អន្តរជាតិ
តើប្រទេសណាខ្លះ ដែលត្រូវចាត់ទុកជា«រដ្ឋអភិវឌ្ឍតិចតួច ឬក្រីក្របំផុត»​លើ​ពិភពលោក?
27, Feb 2023 , 6:38 pm        
រូបភាព
រូបភាពពី​ AFP
រូបភាពពី​ AFP
 ការិយាល័យ​ជំនាញ​អង្គការសហប្រជាជាតិ (UN-OHRLLS) បានរៀបចំ​ចំណាត់ថ្នាក់​រដ្ឋ​ដែលមាន​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ល្អប្រសើរ​ឲ្យ​ស្ថិតនៅក្នុង​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ ខណៈ​រដ្ឋ​ដែលអន់ថយ និង​ខ្សត់ខ្សោយ​ឲ្យ​ស្ថិតនៅក្នុង​បណ្តុំ​ប្រទេស​ក្រីក្រ ឬ​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​។ សម្រាប់​អង្គការសហប្រជាជាតិ រដ្ឋ​ដែល​ស្ថិតនៅក្នុង​ក្រុម​ប្រទេស​ក្រីក្រ គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សហគមន៍​អន្តរជាតិ​។​

​យោងតាម​ការិយាល័យ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ (UN-OHRLLS) មកទល់ពេលនេះ មាន​ប្រទេស​ចំនួន ៤៦ ត្រូវ​បានដាក់​នៅក្នុង​ចំណាត់ថ្នាក់​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ឬ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។ ប្រទេស​ក្រីក្រ​ទាំងនេះ មាន ៣៣​រដ្ឋ ស្ថិតនៅក្នុង​តំបន់​អាហ្វ្រិក​, ១២ ​រដ្ឋ អាស៊ី​ប៉ាស៊ីហ្វិក និង​នៅ​អាមេរិក​ឡាទីន​មាន ១​រដ្ឋ​។​
 
​ខាងក្រោម​នេះ ​គឺជា​បញ្ជីឈ្មោះប្រទេស​អភិវឌ្ឍតិចតួចលើ​ពិភពលោក ដែល​ត្រូវបាន​បែងចែក​តាម​តំបន់​នីមួយៗ​៖
+ តំបន់​អាហ្វ្រិក​
១. អង់​ហ្គោ​ឡា ២. បេ​ណាំង ៣. បួ​គី​ណា​ហ្វា​សូ ៤. ប៊ូ​រុន​ឌី ៥. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ៦. ឆាដ ៧. កូ​ម័​រ ៨. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៩. ជី​ប៊ូ​ទី ១០. អេ​រី​ត្រេ ១១. អេ​ត្យូ​ពី ១២. ហ្គំ​ប៊ី ១៣. ហ្គី​ណេ ១៤. ហ្គី​ណេ​ប៊ី​ស្សូ ១៥. ឡេ​សូ​តូ ១៦. លី​បេ​រី​យ៉ា ១៧. ម៉ា​ដា​ហ្គា​ស្កា ១៨. ម៉ាឡាវី ១៩. ម៉ាលី ២០. ម៉ូ​រីតា​នី ២១. ម៉ូ​សំ​ប៊ិក ២២.  នេ​ហ្សេ ២៣. រ​វ៉ាន់ដា ២៤. សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ២៥. សេ​ណេ​ហ្កា​ល់ ២៦. សៀ​រ៉ា​ឡេ​អូន ២៧. សូ​ម៉ាលី ២៨. ស៊ូដង់​ខាងត្បូង ២៩. ស៊ូដង់ ៣០. តូ​ហ្គោ ៣១. អ៊ូ​ហ្ក​ង់​ដា ៣២. តង់​សានី និង ៣៣. សំ​ប៊ី ។​
+​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
១. អា​ហ្គា​ហ្វ​នី​ស្ថាន ២. បង់​ក្លា​ដែ​ស ៣. ប៊ូ​តង់ ៤. កម្ពុជា ៥. ឡាវ ៦. មី​យ៉ាន់​ម៉ា ៧. នេ​ប៉ាល់ ៨. ទី​ម័​រ​ខាងកើត ៩. យេ​ម៉ែន
- កោះប៉ាស៊ីហ្វិក
១. សូ​ឡូ​មុន
២. ទូ​វ៉ា​លូ
៣. គី​រី​បាទី
+ តំបន់​អាមេរិក​ឡាទីន
១. ហៃ​ទី
​    ​
តាមពិតទៅ ការបែងចែក​ចំណាត់ថ្នាក់​បណ្តុំ​ប្រទេស​ក្រីក្រ​របស់​ការិយាល័យ​ជំនាញ​អង្គការសហប្រជាជាតិ​មួយ​នេះ ត្រូវបានធ្វើ​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៧១​។ ការបែងចែក​ចំណាត់ថ្នាក់​នេះ គឺជា​គោលនយោបាយ​មួយ​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​យកចិត្ត​ដាក់​ខ្លាំង​ដើម្បី​ប្រមែរប្រមូលការគាំទ្រ​ពិសេស​ពី​អន្តរជាតិ​សម្រាប់​សមាជិក​នៃ​គ្រួសារ​អង្គការសហប្រជាជាតិ​ដែល​ខ្សត់ខ្សោយ​បំផុត​។​
 
​ជាគោលការណ៍​ ការិយាល័យ​ជំនាញ​មួយ​នេះ ពិនិត្យ និង​វាយតម្លៃ​លើ​ស្ថានភាព​នៃ​ប្រទេស​ក្រីក្រ​ទាំងនេះ​រៀងរាល់​បី​ឆ្នាំ​ម្តង​។ គួរកត់សម្គាល់​នោះ​ដើម្បី​អាច​រួច​ផុតពី​ការហៅ​ឈ្មោះ​ប្រទេស​ក្រីក្រ រដ្ឋ​នីមួយៗ ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​រួមមាន កំណើន​ចំណូល​របស់​ប្រជាជន​ម្នាក់ៗ​, ភាពល្អប្រសើរ​នៃ​ធនធានមនុស្ស និង​ចុងក្រោយ​ភាពល្អប្រសើរ​នៃ​ស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​៕

© រក្សាសិទ្ធិដោយ thmeythmey.com