ជាតិ
ទីលានដាក់សំរាមខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ចំណាយសាងសង់ ៣ លានដុល្លារអាម៉េរិក
22, Feb 2023 , 7:59 pm        
រូបភាព
ដោយ:
ទីលានដាក់សំរាម ២កន្លែង ដែលស្របតាមបទដ្ឋានបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហានទី១ ត្រូវបានសម្ពោធដាក់ឱ្យពលរដ្ឋប្រើប្រាស់។ ទីលានដាក់សំរាមនេះ ត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ ៣,០៦លានដុល្លារអាម៉េរិក។

 
ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសារធារណការ នៅថ្ងៃទី២២ ខែកុម្ភៈ។
 
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធទីលានទុកដាក់សំរាមនេះ សម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបរិស្ថាន។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន។ រូបភាពយកពីក្រសួង
 
លោក ស៊ុន ចាន់ថុល​ បានថ្លែងថា ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិកតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទីតាំងទុកដាក់សំរាមនោះ ត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានបណ្ដោយ ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជម្រៅ ១ម៉ែត្រ និងអាចផ្ទុកសំរាមបានចំនួន ១២០ ០០០ ម៉ែត្រគីប។ លោកបន្តថា គម្រោងនេះ បានចំណាយថវិកាសាងសង់ប្រមាណ ១,៣៩ លានដុល្លារអាម៉េរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ ចាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២។ 
 
សម្រាប់ទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់វិញ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ ហិកតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទីតាំងនោះ ត្រូវបានរចនាឡើងជាពីររណ្ដៅ មានបណ្ដោយ ៨៥ម៉ែត្រ ទទឹង ៨៥ម៉ែត្រ និងជម្រៅ ០,៦៥ម៉ែត្រ ដែលអាចផ្ទុកសំរាមបានចំនួន ១៤០ ០០០ ម៉ែត្រគីប។ គម្រោងនេះ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧៕


 

Tag:
 ទីលានដាក់សំរាម
 កំពង់ឆ្នាំង
 ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com