អន្តរជាតិ
កូរ៉េខាងត្បូងថា កិច្ចសហការត្រីភាគីរវាងអាម៉េរិក និងជប៉ុន ពិតជាសំខាន់ជាងពេលណាទាំងអស់
01, Mar 2023 , 8:29 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១ ខែមីនា អះអាងថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងក្រុងសេអ៊ូល ក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ គឺពិតជាសំខាន់ជាងពេលណាទាំងអស់ ប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងវិបត្តិផ្សេងទៀត។

 
កូរ៉េខាងត្បូង នៅថ្ងៃទី១​ ខែមីនា បានបារព្ធខួបនៃចលនាទាមទារឯករាជ្យប្រឆាំងនឹងអាណានិគមជប៉ុនក្នុងឆ្នាំ១៩១៩។ ក្នុងសុន្ទរកថានោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន។ 
 
«កិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន មានភាពចាំបាច់បំផុតក្នុងការជម្នះវិបត្តិសន្តិសុខ រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរ និងវិបត្តិសកលផ្សេងទៀត»។ លោក យូន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រទេសទាំងបី ត្រូវតែស្វះស្វែងរកវិធីជម្នះវិបត្តិដែលប្រទេសទាំងបីកំពុងប្រឈមមុខ, ការគំរាមកំហែងនុយក្លេអ៊ែរ និងបរិយាកាសសន្តិសុខប្រកបដោយភាពធ្ងន់ធ្ងរ។ 
 
ត្រង់ចំណុចនេះ មេដឹកនាំកូរ៉េខាងត្បូង បានព្រមានថា ប្រសិនបើប្រទេសទាំងបី​ មិនយល់ពីការផ្លាស់ប្តូររបស់សកលលោក និងមិនបានត្រៀមទុកជាមុន នេះជាព័ស្តុតាងបង្ហាញថា រឿងរ៉ាវអតីតកាល នឹងកើតឡើងម្តងទៀត។ យ៉ាងណាមិញ លោក យូន មិនបានពន្យល់ពីចំណុចមួយនេះឱ្យបានច្បាស់លាស់ឡើយ។ 
 
ក្នុងសុន្ទរកថាដដែលនោះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបញ្ជាក់ ពីទំនាក់ទំនងដ៏ល្អជាមួយប្រទេសជិតខាងជប៉ុនផង។ បើតាមលោកយូន ជប៉ុន ដែលជាប្រទេសឈ្លានពាននៅក្នុងអតីតកាល បានក្លាយជាដៃគូមានតម្លៃសកលរួមជាមួយកូរ៉េខាងត្បូង។ ការអះអាងបែបនេះ ធ្វើឡើងក្រោយក្រសួងការពារជាតិកូរ៉េខាងត្បូង បានដាក់ចេញសៀវភៅសមួយ ដោយចាត់ទុកជប៉ុនជាប្រទេសជិតខាងដ៏ជិតស្និទ្ធ។ 
 
ទន្ទឹមនេះ លោក យូន បានអំពាវនាវឱ្យភាគីក្រុងតូក្យូសហការលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច រួមទាំងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលរួម។
 
ការអះអាងរបស់លោកយូនខាងលើ ធ្វើឡើងក្រោយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា មន្រ្តីរបស់ក្រុងវ៉ាស៊ីនតោន ក្រុងតូក្យូ និងក្រុងសេអ៊ូល បានជួបជុំគ្នាលើកិច្ចពិភាក្សាសន្តិសុខសេដ្ឋកិច្ចលើកដំបូង ស្របពេលមានកិច្ចខិតខំក្នុងការពង្រឹងច្រវាក់ផលិតកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យា។ 
 
គួររំឭកថា នៅក្នុងខែកុម្ភៈកន្លងមក កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុនបានធ្វើសមយុទ្ធការពារមីស៊ីលត្រីភាគី នៅដែនសមុទ្រអន្តរជាតិនៅសមុទ្រខាងកើត ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង៕ 
 

Tag:
 អាម៉េរិក
  ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com