អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យ​ផ្លាស់ប្តូរគោលនយោបាយក្នុងវិស័យកសិកម្ម
28, Feb 2023 , 8:29 pm        
រូបភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃទី២៨ ខែកុម្ភៈបានរាយការណ៍ថា មេដឹកនាំកំពូលលោក ​គីម​ ជុងអ៊ុន បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលផ្លាស់ប្តូរជាមូលដ្ឋានគោលនយោបាយក្នុងវិស័យផលិតកម្មកសិកម្ម ខណៈព្រួយបារម្ភពីកង្វះស្បៀងអាហារក្នុងប្រទេស។



ក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈមជ្ឈិមបក្សពលករកូរ៉េលើកទី ៨ នៅថ្ងៃទី២៨ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើងលោក ​គីម​ ជុងអ៊ុន បានលើកឡើងថា ការឈានដល់គោលដៅផលិតកម្មគ្រាប់ធញ្ញជាតិនៅឆ្នាំនេះជាអាទិភាពចម្បងមួយរបស់ប្រទេស។ លោក គីម ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរក្សាស្ថិរភាពនៃផលិតកម្មកសិកម្មផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA)។ 
 
ក្នុងការរក្សាស្ថិរភាពនៃផលិតកម្មកសិកម្មក្នុងស្រុកនេះ លោក គីម បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលផ្លាស់ប្តូរជាមូលដ្ឋានគោលនយោបាយក្នុងវិស័យផលិតកម្មកសិកម្មនៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ យ៉ាងណាមិញ KCNA មិនបានបញ្ជាក់​លម្អិតពី​វិធានការ​ដែល​កូរ៉េ​ខាង​ជើង​នឹងធ្វើក្នុងការកែលម្អវិស័យកសិកម្មនេះឡើយ​។ នៅក្នុងសុន្ទរកថាដដែល លោក គីម ក៏បានលើកឡើងពីសារសំខាន់នៃកំណើននៃកម្លាំងផលិតភាពកសិកម្មក្នុងការធានាឱ្យមានការអភិវឌ្ឍប្រទេស។
 
ការលើកឡើងរបស់លោក គីម បានកើតឡើងស្របពេលមានរបាយការណ៍មួយស្តីពីការកើនឡើងនៃកង្វះស្បៀងអាហារនៅក្នុងប្រទេស ទោះបីជាកូរ៉េខាងជើងកន្លងមកបានបដិសេធជុំវិញកង្វះស្បៀងក្ដី។
 
បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង នៅដើមខែកុម្ភៈនេះ ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើងបានប្រែកាន់តែយ៉ាប់យ៉ឺនទៅ។ 
 
កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់កាន់តែយ៉ាប់យឺនបន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩។ ទំហំនៃការខ្វះខាតស្បៀងអាហាររបស់កូរ៉េខាងជើងនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែនៅក្នុងរបាយការណ៍ខែមករារបស់គម្រោង 38 North បានលើកឡើងថា អសន្តិសុខស្បៀងរបស់កូរ៉េខាងជើងគឺមានសភាពអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សដែលបានបំផ្លិចបំផ្លាញប្រទេសក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មក។ 
 
គម្រោង 38 North ជាកម្មវិធីរបស់មជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅអាម៉េរិកការធ្វើការផ្ដោតលើការវិភាគនិងស្រាវជ្រាវព្រឹត្តិការណ៍នៅក្នុង និងជុំវិញកូរ៉េខាងជើង៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com