ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោងខាស់ និងផ្សារដាវ៉ាន់ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផលត្រីកែច្នៃ និងសុវត្ថិភាពចំណីអាហារ
15, Feb 2023 , 3:39 pm        
រូបភាព
ភ្នំពេញ៖ គម្រោងខាស់ និងផ្សារដាវ៉ាន់ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពិព័រណ៍ត្រីក្នុងស្រុកនៅក្រោមប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផលក្នុងវិស័យត្រីកែច្នៃ និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា” នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ប្រារព្ធឡើងនៅផ្សារដាវ៉ាន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
ព្រឹត្តិការណ៍ផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងការអនុវត្តជាក់ស្ដែ ងអំពីប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផលត្រីកែច្នៃ និងលើកកម្ពស់ការយល់ដឹងសុវត្ថិភាពចំណីអាហារនៅកម្ពុជា ទៅកាន់អ្នកបរិភោគ ដើម្បីជាជំនួយក្នុងការជាវផលិតផលដែលមានសុវត្ថិភាព និងគុណភាព ព្រមទាំងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម និងអ្នកចែកចាយវារីប្បកម្មក្នុងការពង្រឹងគុណភាព និងការទទួលស្គាល់ជាមួយប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផល។
 


បន្ថែមពីនេះទៀត យើងក៏មានការអញ្ជើញចូលរួមពីលោក ជីម ហឺស្សីយ នាយកគម្រោងខាស់ និងវាគ្មិនលោកបណ្ឌិត ខូវ គួង និងអ្នកជំនាញ ផ្នែកសុវត្ថិភាព ចំណីអាហារ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូប ដែលក្នុងនោះមានសកម្មភាពសំខាន់ៗដូចជា ការចូលរួមពិភាក្សា ចែករំលែកបទពិសោធន៍ បញ្ហាប្រឈមទៅលើសុវត្ថិភាពចំណីអាហារ និងចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផលត្រីកែច្នៃ និងខែ្សច្រវាក់ផលិតកម្មក្នុងវិស័យវារីវប្បកម្មក្នុង ​ប្រទេសកម្ពុជា។  
 
ព្រឹត្តិការណ៍នេះ ក៏អនុញ្ញាតឲ្យសារធារណជនចូលរួមដោយសេរី ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅ អំពីសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផល និងគាំទ្រផលិតផលត្រីក្នុងស្រុកផងដែរ។ 
 
ជាមួយនឹងការកើនឡើង នៃការផលិត និងផ្គត់ផ្គង់ផលិតផលត្រីកែច្នៃនៅកម្ពុជា ​គម្រោងខាស់ និងផ្សារដាវ៉ាន់ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធតាមដានព័ត៌មានប្រភពដើម នៃផលិតផល តាមរយៈ​​​ QR (QR-based Traceability System) ដោយក្ដីសង្ឃឹមថា ប្រព័ន្ធនេះ នឹងអាចបង្កើនទំនុកចិត្តរបស់អតិថិជន អ្នកចែកចាយ និងអ្នកបរិភោគ ជាមួយនឹងសុវត្ថិភាព គុណភាពផលិតផលឲ្យកាន់តែល្អ ប្រសើរជាងមុន ជាមួយនឹងព័ត៌មានយ៉ាងពេញលេញ នៃប្រភពធាតុដើម  ដំណើរការកែច្នៃ និងលក្ខខណ្ឌសុវត្ថិភាពរបស់ផលិតផលនីមួយៗ នៅក្នុងដៃរបស់អ្នកប្រើប្រាស់។
 


ប្រព័ន្ធតាមដានព័ត៌មានប្រភពដើម នៃផលិតផលត្រីកែច្នៃ ឬ Traceability System ជាមធ្យោបាយមួយ ក្នុងការពិនិត្យតាមដានរកប្រភពដើម និងលក្ខខណ្ឌសុវត្ថិភាព នៃផលិតផលនៅក្នុងខ្សែច្រវាក់អាជីវកម្មទាំងមូល ចាប់ពីកម្រិតនៃការផលិត វត្ថុធាតុដើម ដំណើរការកែច្នៃ ការចែកចាយ និងការលក់ឱ្យអ្នកបរិភោគ តាមរយៈ QR Code បិតភ្ជាប់នឹងកញ្ចប់ផលិតផល។
 
