ជាតិ
ក្រសួង​វប្បធម៌​អំពាវ​នាវ​ប្រជា​ជន​ខ្មែរ ផ្ដល់​ក្ដី​ស្រឡាញ់​ទៅ​គ្រួសារ​និង​ជន​រួម​ជាតិ​ ក្នុងថ្ងៃ​១៤​កុម្ភៈ​
14, Feb 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ​“ទិវា​នៃ​ក្ដី​ស្រឡាញ់” ​នៅ​កម្ពុជា គួរ​ជា​ឱកាសក្នុង​ការ​ចែក​ចាយ​ និង​ធានា​នូវ​ក្ដី​ស្រឡាញ់​ប្រកប​ដោយ​ភាព​ទូលំទូលាយ និង​សន្ដាន​ចិត្ត​ស្មោះ​សរ​ ចំពោះ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន​​ និង​​សង្គមជាតិ។



តាម​រយៈ​សេចក្ដី​អំពាវ​នាវ​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថា​ការ​ផ្ដល់​ក្ដី​ស្រឡាញ់​នោះ ក្រោម​រូប​ភាព​ ការ​ជួប​ជុំ​ពិភាក្សា​គ្នា ឬទទួល​ទាន​អាហារ​រួម​គ្នា ដោយ​ក្ដី​សោមនស្សរីករាយ ការ​សរសេរ​លិខិត​ជូន​ពរ ការ​ជូន​អំណោយ​ផ្សេង​ៗ ដើម្បី​បញ្ជាក់​ពី​ភាព​កត្តញ្ញូតា​ធម៌ ​ក្ដី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន ចំពោះ​អ្នក​មាន​គុណ បុព្វការីជន ។ ជាពិសេសមនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ជនរួម​ជាតិ  ដូច​ជា​ ជន​មាន​ពិការភាព កុមារ​កំព្រា និង​អ្នក​ដែល​ខ្សត់​ខ្សោយ​ជាង​ខ្លួន​​ជា​ដើម​​​។ 
 
ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក៏​អំពាវ​នាវ​ដល់​មាតា បិតា អាណាព្យាបាល​ សមត្ថកិច្ច​​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ជាពិសេស​យុវជន ​ចូល​រួម​ផ្សព្វ​ផ្សាយ​ អប់រំ និងក្រើន​រំលឹក​ដល់​បង​ប្អូន​ កូន​ ចៅ ក្នុង​គោល​ដៅ​ប្រើ​ប្រាស់ ​“ទិវា​នៃ​ក្ដី​ស្រឡាញ់​”​ ថ្ងៃ​ទី​១៤​កុម្ភៈ​ ​ឱ្យស្រប​តាម​គន្លង​ប្រពៃណី ដ៏​​ត្រកាល​របស់​ខ្មែរ ដើម្បី​កិត្តិយស និង​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ និងគ្រួសារ ព្រមទាំងរួម​ចំណែក​លើក​កម្ពស់​ កិត្យានុភាព​នៃ​សង្គម​ជាតិ​។
 
បើ​តាម​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថ្ងៃ​ទី​១៤​កុម្ភៈ ត្រូវ​បាន​​មនុស្ស​មួយ​ចំនួន​ ជា​ពិសេស​គ្រិស្ដ​សាសនិក​ជន បាន​កំណត់​ថា​ជា​“ទិវា​នៃ​ក្ដី​ស្រឡាញ់​”​។ បច្ចុប្បន្ន​​ទិវា​នេះ កំពុង​ជ្រៀត​ចូល​​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន​ បណ្ដាល​ឱ្យ​មនុស្ស​មួយ​ចំនួន​ ​ភ័ន្ត​ច្រឡំ​ ដែលនាំ​ឱ្យមាន​ផល​ប៉ះ​ពាល់​ដល់​វប្បធម៌ ទំនៀម​ទម្លាប់​ និង​ប្រពៃណី​ជាតិ​ទៀត​ផង​ដែរ​​។ 
 
ក្រសួង​វប្បធម៌​ បាន​ណែនាំឱ្យ​​ប្រជាជន​ ពិសេស​យុវជន​កម្ពុជា ត្រូវ​សិក្សា​ឈ្វេង​យល់​ឱ្យ​ស៊ី​ជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី​ ដែល​ជា​មរតក​ដ៏​ថ្លៃ​ថ្លា​របស់​ដូន​តា​។ បន្ថែម​ពី​នោះ​​ត្រូវ​សិក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌​ ទំនៀម​ទម្លាប់​​ពី​ខាង​ក្រៅ​ ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ និង​បរិបទ នៃ​សង្គម​របស់​ខ្លួន​ ក្នុង​គោល​ដៅ​រក្សា​ឱ្យ​បាន​នូវ​អត្ថិភាព​ ជា​ប្រជាជាតិ​ថ្លៃ​ថ្នូរ​មួយ​ ដែល​មាន​វ័យ​ចំណាស់ រាប់​ពាន់​ឆ្នាំ​មក​ហើយ​ នៅ​ទ្វី​ប​អាស៊ី​​។
 
“ការ​រក្សា​ការ​ពារ វប្បធម៌ ប្រពៃណី​ដ៏​ថ្លៃ​ថ្លា​របស់​ជាតិ ជា​កាតព្វកិច្ច​នៃ​យើង​ទាំង​អស់​គ្នា​”៕
 

Tag:
 វប្បធម៌​
  ក្រសួង​វប្បធម៌​
  ថ្ងៃ​១៤​កុម្ភៈ​
  ទិវាក្ដី​ស្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com