ជាតិ
កាតាធ្វើជាម្ចាស់ផ្ទះសន្និសីទអង្គការសហប្រជាជាតិស្តីពី«ប្រទេសអភិវឌ្ឍតិចតួច» ចុងសប្តាហ៍នេះ
27, Feb 2023 , 8:18 am        
រូបភាព
រូបភាពពី Aisha Faquir/World Bank
រូបភាពពី Aisha Faquir/World Bank
កង់បេរ៉ា៖ កាតានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទីប្រាំ (LDC5) ចាប់ពីថ្ងៃ ៥ ដល់ថ្ងៃ ៩ ខែមីនាខាងមុខ។  គេរំពឹងថាកិច្ចប្រជុំដ៏សំខាន់នឹងផ្តល់ឱកាសសម្រាប់ការជជែកពិភាក្សា និងស្វែងរកវិធីសាស្ត្រជួយគាំទ្រដល់ប្រទេសក្រីក្រពន្លឿនការអភិវឌ្ឍដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច ដែលអាចឆ្លើយតបនឹងបញ្ហាប្រឈមសកលផងដែរ។

រៀបចំឡើងនៅក្រុងដូហា  ដោយមានការជ្រោមជ្រែងពីរដ្ឋាភិបាលកាតា កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិដែលត្រូវរៀបចំឡើងរៀងរាល់ ១០ឆ្នាំម្តងនេះ នឹងប្រមូលផ្តុំ មេដឹកនាំពិភពលោកក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិទាំង ៤៦។ តាមពិតទៅកិច្ចប្រជុំនេះត្រូវបានគ្រោងរៀបចំឡើងក្នុងខែមករាឆ្នាំ២០២២ ប៉ុន្តែក៏ត្រូវបានពន្យារពេលវិញដោយសារការបន្តរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩។ 
 
ក្រៅពីតំណាងប្រជាជាតិក្នុងកម្រិត ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល តួអង្គសំខាន់ ផ្សេងទៀតដែលនឹងមានវត្តមានដែរនោះ មានដូចជា អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន រួមជាមួយតំណាងយុវជនដែលមកពីបណ្តារដ្ឋអភិវឌ្ឍតិចតួចផងដែរ។ 
 
ក្នុងសន្និសីទព័ត៌មានស្តីពីការរៀបចំសន្និសីទនេះថ្ងៃ ២០ កុម្ភៈ លោកស្រី  Rabab Fatima អ្នកជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍតិចតួច ប្រទេសមិនជាប់សមុទ្រដែលកំពុងអភិវឌ្ឍ និង ប្រទេសកោះតូចៗ ប្រតិភូរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងឯកជនយ៉ាងហោចណាស់ ៤៥០០ នាក់បានចុះឈ្មោះរួចរាល់ហើយដើម្បីចូលរួមក្នុងសន្និសីទនេះ។
 
ក្នុងវេទិកាដ៏សំខាន់នេះ ប្រទេសពាក់ព័ន្ធនិងដៃគូអភិវឌ្ឍនានានឹងជួបជជែកស្វែងរកដំណោះស្រាយបន្ថែម ក្នុងគោលដៅជួយទ្រទ្រង់ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ក្នុងបរិបទដែលពិភពលោកកំពុងដោះស្រាយបញ្ហាឆ្លងរាតត្បាតកូវីដ ១៩ ក៏ដូចជាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ វាក៏នឹងក្លាយជាពេលវេលាសម្រាប់ការរិះរកមធ្យោបាយបន្ថែម ដែលឆ្លើយតបនឹងតម្រូវការរបស់ ប្រទេសសមាជិកអង្គការសហប្រជាជាតិជាពិសេសប្រទេសក្រីក្រ ដើម្បីជួយឱ្យប្រទេសទាំងនោះអាចឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងបញ្ចប់ត្រឹមឆ្នាំ ២០៣០ ខាងមុខផងដែរ។ 
 
