ជាតិ
អង្គការទន្លេគ្លីនិកកម្ពុជា ជំរុញពលរដ្ឋរស់នៅលើបឹងទន្លេសាបគិតគូរពីអនាម័យទឹកស្អាត
26, Feb 2023 , 8:59 am        
រូបភាព
ទិដ្ឋភាពពលរដ្ឋ រស់នៅតាមផ្ទះបណ្ដែតទឹក ភូមិខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា
ទិដ្ឋភាពពលរដ្ឋ រស់នៅតាមផ្ទះបណ្ដែតទឹក ភូមិខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា
សៀមរាប៖ អង្គការទន្លេគ្លីនិកកម្ពុជា (TLC) បានជំរុញពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាប គិតគូរពីអនាម័យទឹកស្អាត ខណៈបឹងទឹកសាប ដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងរងការបំពុល ដោយសំរាម និងកាកសំណល់ស្អុយ។ ការប្រើប្រាស់ទឹក​កខ្វក់ក្នុងបឹងទន្លេសាប អាចបង្កឱ្យមានជំងឺច្រើនប្រភេទ ជាពិសេស ជំងឺក្រិសក្រិនលើកុមារ។



ដោយមើលឃើញពីផលប៉ះពាល់ នៃការប្រើប្រាស់ទឹកមិនស្អាត អង្គការទន្លេគ្លីនិកកម្ពុជា បានគាំទ្រលើការផ្ដល់ «ធុងចម្រុះទឹកស្អាត» ដល់សហគមន៍ផ្ទះបណ្ដែតទឹកចំនួន ៩ភូមិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងកំពង់ធំ ដើម្បីជួយឱ្យពួកគេមានសុខភាពល្អ។
  


អ្នកថែទាំសុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា កញ្ញា ធួន សុត្រា បានឱ្យដឹងថា ជាទម្លាប់របស់ ពលរដ្ឋរស់នៅតាមផ្ទះបណ្ដែតទឹក តែង​បោះចោលសំរាម កាកសំណល់ស្អុយ និងបន្ទោបង់ពាសពេញបឹងទន្លេសាប ខណៈទឹកទាំងនោះ ត្រូវបានពួកគេយកមកបរិភោគ ងូត ដាំបាយ និងស្ល វិញជាដើម។ ការបរិភោគទឹកមិនស្អាត អាចឱ្យកើតមានជំងឺរាករូស គ្រុនពោះវៀន ដង្កូវពោះវៀន និងអាសន្នរោគជាដើម។
 
ដើម្បីធានាបានសុខុមាលភាពដល់ពលរដ្ឋរស់លើបឹងទន្លេសាប អង្គការទន្លេគ្លីនិកកម្ពុជា បានចែកចាយធុងចម្រុះទឹក ដែល​អាចជួយកាត់បន្ថយមេរោគក្នុងទឹករហូតដល់ជាង ៩០ភាគរយ។ ក្រោយមានធុងចម្រុះទឹក កញ្ញា ធួន សុត្រា បានកត់សម្គាល់ថា ពលរដ្ឋចាប់ផ្ដើមគិតគូរពីបញ្ហាអនាម័យទឹកស្អាត ច្រើនជាងមុន។ ប៉ុន្តែ យ៉ាងណា អង្គការទន្លេគ្លីនិកកម្ពុជា នៅតែបន្តតាមដាន និងណែនាំ ជាប់លាប់ ជុំវិញបញ្ហា អនាម័យ និងសុខភាព ដល់ពលរដ្ឋមូលដ្ឋាន។
  

កញ្ញា ធួន សុត្រា អ្នកថែទាំសុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា។ រូបភាព៖ ឈុំ ចន្ថា 
 
កញ្ញា ប្រាប់ដូច្នេះថា៖«កាលដែលខ្ញុំមកបឹងទន្លេសាបដំបូង គឺខ្ញុំឃើញពួកគាត់(ពលរដ្ឋ) ប្រើប្រាស់ទឹកនេះផ្ទាល់ ដូចជា បោកខោអាវ ងូតទឹក កក់សក់ ដុះធ្មេញ ហើយនឹងបន្ទោបង់ ដាក់ទឹកតែម្ដង។ បន្ទាប់មក ខ្ញុំក៏ឃើញគាត់ដងទឹកនេះ យកមកដាំបាយវិញ។ ប៉ុន្តែ នៅពេល យើងចែកធុងទឹកចម្រុះទឹកហើយ យើងឃើញថាមានការផ្លាស់ប្ដូរច្រើន ដោយពួកគាត់បានយកទឹកចម្រុះនោះ ទៅបរិភោគ ងូតទឹក។ អ៊ីចឹង ឥឡូវ គាត់មានការព្រួយបារម្ភចំពោះទឹកមិនស្អាតច្រើន»។​
 
លោក ម៉ូវ រួន ពលរដ្ឋរស់នៅភូមិខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានបង្ហាញការត្រេកអរ បន្ទាប់ពីទទួលបានធុងចម្រុះទឹក ពីអង្គការទន្លេគ្លីនិកកម្ពុជា។ លោក បានអនុវត្តអនាម័យទឹកស្អាត ជាប់ជានិច្ច ដើម្បីធានាដល់សុខុមាលភាពក្នុងគ្រួសារ។
  

រូបភាព៖ TLC
 
ដំបូងឡើយ លោកបានប្រើប្រាស់ទឹកបឹងទន្លេសាប ទៅលើការបរិភោគ ងូតទឹក និងដាំស្ល ជាដើម។ ទឹកនោះ មិនល្អនោះទេ ព្រោះសម្បូរទៅដោយសំរាម និងកាកសំណល់ស្អុយ។ ពលរដ្ឋរូបនេះ បានប្រើប្រាស់ទឹកបឹងទន្លេសាបនេះ អស់ជាច្រើនឆ្នាំ ដោយមិនដឹងថា ទឹកកខ្វក់មានមេរោគ ដែលបង្កផលប៉ះពាល់ដល់សុខភាពនោះទេ។ ក្រោយ បានធុងចម្រុះទឹកស្អាត លោក ម៉ូវ រួន និងគ្រួសារ មានទំនុកចិត្តក្នុងការបរិភោគទឹក ជាងមុន។
 
«យើងពិបាកនឹងការប្រើប្រាស់ទឹកណាស់ ព្រោះតែកាលណាទឹកស្រក ចាប់ផ្ដើមមានកាកសំណល់ កកជាប់ពេញទូក ពេញអីហ្នឹង។ អ៊ីចឹង វាវល់វក់ណាស់ ព្រោះលាមក នោមអី ហូរចូលមកតែហ្នឹង(បឹងទន្លេសាប) ទាំងអស់។ ពេលខ្លះ យើងងូតទឹក ក៏រមាស់ខ្លួនប្រាណដែរ តែមិនដឹងធ្វើយ៉ាងម៉េច យើងគ្មានជម្រើស»។ នេះជាការ​លើក​ឡើងរ​បស់​លោក ម៉ូវ រួន៕


លោក ម៉ូវ រួន ពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ដែលបានអនុវត្តអនាម័យទឹកស្អាត ក្នុងភូមិខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា 
 


Tag:
 ទឹកស្អាត
  ទន្លេសាប
  ភូមិមាត់ខ្លា
  អង្គការទន្លេគ្លីនិកកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com