លោក អីម ថាណូ នាយកបច្ចេកទេសប្រចាំគម្រោងខាស់ ក៏បានលើកឡើងថា៖ “គម្រោងខាស់ ចូលរួមគិតគូរពីសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់អ្នកបរិភោគជាចម្បង ក្នុងទិសដៅស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តថ្នាក់ជាតិ។” លោកបានបន្ថែមថា៖ “ក្រោមកិច្ចសហប្រតិបត្តិការជាមួយផ្សារដាវ៉ាន់ លើផ្នែកបច្ចេកទេសទីផ្សារ រួមជាមួយនឹងផ្នែកអនាម័យ ភូតគាមអនាម័យ ទើបថ្ងៃនេះ យើងឃើញមានប្រព័ន្ធតាមដានព័ត៌មានប្រភពដើមផលិតផលត្រីកែច្នៃក្នុង Davane QR ពិតប្រាកដមែន។” 
 


គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់ គម្រោងខាស់ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលត្រីកែច្នៃ និងគាំទ្រខ្សែច្រវាក់អាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យមទាំង៣ រួមមាន៖ ផ្សារដាវ៉ាន់ (Davane) យូនីកា (Unica) និងហូមថេសហ្វូដ (Home-Taste Food)។ ក្នុងនោះសកម្មភាពសំខាន់ៗមួយចំនួននឹងត្រូវបានធ្វើឡើងដូចជា ការផលិតវីដេអូផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ រៀបចំព្រឹត្តិការណ៍ផែនទីបង្ហាញផ្លូវ ការបង្កើតមាតិកាឌីជីថល និងសម្ភារផ្សព្វផ្សាយជាដើម​។​ 
 
ទំនាក់ទំងប្រព័ន្ធផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា
 
លោកស្រី ពេជ្រ គីមធា​
Phone number: (+855) 10 531 160
 
អំពីផ្សារដាវ៉ាន់ 
ផ្សារដាវ៉ាន់ បានធ្វើដំណើរសន្សឹមៗតាំងពីឆ្នាំ២០២០ ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន ដោយបានបើកហាងអាហារទំនើប លក់បន្លែត្រីសាច់ បម្រើអតិថិជនរបស់យើង ជាមួយនឹងបេសកម្ម ដែលធានាថាគ្រប់គេហដ្ឋានគឺមានអាហារបរិភោគ ដោយសុវត្ថិភាព គុណភាព និងទំនុកចិត្ត។ ដូចនេះ ផ្សារដាវ៉ាន់ក៏បាន​ត្រួសត្រាយផ្លូវ ប្រកបដោយភាពច្នៃប្រឌិត និងបានរៀបចំប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលបានកាត់បន្ថយហានិភ័យចំណីអាហារជាង ៣៥% សម្រាប់ជាង ២៥០ គ្រួសារ។ 
 
សម្រាប់ព័ត៌មានបន្ថែម​ សូមចូលទៅកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់ ផ្សារដាវ៉ាន់៖
 
អំពីគម្រោងខាស់ 
គម្រោង ខាស់ គឺជាគម្រោងរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ដែលផ្ដល់ជំនួយដើម្បីជំរុញផលិតកម្មត្រី ឱ្យស្របទៅនឹងតម្រូវការទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយអភិវឌ្ឍន៍ឧស្សាហកម្មវារីវប្បកម្ម និងលើកកម្ពស់ផលិតផលត្រីចិញ្ចឹម នៅក្នុងប្រទេសកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ គម្រោង ខាស់ ក៏ជួយពង្រឹងការផលិតចំណី និងផលិតផលត្រីក៏ដូចជាជួយបង្កើតប្រព័ន្ធទីផ្សារ ដែលរកអាចប្រាក់ចំណេញ សម្រាប់ផលិតផលវារីវប្បកម្មនៅកម្ពុជា។ 
 
សម្រាប់ព័ត៌មានបន្ថែម​ សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST ៖
 
អត្ថបទពាណិជ្ជកម្ម









 

© រក្សាសិទ្ធិដោយ thmeythmey.com