កីឡាអន្តរជាតិ
អន្តរជាតិ
អនាគត ​Man United មានពន្លឺឡើងវិញ ខណៈ Ten Hag ជួយនាំពានរង្វាន់ដំបូង​ ក្រោយខកខានជិត ៦ឆ្នាំ
27, Feb 2023 , 11:59 am        
រូបភាព
 រូបភាព៖ Manchester United
រូបភាព៖ Manchester United
Manchester United រកបានពានរង្វាន់លើកដំបូង ក្រោយខកខានរយៈពេលជិត ៦ឆ្នាំ។ Man Utd គ្រងជើងឯក EFL Cup បន្ទាប់ពីយកឈ្នះលើក្រុម Newcastle United ដោយលទ្ធផល ២-០ នារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងកីឡដ្ឋាន Wembley។



ជ័យជម្នះដ៏សំខាន់មួយនេះ ធ្វើបានដោយកីឡាករខ្សែបម្រើការពារ​ Casemiro ដែលទើបផ្លាស់មកក្នុងរដូវកាល ២០២២-២៣​ នេះ ដោយការតែតបញ្ចូលទី នៅនាទី៣២ មុនពេលដែល Marcus Rashford ដែលកំពុងមានទម្រង់លេងល្អខ្លាំងស៊ុតគ្រាប់ទីពីរនាទី៣៩ ចំជើងខ្សែការពារ ​Sven Botman ធ្វើឱ្យចូលទីខ្លួនឯង។


 
ឈ្នះពាន EFL Cup នេះបានជួយ Man United ក្លាយជាក្រុមដែលឈ្នះពានរង្វាន់លំដាប់ទីពីរប្រចាំអង់គ្លេសមួយនេះចំនួន ៦លើក ក្នុងប្រវត្តិសាស្ត្រលើសក្រុមណាទាំងអស់។ ពានរង្វាន់នេះ ពិតជាសំខាន់ក្នុងការផ្តល់ទំនុកចិត្ត និងជាការបង្ហាញឱ្យឃើញភាពអស្ចារ្យរបស់ Man Utd ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់អ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag។ 
 
អតីតអ្នកចាត់ការ​ ​Ajax Amsterdam បានចូលដឹកនាំក្រុមនៅទឹកដី Old Trafford ក្នុងរដូវកាល ២០២២-២៣ នេះ ហើយរដូវកាលមុន Man United ជាក្រុមបានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ នៃតារាង ​Premier League តែប៉ុណ្ណោះ។ បិសាចក្រហមបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣។
 


ទោះបីជាលោក Ten Hag កំពុងតែបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលកើតឡើងវិញម្តងទៀត សម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យមួយនេះក្តី តែក្លិបបិសាចក្រហមដែលមានម្ចាស់ជាក្រុមគ្រួសារ ​Glazer សញ្ជាតិអាម៉េរិកបានដាក់ក្លិបលក់ ដើម្បីស្វែងរកការគាំទ្រពីម្ចាស់ថ្មី។ ​Man United បានបង្ហាញទម្រង់លេងដ៏ល្អប្រសើរខ្លាំងឡើងវិញ ដើម្បីប្រជែងពានរង្វាន់នានា ហើយមុនពេលប្រកួតផ្តាច់ព្រ័ត្រ ​EFL Cup បិសាចក្រហមទម្លាក់ជើងខ្លាំង Barcelona ចេញពីពានរង្វាន់ Europa League។
 
ក្រៅពីឈ្នះ EFL Cup នេះ Man United ក៏កំពុងតែបន្តប្រកួតប្រជែងនៅជុំទីប្រាំនៃពានរង្វាន់ ​FA Cup, ការប្រកួតវគ្គ ១៦ក្រុមនៃពានរង្វាន់ Europa League និងកំពុងប្រជែងពានរង្វាន់ Premier League ខណៈកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣។

រំលឹកទៅកាន់ដើមរដូវកាលវិញ លោក Ten Hag ហាក់បាក់មុខដោយសារតែការប្រកួត Premier league លើកដំបូងចាញ់ក្រុម Brentford លទ្ធផល ៤-០ ហើយនៅពេលប្រកួតប៉ះក្រុម Manchester City ចាញ់ក្នុងលទ្ធផល ៦-៣។ ចាប់តាំងពីចាញ់នៅទឹកដី ​Etihad បិសាចក្រហម ដែលមានខ្សែប្រយុទ្ធ Marcus Rashford បានប្រែក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចសម្រាប់ក្រុម និង ​Casemiro ជារនាំងដ៏រឹងមាំជួយបន្ថែមកម្លាំងដល់ក្រុម។
  

 
តំបន់ការពាររបស់បិសាចក្រហមត្រូវបានកសាងឡើងវិញ ដោយមានខែលការពារដ៏មាំ សំ ណាក់ខ្សែការពារចំណូលថ្មី Lisandro Martinez និង Raphael Varane ដែលមិនបណ្តោយឱ្យមានក្រុមគូប្រកួតណាស៊ុតរកគ្រាប់បាល់លើក្រុមបានដោយងាយៗនោះទេ។ ភាគច្រើននៃកីឡាករដែលលោក Ten Hag បាននាំចូលទាំងនៅដើមរដូវកាល និងពាក់កណ្តាលរដូវកាល សុទ្ធសឹងតែទទួលបានលទ្ធផលល្អ ជួយក្រុម​មានភាពរីកចម្រើន។ 
 
យ៉ាងណាមិញពានរង្វាន់ដំបូងនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ សម្រាប់យុទ្ធសាស្ត្រដឹកនាំរបស់អ្នកចាត់ការវ័យ ៥២ឆ្នាំ ក្នុងការបង្ហាញឱ្យឃើញពីភាពឆ្លាតវៃរបស់ខ្លួន
ទៅកាន់អ្នកគាំទ្រដ៏ដូចជាក្លិបទាំងមូល។
 
«ឈ្នះពានរង្វាន់បង្ហាញថាការលះបង់ ការព្យាយាមរងទុក្ខនានា ពេលកន្លងមកគឺព្រោះតែដើម្បីឱ្យអ្នកទាំងអស់គ្នាមានសមត្ថភាពខ្ពស់ជារៀងរាល់ថ្ងៃ ហើយការខំប្រឹងទាំងនេះប្រសិនបើអ្នកចង់បង្ហាញអ្វីមួយដែលអ្នកត្រូវតែឈ្នះឱ្យបាន។ ឈ្នះពានរង្វាន់នេះ បង្ហាញថាយើងកំពុងតែដើរលើផ្លូវមួយដ៏បំផុត យើងនឹងរីករាយជាមួយការឈ្នះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះយើងត្រូវបន្តដំណើរទៀត។ ខ្ញុំសង្ឃឹមថានេះជាការផ្តល់នូវកម្លាំងចិត្តសម្រាប់យើង ដើម្បីបន្តធ្វើរឿងដ៏ត្រឹមត្រូវ។»។ លោក Ten Hag បាននិយាយប្រាប់អ្នកកាសែតបែបនេះ ក្រោយចប់ការប្រកួត៕
 

Tag:
 Manchester United
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com