ត្រឡប់មកផ្តោតលើនិយមន័យរបស់ប្រទេសអភិវឌ្ឍតិចតួចវិញម្តង។ បើតាមអង្គការសហប្រជាជាតិ រដ្ឋអភិវឌ្ឍតិចតួចគឺ សំដៅលើប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងកម្រិតទាប តែងាយរងគ្រោះខ្លាំងពីបញ្ហាខាងក្រៅជាពិសេសវិបត្តិសេដ្ឋកិច្ច និងបញ្ហាបរិស្ថាន ហើយក៏មានធនធានមនុស្សតិចតួចទៀត។ បច្ចុប្បន្ននេះ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ជារដ្ឋអភិវឌ្ឍតិចតួចនេះមានសរុបចំនួន ៤៦ នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន ៣៣ នៅទ្វីបអាហ្វ្រិក ១២ នៅអាស៊ី និង ១ នៅក្នុងតំបន់អាមេរិកឡានទីន ហើយកម្ពុជា ក៏ជារដ្ឋសមាជិកមួយដែរ។ អាចនិយាយបានថា សមាជិកទាំង ៤៦ សុទ្ធសឹងជាប្រទេសក្រីក្រងាយរងគ្រោះ ក៏ដូចជាប្រទេសកោះតូចៗ និងរដ្ឋដែលមិនជាប់សមុទ្រ។ 
 
ចំពោះលក្ខខណ្ឌដើម្បីអាចឈានទៅរួចផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនេះ រដ្ឋនីមួយៗត្រូវមានបំពេញចំនួនពីរក្នុងចំណោមបីក្នុងនោះមានដូចជា សន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្ស (HAI) កម្រិតចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ(GNI)  និងសន្ទស្សន៍នៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច (EVI)  ហើយរដ្ឋនោះត្រូវបំពេញលក្ខខណ្ឌតម្រូវនេះក្នុងការវាយតម្លៃពីរដងជាប់គ្នា។
 
ចំណែកឯការវាយតម្លៃលើការបំពេញលក្ខខណ្ឌរបស់រដ្ឋជាសមាជិកនេះវិញ វាគឺជាតួនាទីរបស់របស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ហើយការវាយតម្លៃនេះធ្វើឡើងរៀងរាល់បីឆ្នាំម្តង។
 
ដូច្នេះហើយ នាវេទិកាសន្និសីទកំពូលខាងមុខនេះ ភាគីពាក់ព័ន្ធជាពិសេសដៃគូអភិវឌ្ឍនានាពិភាក្សាគ្នា ក៏ដូចជាដាក់ចេញផែនការសំខាន់ៗដើម្បីធានាយ៉ាងណាអនុវត្តផែនការសកម្មភាពទីក្រុងដូហា (Doha Program of Action) ឱ្យសម្រេចជោគជ័យក្នុងពេល១០ឆ្នាំខាងមុខ។ ផែនការសកម្មភាពដើម្បីជួយដល់ប្រទេសអភិវឌ្ឍតិចតួចនេះ ត្រូវបានអនុម័តឡើងកាលពីខែមីនាឆ្នាំ ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
 
កម្ពុជាឈានឆ្ពោះទៅចេញផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច 
 
ដូចបានបញ្ជាក់ខាងលើ កម្ពុជាស្ថិតក្នុងចំណោមរដ្ឋស្ថិតនៅតំបន់អាស៊ីទាំង ១២ ស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចដែរនៅពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ គេមិនទាន់ដឹងតំណាងរដ្ឋាភិបាលកម្ពុជារូបណាដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងដូហាឡើយ ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា មិនទាន់ព័ត៌មានពាក់ព័ន្ធនឹងប្រតិភូកម្ពុជាដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំនេះនៅឡើយទេ។ 

ត្រឡប់មកផ្តោតចំណាត់ថ្នាក់របស់កម្ពុជាវិញម្តង។ ក្នុងឆ្នាំ ២០២១ កម្ពុជាបានសម្រេចគ្រប់សន្ទស្សន៍ពីរក្នុងចំណោមលក្ខខណ្ឌទាំងបីដែលជាលក្ខខណ្ឌតម្រូវចម្បងៗ សម្រាប់រដ្ឋដែលត្រូវចាកផុតពីការចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច បើតាមរបាយការណ៍វាយតម្លៃរបស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយ។ ដើម្បីឈានទៅរៀបចំចាកចេញពីចំណាត់ថ្នាក់នេះ វាត្រូវឆ្លងកាត់ការវាយតម្លៃម្តងទៀតក្នុងរយៈពេលបីឆ្នាំក្រោយ។ ក្នុងករណីដែលកម្ពុជានៅបន្តរក្សាបានសន្ទស្សន៍ទាំងនេះក្នុងការវាយតម្លៃជាលើកទីពីរ មហាសន្និបាតអង្គការសហប្រជាជាតិអាចចេញដំណោះស្រាយណែនាំប្រទេសសាមីរៀបចំខ្លួនសម្រាប់ការចាកចេញនិងទ្រទ្រង់ដំណើរការនៃការរៀបចំខ្លួននេះ ដើម្បីធានាថា កម្ពុជាមិនប្រឈមបញ្ហាច្រើននិងអាចត្រឡប់ក្លាយជាប្រទេសអភិវឌ្ឍតិចតួចឡើងវិញនោះឡើយ។
 
