ជាតិ
នំបំពួនស្ករ ភូមិព្រះដាក់ ពេញនិយមមិនចាញ់នំអាកោរត្នោត
26, Feb 2023 , 3:29 pm        
រូបភាព
សៀមរាប៖​ អ្នកភូមិព្រះដាក់ស្ទើរគ្រប់ផ្ទះបានដាក់លក់ផលិតផលអត្តសញ្ញាណខ្មែរ ដូចជាសម្ភារៈធ្វើពីផ្តៅ នំអន្សមសារ៉ាយត្នោត ជាពិសេសនំអាកោត្នោត។ ជាមួយគ្នានេះ អ្នកស្រី ពុត ជា អ្នកលក់នំបំពួនស្ករ ឬនំផ្លែអាយ ក្នុងភូមិព្រះដាក់ លើកឡើងថា នំមួយប្រភេទនេះមានការគាំទ្រពីសំណាក់ភ្ញៀវខ្មែរ និងបរទេសអាចនិយាយបានថា នំបំពួនស្ករ ​គឺជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីនំអាកោត្នោត។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ហេង ស្រីលីននិងអ្នកស្រី ពុត ជា អ្នកលក់នំបំពួនស្ករ  ដូចតទៅ៖

 

នំបំពួនស្ករ ឬនំផ្លែអាយ  ជានំខ្មែរមួយដែលអ្នកភូមិព្រះដាក់ ធ្វើលក់ជាហូរហែ។ គ្រឿងផ្សំនំប្រភេទនេះ មានដូចជា អង្ករដំណើបស្ករផែន ដូង និងលាយជាមួយគ្រឿងទេសផ្សេងទៀតដើម្បីឱ្យនំមានរសផ្អែមឆ្ងាញ់។ អ្នកស្រីពុត ជា បានលក់នំបំពួនស្ករ  ជិត៣ឆ្នាំមកហើយ។
 
ការលក់នំរបស់អ្នកស្រី គឺចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។ អ្នកលក់នំបំពួនស្ករ វ័យ៥៥ឆ្នាំ រូបនេះ អះអាងថា ក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានពី ៣០០ទៅ៤០០កន្ទោង។
នំបំពួនស្ករ ប្រមាណ ៨គ្រាប់ គឺមានតម្លៃ ១ពាន់រៀល។ដោយឡែកថ្ងៃបុណ្យទាន អ្នកស្រីអាចលក់បាន ៥០០កន្ទោងក៏មាន។ ចំពោះ ទេសចរដែលបានភ្លក់រសជាតិនំបំពួនស្ករ នេះ តែងសសើរមិនដាច់ពីមាត់ ថាមានរសជាតិឆ្ងាញ់។
 
អ្នកស្រី ពុត ជា ប្រាប់ដូច្នេះ ៖«នំបំពួនស្ករ  ជាប់លំដាប់ថ្នាក់លេខ២ ចំណែកនំអាកោត្នោតជាប់លេខ១។ពេលទេសចរមកទិញ គេសសើរថា នំទន់ឆ្ងាញ់។ នំម្សៅដំណើបខ្មែរយើងឆ្ងាញ់
មិនដូចនំម្សៅដំណើបទិញស្រាប់។» 
 
ទេសចរ ដែលឆ្លងកាត់ ភូមិព្រះដាក់ ពួកគេក៏មិនដែលរំលងហួសពីកន្លែងលក់នំអាកោត្នោត ឬនំបំពួនស្ករ នោះឡើយ។​ ពីមួយថ្ងៃទៅមួយថ្ងៃ ការលក់ដូរក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី កាន់តែទាក់ទាញទេសចរកាន់តែច្រើន។ ចំពោះ របរលក់នំបំពួនស្ករប្រចាំថ្ងៃរបស់អ្នកស្រី ពុត ជាអាចធ្វើឱ្យគ្រួសារអ្នកស្រី មានភាពល្អប្រសើរជាងមុនក្រោយផ្លាស់ប្តូរពីការធ្វើស្រែចម្ការផងដែរ៕
 
 
 

Tag:
 ThmeyThemy25
  ខេត្តសៀមរាប
  អ្នកស្រី ពុត ជា
 ​ ​​ភូមិព្រះដាក់
  នំបំពួនស្ករ
© រក្សាសិទ្ធិដោយ thmeythmey.com