អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដោយមិនប្រកាសជាមុន
28, Feb 2023 , 11:39 am        
រូបភាព
លោកស្រី Janet Yallen រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រុងកៀវ ក្នុងថ្ងៃទី២៧ ខែកុម្ភៈ។ រូបភាពយកពី Twitter លោកស្រី Janet Yellen
លោកស្រី Janet Yallen រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រុងកៀវ ក្នុងថ្ងៃទី២៧ ខែកុម្ភៈ។ រូបភាពយកពី Twitter លោកស្រី Janet Yellen
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen នៅថ្ងៃទី១៧ ខែកុម្ភៈ បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដោយមិនប្រកាសជាមុន ដើម្បីបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ចំពោះក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

 
ក្រោយដំណើរទស្សនកិច្ចរបស់លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិកប៉ុន្មានថ្ងៃ លោកស្រី Janet Yellen បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែនដោយមិនប្រកាសជាមុន ដើម្បីបង្ហាញការគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី។ 
 
«អាម៉េរិកនឹងឈរអ៊ុយក្រែន មិនថាសង្រ្គាមមានរយៈពេលយូរប៉ុណ្ណា»។ លោកស្រី Yellen បានសង្កត់ធ្ងន់បែបនេះ ទៅកាន់នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal នៅថ្ងៃទី២៧ ខែកុម្ភៈ។ 
 
នៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រដ្ឋមន្រ្តីហិរញ្ញវត្ថុបានសរសើរពីភាពដឹកនាំរបស់លោក និងការដាក់ចេញវិធានការ ដើម្បីប្រឈមមុខនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ 
 
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ក៏បានសាទរចំពោះការពង្រឹងអភិបាលកិច្ចរបស់អ៊ុយក្រែន និងការលុបបំបាត់អំពើពុយរលួយផង ដែលការប្តេជ្ញានេះ បានជួយឱ្យការផលជំនួយរបស់អាម៉េរិកមានប្រសិទ្ធភាព និងឆ្លើយតបបានត្រឹមត្រូវ។ 
 
ក្រោយជំនួបជាមួយលោកស្រី Yellen លោក ហ្សេលេនស្គី នៅក្នុងប្រព័ន្ធ Telegram បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជួយក្រុងកៀវ ចាប់តាំងពីថ្ងៃទីមួយដែលសង្រ្គាមផ្ទុះឡើង ដោយមិនត្រឹមតែជាជំនួយអាវុធប៉ុណ្ណោះទេ ហើយថែមទាំងជាជំនួយហិរញ្ញវត្ថុថែមទៀត។ 
 
ក្រៅពីការគាំទ្ររបស់អាម៉េរិកចំពោះអ៊ុយក្រែននៅក្នុងសង្រ្គាម រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ក៏បានជជែកពីការដាក់ទណ្ឌកម្ម និងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមាននៅបរទេសផង ដើម្បីរៀបចំអ៊ុយក្រែនឡើងវិញជាមួយប្រមុខរដ្ឋាភិបាលប្រទេសមួយនេះផង។ 
 
ជុំវិញការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីនៅបរទេស លោកស្រី Yellen បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានតាមទូរសព្ទថា វាមានបញ្ហាផ្នែកច្បាប់មួយចំនួន ដើម្បីរឹបអូសឱ្យបានពេញលេញលើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលមានទំហំ ៣០០លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ី។ 
 
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ធ្វើឡើងក្រោយពីលោកស្រី បានត្រលប់មកពីចូលរួមកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ដែលរៀបចំនៅឥណ្ឌា៕ 
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com