អន្តរជាតិ
IMF បង្ហាញការព្រួយបារម្ភពីបញ្ហាបំណុលសាធារណៈនៅមជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង
13, Feb 2023 , 2:13 pm        
រូបភាព
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva។ រូបថត Xinhua
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva។ រូបថត Xinhua
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅថ្ងៃទី១២ ខែកុម្ភៈ បានបង្ហាញពីការព្រួយបារម្ភលើបំណុលសាធារណៈនៅក្នុងរដ្ឋមួយចំនួននៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង​។ លោកស្រីជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនេះចាំបាច់ត្រូវបង្កើតគោលនយោបាយសារពើពន្ធដើម្បីការពារពីបញ្ហាដែលអាចកើតឡើង។



បើតាមការព្យាករណ៍របស់ IMF កាលពីខែមុន កំណើនសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងនឹងថយចុះមកត្រឹម៣,២ភាគរយនៅឆ្នាំនេះ មុនពេលកើនឡើងវិញដល់៣,៥ភាគរយនៅឆ្នាំ២០២៤។ លើសពីនេះ អតិផរណាត្រូវបានគេមើលឃើញថា អាចនឹងកើនឡើងលើសពី១០ភាគរយក្នុងឆ្នាំ២០២៣។ នេះបើយោងតាមសុន្ទរកថារបស់លោកស្រី Georgieva ដែលបានចេញផ្សាយដោយ IMF ។
 
«បំណុលសាធារណៈគឺជាការព្រួយបារម្ភ ជាពិសេសនៅក្នុងប្រទេសដែលនាំចូលប្រេង ហើយនោះជាបញ្ហាដែលយើងនឹងបន្តធ្វើការលើ»។ លោកស្រីបានប្រាប់វេទិកាសារពើពន្ធអារ៉ាប់បែបនេះនៅទីក្រុងឌូបៃនៅថ្ងៃទី​១២ ខែកុម្ភៈ មុនបន្តថា អតិផរណានៅក្នុងតំបន់គឺមានសភាពខ្ពស់នៅឡើយ។ លោកស្រីក៏បានបន្ថែមថា តំបន់មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើងត្រូវការជំរុញសមាមាត្រពន្ធជាមធ្យមរបស់ខ្លួនទៅ GDP យ៉ាងហោចណាស់ ១៥ ភាគរយបើធៀបនឹងបច្ចុប្បន្ន ១១ ភាគរយ។ 
 
ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងគ្រោះមហន្តរាយអាកាសធាតុ អាចធ្វើឱ្យបញ្ហាកង្វះស្បៀងអាហារវិវត្តកាន់តែអាក្រក់សម្រាប់អ្នកដែលងាយរងគ្រោះ។ គួបផ្សំនឹងភាពអត់ការងារធ្វើខ្ពស់ជាបន្តបន្ទាប់នៅក្នុងតំបន់ ជាពិសេសក្នុងចំណោមយុវជន កត្តានេះបានបង្កហានិភ័យយ៉ាងខ្លាំងដល់ស្ថិរភាពសង្គម។ លោកស្រី Georgieva បានបន្ថែមបែបនេះ។ 
 
លោកស្រីក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែស៊ីជម្រៅ ដើម្បីជួយប្រទេសដែលមានបំណុលមិនស្ថិតស្ថេរ និងបម្រែបម្រួលអាកាសធាតុ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់កំពុងកើនឡើងជាង២ដងនៃល្បឿនកើនឡើងសីតុណ្ហភាពនៅតំបន់ផ្សេងៗទៀតលើពិភពលោក៕
 

Tag:
 IMF
© រក្សាសិទ្ធិដោយ thmeythmey.com