអាម៉េរិកបានចោទប្រកាន់ថាជាបាឡុងស៊ើបការណ៍និងបានបាញ់ទម្លាក់៕
 

Tag:
 អាម៉េរិក
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com