អន្តរជាតិ
ចិនថាអាម៉េរិកហួសហេតុជុំវិញបញ្ហាសន្តិសុខជាតិ ក្រោយបញ្ជាលុបTikTok ចេញពីឧបករណ៍រដ្ឋាភិបាល
01, Mar 2023 , 9:59 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបភាព AFP និងក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបភាព AFP និងក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី២៨ ខែកុម្ភៈ បានប្រតិកម្មយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលអាម៉េរិកបានបញ្ជាឱ្យលុបកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលឱ្យអស់ក្នុងរយៈ៣០ថ្ងៃ។ ក្រសួងការបរទេសចិន បានចាត់ទុកចំណាត់ការរបស់អាម៉េរិក មានភាពហួសហេតុលើគំនិតសន្តិសុខជាតិ និងជាការបំពានអំណាចរដ្ឋ ក្នុងការបង្រ្កាបក្រុមហ៊ុនបរទេស។

 
រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី២៧ ខែកុម្ភៈ បានដាក់កំហិតរយៈពេល ៣០ថ្ងៃ ដើម្បីឱ្យទីភ្នាក់ងារសហព័ន្ធអាម៉េរិកទាំងអស់ លុបចោលកម្មវិធីកម្សាន្ត TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធ ក្រោយមានបញ្ជាហាមឃាត់ពីសភាអាម៉េរិក។ 
 
ក្រោយបទបញ្ជាខាងលើ ក្រសួងការបរទេសចិន បានប្រតិកម្មយ៉ាងខ្លាំង  និងជំទាស់ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលអាម៉េរិកមកលើកម្មវិធី TikTok។ 
 
«អាម៉េរិកមានភាពហួសហេតុលើគំនិតសន្តិសុខជាតិ និងបំពានអំណាចរដ្ឋក្នុងការបង្រ្កាបក្រុមហ៊ុនបរទេស»។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបបែបនេះទៅកាន់អ្នកសារព័ត៌មាន ជុំវិញសំណួរពាក់ព័ន្ធការការលុបចោលកម្មវិធី TikTok របស់រដ្ឋាភិបាលអាម៉េរិក នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែកុម្ភៈ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយស្មើភាព ហើយគួរតែបញ្ឈប់ការបង្រ្កាបលើក្រុមហ៊ុនបរទេស រួមទាំងផ្តល់បរិយាកាសល្អ និងគ្មានការរើសអើងចំពោះក្រុមហ៊ុនបរទេស។ 
 
តាមអនុស្សរណៈមួយចេញដោយលោកស្រី Shalanda Young ប្រធានការិយាល័យគ្រប់គ្រង និងថវិកា អាម៉េរិក បានប្រាប់ទីភ្នាក់ងាររដ្ឋាភិបាលលុបចោល និងហាមឃាត់មិនឱ្យដំឡើងកម្មវិធី TikTok នៅលើឧបករណ៍បច្ចេកវិទ្យា និងបិទចរាចរណ៍អ៊ីនធឺណិតនៃឧបករណ៍ទាំងនោះ ក្នុងការប្រើប្រាស់កម្មវិធី TikTok។ 
 
យ៉ាងណាមិញ ការហាមឃាត់នេះ មិនអនុវត្តចំពោះធុរកិច្ចនៅអាម៉េរិក ដែលមិនមានពាក់ព័ន្ធនឹងរដ្ឋាភិបាលសហព័ន្ធ ឬប្រជាជនអាម៉េរិកឡើយ។ 
 
ក្រៅពីអាម៉េរិក កាណាដា និងសហភាពអឺរ៉ុប ក៏បានចាត់វិធានការស្រដៀងគ្នានេះលើក្រុមហ៊ុន​ TikTok ផងដែរ។ រដ្ឋាភិបាលកាណាដា នៅថ្ងៃទី២៧ ខែកុម្ភៈ បានហាមឃាត់ការប្រើប្រាស់កម្មវិធីកម្សាន្តមួយនេះលើឧបករណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាលទាំងអស់ ក្រោមហេតុផលបារម្ភពីការទទួលបានសិទ្ធិរបស់ក្រុងប៉េកាំង​ក្នុងការទទួលបានទិន្នន័យលើអ្នកប្រើប្រាស់។ ស្របគ្នានេះ សហភាពអឺរ៉ុប ក៏បានរឹតត្បិតលើឧបករណ៍រដ្ឋាភិបាលខ្លួនដែរ ដោយសារបារម្ភពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ 
 
គួររំឭកថា ក្រុមហ៊ុន TikTok បានក្លាយជាគោលដៅនយោបាយមួយរបស់រដ្ឋាភិបាលអាម៉េរិក ដោយសារបារម្ភពីការយកទិន្នន័យពីអ្នកប្រើប្រាស់ដោយរដ្ឋាភិបាលចិន។ នៅខែកុម្ភៈកន្លងមក  ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានចុះហត្ថលេខាឱ្យប្រើច្បាប់មួយ ដែលហាមឃាត់ការដំឡើងកម្មវិធី TikTok លើឧបករណ៍របស់រដ្ឋាភិបាល។ ច្បាប់ដដែលនេះ ក៏បានហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីកម្សាន្តមួយនេះ នៅក្នុងសភាតំណាង និងព្រឹទ្ធសភាផង៕
 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com