ជាតិ
សង្គមជាតិ
កម្ពុជា ជិតរួចផុតពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់វិញហើយ
22, Feb 2023 , 10:29 am        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តមួយ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តមួយ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

ស​ម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា អង្គការអន្តរជាតិហ្វាត (FATF) ដែលធ្វើការផ្នែកស៊ើបអង្កេតលើការសម្អាតប្រាក់កខ្វក់ ទើបនឹងបើកកិច្ចប្រជុំមួយនាពេលថ្មីៗ ហើយសម្រេចត្រៀមដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសដែលមានការលួចសម្អាតប្រាក់កខ្វក់ពីក្រុមឧក្រិដ្ឋជន។ សម្តេច ប្រកាសដំណឹងនេះ ក្នុងពិធីបើកសន្និបាតស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។



សម្តេច ស ខេង ដែលមានតួនាទីជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ផងនោះ លើកឡើងថា ថ្វីដ្បិត អង្គការហ្វាត មិនទាន់សម្រេចជាផ្លូវការ ក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសដែលមានការសម្អាតប្រាក់កខ្វក់ តែការប្រកាសត្រៀមដកកម្ពុជាចេញបញ្ជីប្រផេះនេះ គឺជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់កម្ពុជា។ សម្តេច អះអាងថា អង្គការអន្តរជាតិមួយនេះ នឹងបើកកិច្ចប្រជុំមួយទៀតនៅថ្ងៃស្អែក (២៣កុម្ភៈ) ហើយនឹងប្រកាសលទ្ធផលផ្លូវការអំពីការដកកម្ពុជាចេញពីបញ្ជីប្រផេះ។ 
 
សម្តេចឧបនាយករដ្ឋមន្រ្តី ដាស់តឿនទៅមន្រ្តី កុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើសម្អាតប្រាក់កខ្វក់ ពេលកម្ពុជា បានរួចផុតពីបញ្ជីប្រផេះ។ សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា មន្រ្តីពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវខិតខំ និងសាមគ្គីគ្នា ក្នុងការការពារឲ្យបានដាច់ខាតកុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះវិញ។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«យើង នឹងដាក់ចេញទិសដៅការងារគន្លឹះៗ ជាបន្តទៀត ដើម្បីការពារលទ្ធលនេះឲ្យបានជារៀងរហូត»។ 
  

សម្តេច ស ខេង ថ្លែងក្នុងពិធីបើកសន្និបាតស្តីពីលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមរម្លឹកថា កាលពីអំឡុង ខែមករា ឆ្នាំ២០២៣ ក្រុមការងារនៃអង្គការហ្វាត បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យដោយផ្ទាល់ពីស្ថានភាពនៃការលាយលុយកខ្វក់។ ក្រុមការងារនេះ បានជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេច ស ខេង រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។ 
 
គួរដឹងថា ប្រទេស ដែលត្រូវចាត់ទុកថា មានស្ថានភាពមិនល្អពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់កខ្វក់ដោយក្រុមឧក្រិដ្ឋជន ត្រូវប្រឹងប្រែងធ្វើកិច្ចការលើចំណុច២ គឺ  IO7 និង IO8។ IO7 សំដៅលើកិច្ចការក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់ ឯ IO8 សំដៅលើកិច្ចការក្នុងការបង្កក ឬការរឹបអូសធនធានកខ្វក់របស់ឧក្រិដ្ឋជន។ 
 
ដើម្បីចៀសផុតពីឧបសគ្គក្នុងការធ្វើប្រតិបត្តិការលើវិស័យធនាគារ កម្ពុជា ចាំបាច់ត្រូវព្យាយាមខ្លួនចេញពីបញ្ជីប្រផេះរបស់អង្គការហ្វាតឲ្យបាន។ ហើយដើម្បីអាចរួចផុតពីបញ្ជីប្រផេះរបស់អង្គការហ្វាត អាជ្ញាធរកម្ពុជា ត្រូវប្រឹងប្រែងស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ ដែលជាកិច្ចការក្នុងចំណុច IO8៕ 
 
 

Tag:
 ករណីលាយលុយកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com