អ្នកតំណាង UNDP ប្រចាំកម្ពុជាលោកស្រី Alissar Chaker បង្ហាញការយល់ឃើញថា កម្ពុជាស្ថិតនៅលើផ្លូវឆ្ពោះទៅរៀបចំខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអអភិវឌ្ឍតិចតួចដោយអាចរក្សាសន្ទស្សន៍ទាំងអស់បានក្នុងការវាយតម្លៃបីឆ្នាំម្តងដោយគណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយដែលនឹងត្រូវរៀបចំឡើងនៅឆ្នាំ ២០២៤ ខាងមុខ។ 

ពាក់ព័ន្ធនឹងសន្និសីទក្រុងដូហានេះ លោកស្រីតំណាង UNDP ប្រចាំកម្ពុជា រូបនេះ យល់ឃើញដែរថា វានឹងមានសារសំខាន់ខ្លាំងសម្រាប់កម្ពុជា ព្រោះតែសន្និសីទនេះជាកិច្ចប្រជុំចុងក្រោយមួយ មុនពេលដែលកម្ពុជាចាប់ផ្តើមដំណើរការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច។ 
 
«ក្នុងន័យនេះ សន្និសីទកំពូលក្រុងដូហា នឹងក្លាយជាឱកាសពិសេសមួយសម្រាប់កម្ពុជារៀនសូត្រពីពិសោធន៍របស់ប្រទេសដទៃ ជាពិសេសប្រទេសដែលបានចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការហើយនោះ។ វានឹងជួយដល់កម្ពុជាដើម្បីធានាបានពីការចាកចេញពីកម្រិតអភិវឌ្ឍតិចតួចបានយូរអង្វែង និងបញ្ចៀសហានិភ័យក្នុងការធ្លាក់ក្នុងចំណាត់ថ្នាក់ដដែលវិញ។ កម្ពុជាក៏អាចចែករំលែកពីភាពជោគជ័យ និងបទពិសោធរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀតដែរ»។ លោកស្រី Charker ពន្យល់ដូច្នេះ។
 
មិនត្រឹមតែប៉ុណ្ណោះទេ  អ្នកតំណាងអង្គការ UNDP រូបនេះក៏សង្កត់ធ្ងន់ផងដែរថា សន្និសីទក្រុងដូហានេះក៏កើតឡើង ចំពេលដែលកម្ពុជាត្រៀមឈានទៅដាក់ចេញអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជំហានបន្ទាប់ និងការបញ្ចប់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួនផងដែរ។
 
អ្វីដែលសំខាន់ វាក៏ជាពេលដែលត្រូវស្វែងយល់ថា តើកម្មវិធីសកម្មភាពក្រុងដូហា និងវិស័យគន្លឹះចំនួន ៦ ណាខ្លះនឹងត្រូវបញ្ចូលក្នុងគោលដៅអាទិភាពថ្នាក់ជាតិ ដែលអាចផ្តល់ជាយន្តការនិងវិធីសាស្ត្រសម្រាប់ការពន្លឿនដំណើរការអភិវឌ្ឍនៅកម្ពុជា និងពន្លឿនដំណើរឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០៣០ ក៏ដូចជាមហិច្ឆតារបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៥០ បាន។ 
 
«ដូច្នេះហើយ UNDP ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់កម្ពុជាក្នុងដំណើរការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច និង ទាញយកប្រយោជន៍ឱ្យបានច្រើនតាមដែលអាចធ្វើបានពីសន្និសីទក្រុងដូហាខាងមុខនេះ»។ លោកស្រី Charker រៀបរាប់បន្ថែមដូច្នេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com