អន្តរជាតិ
ប្រេសិតអាម៉េរិកថា ចិនត្រូវមានភាពស្មោះត្រង់ថែមទៀតជុំវិញប្រភពដើមជំងឺកូវីដ-១៩
28, Feb 2023 , 2:07 pm        
រូបភាព
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅចិន Nicholas Burns ប្រាប់ឱ្យចិនមានភាពស្មោះត្រង់បន្ថែមទៀតអំពីប្រភពដើមនៃការរាលដាលជំងឺកូវីដ-១៩។ ប្រេសិតអាម៉េរិកលើកឡើងបែបនេះបន្ទាប់ពីមានរបាយការណ៍សន្និដ្ឋានថាជំងឺកូវីដ-១៩ ទំនងបង្កដោយវីរុសបែកធ្លាយចេញពីមន្ទីរពិសោធចិន។



កាសែត Wall Street Journal នៅថ្ងៃទី២៦ ខែកុម្ភៈបានរាយការណ៍ដោយស្រង់ប្រភពក្រសួងថាមពលអាម៉េរិកជុំវិញប្រភពដើមជំងឺកូវីដ-១៩ ដែលទំនងជាកើតឡើងដោយការបែកធ្លាយវីរុសបង្កជំងឺចេញពីមន្ទីរពិសោធចិន។ យ៉ាងណាមិញ ការវិនិច្ឆ័យរបស់ក្រសួងថាមពលអាម៉េរិកស្ថិតក្នុងកម្រិត ទំនុកចិត្តទាបនៅឡើយ ហើយក៏ត្រូវបានទីក្រុងប៉េកាំងច្រានចោល។ 
 
ក្នុងវីដេអូមួយនៃព្រឹត្តិការណ៍សភាពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៧ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំចិន លោក Nicholas Burns បានជំរុញឱ្យចិនបង្កើនភាពស្មោះត្រង់របស់ខ្លួនអំពីរឿងប្រភពដើមនៃជំងឺកូវីដ-១៩នេះ។
 
«ចិនចាំបាច់ត្រូវមានភាពស្មោះត្រង់បន្ថែមទៀតអំពីអ្វីដែលបានកើតឡើងកាលពី៣ឆ្នាំមុននៅទីក្រុងវូហាន ទាក់ទងនឹងប្រភពដើមនៃវិបត្តិជំងឺកូវីដ-១៩»។ លោក Burns លើកឡើងបែបនេះ ដោយសំដៅទៅលើទីក្រុងរបស់ចិនដែលរកឃើញករណីឆ្លងដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៩។
 
លោក Nicholas Burns ក៏បានជំរុញចិនឱ្យដើរតួនាទីសកម្មបន្ថែមទៀតនៅក្នុងអង្គការសុខភាពពិភពលោក (WHO)។ ក្នុងខែកុម្ភៈនេះ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានលើកឡើងថា WHO នឹងបន្តជំរុញការស្រាវជ្រាវរហូតទទួលបានចម្លើយពីប្រភពដើមនៃជំងឺកូវីដ-១៩​។
 
ចំណែកទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក Jake Sullivan នៅថ្ងៃទី២៦ ខែកុម្ភៈបានលើកឡើងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិកមានទស្សនៈផ្សេងៗគ្នាជុំវិញបញ្ហាប្រភពដើមជំងឺកូវីដ-១៩។ ក្រៅពីក្រសួងថាមពលអាម៉េរិក ទីភ្នាក់ងារស៊ើបការណ៍ផ្សេងទៀត សន្និដ្ឋានថាជំងឺកូវីដ-១៩ ទំនងជាកើតពីការចម្លងតាមធម្មជាតិ ខណៈខ្លះទៀតក៏មិនទាន់សម្រេចចិត្ត។
 
មួយថ្ងៃបន្ទាប់ពីចេញរបាយការណ៍សន្និដ្ឋាន ក្រសួងការបរទេសចិនបានបដិសេធ ហើយលើកឡើងផ្ទុយគ្នាដោយយោងទៅលើរបាយការណ៍របស់ WHO ដែលធ្លាប់ចង្អុលបង្ហាញពីប្រភពដើមនៃជំងឹកូវីដ-១៩ កើតឡើងពីធម្មជាតិ ដែលទំនងជាមកពីសត្វប្រចៀវ។ 
 
លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានស្នើឱ្យភាគីមួយចំនួនបញ្ឈប់ការនិទាន និងឈប់លាបពណ៌ចិនលើរឿងប្រភពដើមជំងឺកូវីដ-១៩ ដែលថាលេចធ្លាយចេញពីមន្ទីរពិសោធ ហើយប្រភពដើមនៃជំងឺកូវីដ-១៩ ទាក់ទងនឹងវិទ្យាសាស្ត្រ មិនគួរយកមកធ្វើនយោបាយឡើយ។ 
 
គួរបញ្ជាក់ថា ចិនតែងប្រតិកម្មខ្លាំងលើរឿងប្រភពដើមជំងឺកូវីដ-១៩ នេះ។ ជាក់ស្ដែង អូស្ត្រាលីត្រូវបានរងការរឹតត្បិតពាណិជ្ជកម្មមួយចំនួនដោយសារទាមទាររកប្រភពជំងឺកូវីដ-១៩ នៅចិន៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com