ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសពីកិច្ចព្រមព្រៀងដៃគូសហការជាមួយ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ
17, Feb 2023 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានមោទកភាពក្នុងការប្រកាសពីភាពជាដៃគូសហការថ្មីជាមួយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) ក្នុងគោលបំណងជួយដល់ការអប់រំ នៅតាមភូមិដាច់ស្រយាល និងក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យកណ្តាល អេស៊ីលីដា​ ភីអិលស៊ី ក្រោមវត្តមាន នាយកប្រតិបត្តិជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ។
 
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេរបស់កម្ពុជា ដែលមានទ្រព្យសម្បត្តិជាង ២០០ លានដុល្លារ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍របស់ខ្លូនកាន់តែមានការអភិវឌ្ឍន៍ទៅមុខ។ ការចុះកិច្ចព្រមព្រៀងជាមួយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ព្រូដិនសល ចំពោះការអប់រំ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
 
 
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១៧ ហើយចាប់តាំងពីបង្កើតទ្បើងមកអង្គការមូលនិធិ បានចូលរួមធ្វើសកម្មភាពសង្គម និងមនុស្សធម៌ ដោយផ្តោតសំខាន់លើការសាងសង់អគារបឋមសិក្សា នៅក្នុងខេត្តចំនួន៥ ក្នុងប្រទេសកម្ពុជា។ អង្គការមូលនិធិនេះ គ្រោងសាងសង់សាលាបឋមសិក្សាចំនួន៣ បន្ថែមទៀត នៅឆ្នាំ២០២៣ ដែលជាសាលាទី ៩ និង​ទី១០ និងទី ១១ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
 
លោក​ អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ «ការអប់រំដើរតួនាទីយ៉ាង សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុង ប្រទេសកម្ពុជា។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការគាំទ្រអង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ  (AJF)  គឺជាសក្ខីភាពមួយបង្ហាញពីការ ប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យ អប់រំនៅព្រះរាជាណាចក្រកម្ពុជា»។​
 
លោក Sanjay Chakrabarty អគ្គនាយក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រូដិនសលកម្ពុជា មានកិត្តិយស និង​រីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាមួយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF)  ក្នុងការលើកកម្ពស់ការអប់រំនៅតាមភូមិដាច់ស្រយាល និងក្រីក្រឲ្យកាន់តែមានភាពប្រសើរជាងមុន។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ល្អប្រសើរ យើងប្តេជ្ញាថានឹងធ្វើឱ្យសហគមន៍របស់យើងកាន់តែមានការអភិវឌ្ឍន៍ទៅមុខ»។ 
 
១ទស្សវត្សរ៍ នៃភាពជាដៃគូ​អាជីវកម្មប៊េងកាសួរេន រវាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានអតិថិជនជាង ២០០​ ០០០ នាក់ និងបានអនុម័តលើការទាមទារសំណងជាង ១៤ លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២២។ នេះបង្ហាញពីប្រសិទ្ធភាព នៃភាពជាដៃគូយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងពីរ ក្នុងការការពារគ្រួសារកម្ពុជា និងជួយពួកគេឱ្យរីកចម្រើនទៅមុន។ ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ភាពជាដៃគូអាជីវកម្មនេះ ស្របពេលដែលឈានដល់មួយទសវត្សរ៍ នៃការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។
 
លោក​ ព្រំ វិសុទ្ធ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានមានប្រសាសន៍ថា៖«យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ព្រូដិនសលកម្ពុជា លើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ ការគាំទ្រពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងជួយបេសកកម្មរបស់យើង ក្នុងការផ្តល់ការអប់រំកម្រិតមូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃជីវិតដល់កុមារនៅតាមភូមិដាច់ស្រយាល និងក្រីក្រក្នុងប្រទេសកម្ពុជា»។
 
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននឹងកំពុងប្រារព្ធខួប ១៧៥ឆ្នាំ នៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ការធានារ៉ាប់រងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅទូទាំងពិភពលោក ហើយប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានមោទកភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជនកម្ពុជា តាមរយៈការអប់រំ និងស្ថិរភាពហិរញ្ញវត្ថុ។
 
អំពីព្រូដិនសល
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការរៀបចំសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណជន ព្រូដិនសលកម្ពុជា បាន និងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។  
 
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុង នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ព្រូដិនសល ភីអិលស៊ី ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅអាស៊ី និងអាហ្វ្រិក។ អាជីវកម្មរបស់យើង បានជួយឱ្យគ្រប់គ្នា ទទួលបានជីវិតមួយដែលល្អប្រសើរបំផុត តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និងដោយការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។
 
អំពីអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF)
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) ត្រូវបានបង្កើតឡើង នៅថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០១៧ ហើយបានដំណើរការសកម្មភាពសង្គម និងមនុស្សធម៌ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨មក។ សកម្មភាពចម្បង របស់អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) គឺផ្តោតលើការសាងសង់អគារសាលាបឋមសិក្សា នៅតាមភូមិដាច់ស្រយាល និងក្រីក្រក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង៕
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Prudential
© រក្សាសិទ្ធិដោយ thmeythmey.com