ជាតិ
សហគ្រាសជាង១,៦ម៉ឺន បានចុះបញ្ជីក្នុងប្រព័ន្ធ នៅឆ្នាំ២០២២
27, Feb 2023 , 7:59 pm        
រូបភាព
កម្មកររោងចក្រកាត់ដេរកំពុងបំពេញការងារនាពេលកន្លងមក។
កម្មកររោងចក្រកាត់ដេរកំពុងបំពេញការងារនាពេលកន្លងមក។
ភ្នំពេញ៖ កាលពីឆ្នាំ២០២២ មានរោងចក្រ សហគ្រាសជាង១,៦ម៉ឹន បានចុះបញ្ជីជាសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយក្នុងនោះមានកម្មករជាង១,៥លាននាក់។

 
របាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គ្រឹះស្ថាន រោងចក្រ សហគ្រាស ១៦ ៨២៨សហគ្រាស បានចុះបញ្ជីសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានកម្មករនិយោជិតជាង១,៥លាននាក់។ កម្មករទទួលបានប្រាក់ឈ្នួលជាមធ្យមជាង៣,៩៨ប៊ីលានដុល្លារ ក្នុងមួយឆ្នាំៗ។ 
 
ចំពោះកិច្ចការរក្សា និងបង្កើតមុខរបរនេះ ក៏មានពលរដ្ឋជាង៣ម៉ឺននាក់ ត្រូវបានក្រសួងការងារ ជួយស្វែងរកការងារឲ្យពួកគេ តាមរយៈវេទិកានានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមទាំងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងទៀត។ ចំណែក សេវាប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវៈ ដល់អ្នកស្វែងរកការងារធ្វើ ដូចជាសិស្ស និស្សិត បានជាង១,៦ម៉ឺននាក់។ 
 
ចំពោះសិក្ខាសាលាតម្រង់ទិស ដល់សិស្សានុសិស្សនិងជ្រើសរើសជំនាញសិក្សា 
មាន២៦៨វគ្គ ដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក្រសួងបានផ្ដល់សៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករនិយោជិតខ្មែរជាង៤១ម៉ឺននាក់ ក្នុងឆ្នាំ២០២២។ ចំណែក ជនបរទេស មានជាង៩,៥ម៉ឺននាក់។ 
 
ដោយឡែកពលករចំណាកស្រុកវិញ ក្រសួងការងារបង្ហាញថា គិតត្រឹមបច្ចុប្បន្ន មានជាង១.៣លាននាក់ ដែលចេញទៅធ្វើការក្រៅប្រទេសស្របច្បាប់។ ពួកគេទាំងនោះ ភាគច្រើនទៅធ្វើការនៅថៃជាង១.២លាននាក់ នៅកូរ៉េជាង៤ម៉ឺននាក់ និងជប៉ុនជាង១ម៉ឺននាក់។ ជាមធ្យមពួកគេ ផ្ញើប្រាក់ត្រឡប់មកកម្ពុជាវិញ ក្នុងមួយឆ្នាំៗប្រមាណ២.៧ប៊ីលានដុល្លារ៕ 
 

Tag:
 រោងចក្រ
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com